ហ៊ុន សែន បញ្ជា​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន និង​ឲ្យ​ចាប់​អ្នកណា​ហ៊ាន​ប្រឆាំង

ក្រៅពីការបង្គាប់បញ្ជា ឲ្យបន្តបោះបង្គោលព្រំដែន និងឲ្យចាប់ខ្លួននរណាក៏ដោយ ដែលហ៊ានប្រឆាំងនោះ លោក ហ៊ុន សែន ថែមទាំងបានបង្ហាញ នូវឯកសារជាភស្តុតាង និងជាទឡ្ហីករណ៍ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា រួម​ទាំង​ផែន​ទី«ផ្លូវការ» របស់រដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែន កម្ពុជា​-វៀតណាម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានខ្លាំងៗ ឲ្យចាត់វិធានការ«តាមច្បាប់» ទៅកាន់បុគ្គលណា ឬក្រុមណាក៏ដោយ ដែលនៅតែបន្តចោទរដ្ឋាភិបាល របស់លោក ថាបានប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទី​ចោរ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ នៅកម្ពុជា បានបង្គាប់ ទៅគ្រប់មន្ត្រីមានសមត្ថកិច្ច​ទាំង​អស់ ឲ្យធ្វើការចាប់ខ្លួនជននោះ ឬក្រុមនោះភ្លាមៗ នៅនឹងកន្លែង ដោយគ្មានការលើកលែងឡើយ ទោះជន​ឬ​ក្រុមនោះ លើកឡើងថា រដ្ឋាភិបាលកំពុងរំលោភសិទ្ធិ នៃការបញ្ចេញមតិ ឬសិទ្ធិក្នុងការចូលរួម ធ្វើនយោបាយ​នោះក៏ដោយ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ចាប់ខ្លួនអ្នកណាក៏ដោយ ដែលហ៊ាននិយាយថា រដ្ឋាភិបាល ប្រើ​ប្រាស់​ផែនទីក្លែងក្លាយ។ បើទុកសភាពការណ៍ដូច្នេះ នឹងមានសង្គ្រាមកើតឡើង។ (...) បើខុស ពីគណបក្ស​ប្រជាជន​កម្ពុជាដឹកនាំនោះ ប្រទេសនឹងមានសង្គ្រាម។ ដូច្នេះខ្ញុំសូមបញ្ជាក់ថា មិនអត់មានឲ្យនរណាមួយ ហ៊ានប្រើ​ពាក្យ​ថាផែនទីក្លែងក្លាយ ផែនទីចោរ គឺមិនលើកលែងទេ។ មន្ត្រីអនុវត្តច្បាប់ ត្រូវចាប់នៅនឹងកន្លែង ព្រោះអ្នកឯង​បំពាន​ច្បាប់។»

នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអះអាងថា រដ្ឋាភិបាលរបស់លោកសព្វថ្ងៃ កំពុងប្រើប្រាស់ ផែនទីផ្លូវការរបស់ខ្លួន ក្នុងការកំណត់បោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ជាផែនទីបោនខ្នាត១ លើ១០០ពាន់ ហើយលោក ហ៊ុន សែន បានបង្គាប់ឲ្យមន្រ្តី ជំនាញខាងព្រំដែន បន្តចរចា និងបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម ដោយមិនបង្អង់រង់ចាំអ្វីទៀតឡើយ។ លោកថាផែនទីនេះ ជាផែនទីស្របច្បាប់ពេញលេញ ទាំងច្បាប់ជាតិ និង​ទាំងច្បាប់អន្តរជាតិ។ រីឯការចោទប្រកាន់ លើរដ្ឋាភិបាលកម្ពុជា ថាបានប្រើផែនទីក្លែងក្លាយ ឬផែនទីមិន​ត្រឹម​ត្រូវ ឬរហូតដល់ការប្រើពាក្យថា ផែនទីចោរ គឺជាការមួលបង្កាច់ គ្មានមូលដ្ឋាន មកលើរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ខាងលើនេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី៨ ខែកញ្ញានេះ តាមកញ្ចក់​ទូរទស្សន៍ជាតិ នៅមុន​មួយ​ថ្ងៃ នៃ​គម្រោងវិលត្រឡប់ មកប្រទេសកម្ពុជាវិញ របស់លោក គឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ និង​ជា​អនុប្រធានទីមួយ នៃរដ្ឋសភា បន្ទាប់ពីការចាកចេញទៅក្រៅប្រទេស ដែលមាន​រយៈពេលវែងមួយ។ លោក ហ៊ុន សែន បានលើកជាសំនួបន្តថា តើបុគ្គល ឬក្រុមអ្នករិះគន់រដ្ឋាភិបាល រួមទាំង​មន្រ្តី​ជាន់​ខ្ពស់ នៃគណបក្ស​សង្គ្រោះជាតិទាំងនោះ ហ៊ានទទួលខុសត្រូវបែបណា ចំពោះមុខប្រវត្តិសាស្ត្រ នូវ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន មក​លើ​រដ្ឋាភិបាល?

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ពីការថ្លែងរបស់លោក ហ៊ុន សែន នាំបាននៅឡើយ ដោយទូរស័ព្ទ មិនអាចភ្ជាប់​ទំនាក់ទំនង​បាន។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់មួយរូប នៃគណបក្សសង្គ្រោះជាតិ បានថ្លែងឡើង ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​ថា លោក ហ៊ុន សែន ហ៊ាននិយាយបែបនេះ តែនៅក្រោយលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទី ដែលបារាំង​យក​មក​នោះ (ដែលថា ត្រូវគ្នា ឬដូចគ្នា) ប៉ុណ្ណោះ។ ឬមានន័យម្យ៉ាងទៀតថា «អាប៉ោងបើកគ្របហើយ ទើបលោក (នាយក​រដ្ឋមន្រ្តី) ហ៊ានចាក់។ តើភាគរយប៉ុន្មាន ដែលអាចនឹងគិតថាខុសនោះ?» នេះបើតាមមន្ត្រីដដែល​នោះ។

កន្លងមក លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានសរសេរ ក្នុងទំព័រហ្វេសប៊ុក​របស់លោកថា លោកធ្លាប់បានស្នើ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញផែនទី UTM ខ្នាត ១ លើ ៥០ ពាន់ ចំនួន៤០ផ្ទាំង អមសន្ធិសញាឆ្នាំ១៩៨៥ (រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ដែល​វៀតណាម​បន្ដុបឡើង) ដោយសាររដ្ឋាភិបាលកម្ពុជា បានប្រើផែនទីទាំង ៤០ផ្ទាំងនោះ ដើម្បីបោះបង្គោល​ដែរ។ រីឯ​ផែនទី ខ្នាត១ លើ១០០ពាន់ (ដែលជាផែនទីយកជាបានការ) គ្រាន់តែប្រើអម ទៅនឹងផែនទី នៃសន្ធិសញ្ញា​ឆ្នាំ១៩៨៥​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...