សួន សេរីរដ្ឋា ថាបើ CPP ចាញ់ឆ្នោត មានឬគ្មាន«សង្គ្រាម» អាស្រ័យលើទឹកចិត្តកងទ័ព
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 12, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមវាមិនអាចកើតមានបានឡើយ បើទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ។ ហើយវាមាន ឬគ្មានសង្គ្រាម វាអាស្រ័យលើកងទ័ព មិនអាស្រ័យលើអ្នកនយោបាយនោះទេ។ នេះជាការអះអាង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកសារព័ត៌មាន។
ប្រធានគណបក្ស ដែលទើបបង្កើតថ្មី បានអះអាងថា កងទ័ពទាំងអស់ ដែលជាកូនចៅរបស់ខ្មែរបច្ចុប្បន្ននេះ មិនចង់ធ្វើសឹក បង្ហូឈាម និងបង្កជាសង្គ្រាមនោះទេ។ ប៉ុន្តែសង្គ្រាមអាចកើតឡើង ប្រសិនបើក្រុមមួយ ដែលលោក សេរីរដ្ឋា បានហៅថា «អ្នកល្មោភអំណាចនៅកម្ពុជា» ដែលខ្លាចបាត់បង់បុណ្យស័ក្តរបស់ខ្លួន បូករួមនឹងការបង្ហាញភាពស្មោះត្រង់ នឹងមេរបស់ខ្លួននោះ មុខជាត្រូវបង្ខំឲ្យកងទ័ព ដែលមានក្នុងដៃរបស់ខ្លួន ឲ្យធ្វើអ្វីមួយ តាមអ្វីដែលខ្លួនត្រូវការ និងចង់បាន។
លោកនៅតែអះអាងបន្ថែមថា អ្នកនយោបាយណាឈ្នះឆ្នោតក៏ដោយ នៅកម្ពុជា វាក៏នឹងគ្នានសង្គ្រាមនោះដែរ បើពលរដ្ឋ កងទ័ព និងអ្នកនយោបាយនោះ ក្លាហានប្រឆាំងអំណាចផ្តាច់ការ និងទទួលស្គាល់ នូវលទ្ធផលនៃការបោះឆ្នោត។ លោកបញ្ជាក់ថា៖ «យ៉ាងណាខ្ញុំយល់ឃើញថា បើអ្នកនយោបាយ មានភាពក្លាហានគ្រប់គ្រាន់ បើម្បីប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ប្រឆាំងនឹងរបបផ្តាច់ការ ហើយហ៊ានតស៊ូគ្រប់បែបយ៉ាង ដោយឈរនៅជួរមុខនៃសមរភូមិ នយោបាយ ទាំងកងទ័ព ទាំងពលរដ្ឋ ទាំងបញ្ញាវ័ន្ត ទាំងយុវជន គេនឹងជួយអ្នកនោះ ហើយវានឹងអត់មានសង្គ្រាមកើតឡើងទេ។»
មិនអាចទាក់ទង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីបកស្រាយ ទៅនឹងការអះអាងរបស់លោក សួន សេរីរដ្ឋា ខាងលើនេះបានទេ នៅពេលនេះ។ ក្នុងពេលកន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សន តែងតែផ្ញើរសារនយោបាយ ជារឿយៗថា កម្ពុជានឹងធ្លាក់ចូល ទៅក្នុងសង្គ្រាមរាំងជល់ជាថ្មីទៀត បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
លោកសួន សេរីរដ្ឋា បានលើកសំដីរបស់លោកនាយករដ្ឋមន្រ្តី ដែលធ្លាប់លើឡើងដូច្នេះថា «បើលេងកុំខឹង បើខឹងកុំលែង»។ អញ្ចឹងហើយ ទើបលោក រដ្ឋា ស្នើទៅអ្នកនយោបាយទាំងអស់ រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ផងថា៖ «បើចាញ់កុំខឹង បើខឹង កុំប្រលូកក្នុងនយោបាយ»។ (...) កុំគម្រាមអ្វីៗ ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងសន្តិសុខអារម្មណ៍របស់ពលរដ្ឋ... ដែលមេដឹកនាំ ដែលអ្នកនយោបាយ ដែលរដ្ឋាភិបាលនេះ កំពុងតែបន្លាចពលរដ្ឋខ្លួនឯង។»
» សូមស្តាប់ការបកស្រាយ របស់លោក សួន សេរីរដ្ឋា ដូចខាងក្រោម៖