សួន សេរីរដ្ឋា៖ អ្នកជំពាក់គុណយួន មានតែបនអាយ៉ងយួន
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៦ មករា ២០១៧
- កែប្រែចុងក្រោយ: January 06, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមប៉ាកា ជុំវិញ «គុណូបការៈរបស់យួន ក្នុងថ្ងៃ៧ មករា ១៩៧៩» នៅតែមានបន្ត រកភាពដាច់ស្រេចមិនឃើញ។ ថ្ងៃ៧មករានេះ ត្រូវបានក្រុមខ្មែរមួយផ្នែក ចាត់ទុកថា ជា«ការផ្ដល់ជីវិតទីពីរ» មកកម្ពុជា ខណៈក្រុមខ្មែរមួយទៀត និយាយថា ជា«នយោបាយម៉ឺនឆ្នាំ ក្នុងការឈ្លានពានកម្ពុជា» ពីសំណាក់«បនយួនកុម្មុយនីស»។ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏ស្ថិតក្នុងចំណោមក្រុមខ្មែរទីពីរ ដែលនិយាយអះអាង ប្រហាក់ប្រហែលគ្នាដែរថា «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន»ទេ ដែលផ្ទុយគ្នាស្រឡះ ពីក្រុម«បនអាយ៉ងយួន» ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃជានិមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃការធ្វើសង្គ្រាម ឈ្នះលើរបបខ្មែរក្រហមប៉ុណ្ណោះ ដែល«ជំពាក់គុណយួន»។
សរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ប្រធានគណបក្សអំណាចខ្មែរ បានរំលឹកមកវិញថា៖ «៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ និងផ្តាច់មុខរបស់យួន បន្ទាប់ពីថ្ងៃ ១៧ មេសា ១៩៧៥ ដែលជាថ្ងៃជ័យជំនះរួមគ្នា របស់យួន និងចិន ដែលយួន និងចិន ជាអ្នកជ្រោមជ្រែង ខ្មែរក្រហមឲ្យឡើងកាន់អំណាច»។
លោក រដ្ឋា បានបន្តថា៖ «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន និងចិនទេ! គឺមានតែពួកបនអាយ៉ងយួន ដែលយួន នាំយកមកបន្តុប ឲ្យកាន់អំណាចនៅក្រោយថ្ងៃ ៧ មករា ១៩៧៩ តែប៉ុណ្ណោះ ដែលជំពាក់គុណយួន ពីព្រោះយួន នៃរដ្ឋាភិបាលក្រុងហាណូយ ជាអ្នកជួយពួកគេ និង លើកបន្តុបពួកគេឲ្យបានកាន់អំណាច។»។
ផ្ទុយមកវិញ លោក សួន សេរីរដ្ឋា បានលើកមកនិយាយ បកមកវិញថា តាមពិតទៅ គឺយួនទេ ដែលត្រូវជំពាក់គុណខ្មែរ និងមិនអាចសងខ្មែរវិញរួចនៅឡើយ។ លោក សរសេរថា៖ «កាលពីសម័យដែលយួន ធ្វើសង្គ្រាមជាមួយអាមេរិកាំង កាលនោះ យួនបានលើកទ័ព ចូលមកប្រើទឹកដីខ្មែរ ប្រើប្រាស់ទឹកដីខ្មែរ ធ្វើសង្គ្រាមជាមួយនឹងអាមេរិកាំង ហើយកងទ័ពយួនទាំងនោះ ស៊ីបាយម្ហូបរបស់ខ្មែរ ជុះអាចម៍ចោលលើដីខ្មែរ របួសបានថ្នាំពេទ្យពីខ្មែរ យកទៅព្យាបាល និងព្រមទាំងបានគៀង ប្រមូលយកពលរដ្ឋខ្មែរ ទៅធ្វើជាចំណាត់ខ្មាំង ឲ្យបាំងមុខសមរភូមិប្រយុទ្ធ ពាំងគ្រប់ និងរងគ្រាប់បែកគ្រាប់រំសេវ ស្លាប់ជិត ១ លាននាក់ថែមទៀត»។
ប្រធានគណបក្សអំណាចខ្មែរ បានថ្លែងរៀបរាប់ទៀតថា៖ «ក្រោយថ្ងៃ ៧ មករា ១៩៧៩ ពេលដែលយួន វាយលុកចូលប្រទេសខ្មែរ ក្រោមលេសសង្គ្រោះ (កម្ពុជា) នោះ រដ្ឋាភិបាលយួន ក្រុងហាណូយ បានប្លន់យកទ្រព្យសម្បត្តិខ្មែរ ដូចជា មាស ពេជ្រ ស្រូវ អង្ករ ដែកដឹង លោកហៈធាតុ និងវត្ថុបុរាណជាច្រើន ពីប្រទេសខ្មែរ យកទៅលក់យកលុយ ទិញស្បៀងចិញ្ចឹម ជនជាតិយួន រាប់សិបលាននាក់ ដែលអត់បាយ។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនយោធា យួន នៅតែបន្តឈ្លានពាន និងប្លន់ទ្រព្យសម្បត្តិខ្មែរ ក្រោមរូបភាព វិនិយោគ ៩៩ ឆ្នាំ ដែលបានកាប់ឈើ ជីករ៉ៃ និងគ្រប់គ្រងយកដីខ្មែរ រាប់លានហិចតា យកផលទៅចិញ្ចឹមជនជាតិយួន ដដែល។»។
ថ្ងៃ«៧ មករា ១៩៧៩ គ្មានអ្វីដែលត្រូវឲ្យពលរដ្ឋខ្មែរ គោរព រំលឹក និង ដឹងគុណទេ តែវាជាថ្ងៃឈឺចាប់ ដែលពលរដ្ឋខ្មែរ ត្រូវបានពួកចោរយួន សហការណ៍ ជាមួយពួកចោរចិន ចូលមកដុតផ្ទះ (ខ្មែរ) បានសម្រេច កាលពីថ្ងៃ ១៧ មេសា ១៩៧៥ រួចហើយ ទើបយួន ធ្វើជាចេញមុខ មកជួយពន្លត់ភ្លើង នៅថ្ងៃ ៧ មករា ១៩៧៩នេះ តែគឺដើម្បីលួចប្លន់យកទ្រព្យសម្បត្តិ ពីក្នុងផ្ទះខ្មែរ ដែលសេសសល់ ក្រោយពីភ្លើងឆេះនោះ យកទៅស្រុកយួន ចិញ្ចឹមជាតិយួន» នេះ បើតាមការសរុបសេចក្ដី នៅចុងបញ្ចប់នៃសំណេរ របស់លោក សួន សេរីរដ្ឋា៕