អ្នកវិភាគ៖ ការ​បង្រ្កាប​មិន​មែន​ជា​ការ​ដោះស្រាយ​ដល់​«ឬស​គល់»​នៃ​បញ្ហា​ទេ

ការទម្លាយភាពស្ងៀមស្ងាត់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីក្រោយការបោះឆ្នោត តាមរយៈការបង្ហាញ​គោលជំហបដិសេធថា នឹងមិនចុះចេញពីដំណែង ហើយក៏មិនឯកភាពឲ្យមានការបោះឆ្នោតសារឡើងវិញ និងបាន​ព្រមានពីការប្រើ«បាតដៃទី៣» បានញ៉ាំងឲ្យមជ្ឈដ្ឋានមួយចំនួនសម្តែងការខកចិត្ត រីឯអ្នកវិភាគនយោបាយ​ឯករាជ្យ​ចាត់ទុក ការសម្រេចរបស់លោក ហ៊ុន សែន ថាមិនមែនជាការដោះស្រាយ ដល់ឬសគល់នៃបញ្ហា និងក៏មិនមែនជា ដំណោះស្រាយនយោបាយ​ប្រកប​ដោយនិរន្តរភាពដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការទម្លាយភាពស្ងៀមស្ងាត់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីក្រោយការបោះឆ្នោត តាមរយៈការបង្ហាញ​គោលជំហបដិសេធថា នឹងមិនចុះចេញពីដំណែង ហើយក៏មិនឯកភាពឲ្យមានការបោះឆ្នោតសារឡើងវិញ និងបាន​ព្រមានពីការប្រើ«បាតដៃទី៣» បានញ៉ាំងឲ្យមជ្ឈដ្ឋានមួយចំនួនសម្តែងការខកចិត្ត រីឯអ្នកវិភាគនយោបាយ​ឯករាជ្យ​ចាត់ទុក ការសម្រេចរបស់លោក ហ៊ុន សែន ថាមិនមែនជាការដោះស្រាយ ដល់ឬសគល់នៃបញ្ហា និងក៏មិនមែនជា ដំណោះស្រាយនយោបាយ​ប្រកប​ដោយនិរន្តរភាពដែរ។


ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ លើប្រធានបទ «តើការទាមទារ ឲ្យបញ្ចប់តំណែង​នាយករដ្ឋមន្ត្រីមុនអាណត្តិ ស្របច្បាប់ដែរឬទេ?» លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នក​វិភាគនយោបាយឯករាជ្យបានលើកឡើងថា ការដឹកនាំប្រទេសបានត្រឹមត្រូវ និងអាចធានាបានពី​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍន៍ មេដឹកនាំចាំបាច់ត្រូវស្គាល់ឬសគល់នៃបញ្ហា ឲ្យបានច្បាស់។ ហើយត្រូវដោះស្រាយបញ្ហាទាំងនោះ ឲ្យដល់​ឬសគល់របស់វា បើមិនដូច្នោះ បញ្ហាទាំងនោះមិនអាចបញ្ចប់ទេ បើទោះជាមានការបង្រ្កាបដោយហិង្សា​ក៏​ដោយ។

អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «ការគម្រាមកំហែង ការឃាឃាំង ចង់បញ្ឈប់ដំណាក់កាលណាមួយ មិនអាចទៅរួចទេ (...)។ ជារួមអ្នកដឹកនាំប្រទេសត្រូវមើលឲ្យឃើញឬសគល់នៃបញ្ហា។ បញ្ហាអ្វី? គេត្រូវទៅដោះស្រាយ​ឲ្យដល់ឬស​គល់នៃបញ្ហា ឧទាហរណ៍ នៅពេលកូនងែតយំ គឺដោយសារឃ្លានឬស្រមោចខាំ អញ្ចឹងយើងរកមើលស្រមោច បេះ​វាចេញ ឬយកទឹកដោះគោឲ្យកូនងែតញាំ អាហ្នឹងបានក្មេងបាត់យំ។ ក៏បុន្តែនៅពេលក្មេងយំ យើងចង់យកកាំភ្លើង យកតំបង ឬយើងទះកំភ្លៀងឲ្យបាត់យំ បាត់យំឬទេ? គឺមិនបាត់យំទេ។ ផ្ទុយទៅវិញកន្លងមកបាតុកម្ម​សហជីពមាន​ច្រើន ការបង្រ្កាបក៏មានច្រើន តែបាតុកម្មមិនថយចុះទេ មានតែកើនឡើង ព្រោះការទាមទាររបស់ពួកគេមិន​ទាន់ត្រូវ​បានដោះស្រាយ។»

ចំពោះដំណោះស្រាយបញ្ហាជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ ត្រូវបានលោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (ADHOC) ដែលបានចូលរួមក្នុងកម្មវិធីដដែលនេះ ពន្យល់ថា គណបក្ស​ប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល នឹងត្រូវថ្កោលទោស និងការមិនទទួលស្គាល់ពីភាពស្របច្បាប់ ពីសហគមជាតិ និងអន្តរជាតិ ប្រសិនបើមានការបង្រ្កាបដោយហិង្សា ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករបួស។ រីឯគណបក្ស​សង្រ្គោះជាតិ បើទោះជាមានអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចឡើងទៅគ្រប់គ្រងប្រទេស តាមរយៈ​អំណាចប្រជាពលរដ្ឋ ដោយរំលងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យបានដែរ ព្រោះសហគមអន្តរជាតិ​មិនអាច​ទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលរបៀបនេះបានទេ។

ដូច្នេះដំណោះស្រាយល្អបំផុតសម្រាប់ គណបក្សទាំងពីរ ក៏ដូចជាការធានានិរន្តរភាពរបស់ប្រទេស និងជាការ​ទម្លាយ​ភាពជាប់គាំងនយោបាយនៅក្នុងកាលៈទេសៈបច្ចុប្បន្ន គឺមានតែការបោះឆ្នោតឡើងវិញ ក្រោយការកែទម្រង់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។ ហើយកន្លងមក តាមរយៈការចរចារបស់​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញថាពួកគេមានចំណុចរួមគ្នា ដើម្បីទម្លាយភាពជាប់គាំង​នយោបាយ គឺការបញ្ជៀសអំពើហិង្សា និង ការកែទម្រង់(គ.ជ.ប)។

សួមរម្លឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ លើសពីការបញ្ជាក់ថា លោកនឹងមិនចុះ​ចេញពីដំណែង ហើយក៏មិនយល់ស្របឲ្យមានការបោះឆ្នោសារឡើងវិញ ព្រោះសំអាងលើរដ្ឋធម្មនុញ្ញនោះ។ បាន​បន្ថែមសារនយោបាយទៅកាន់ក្រុមបាតុករ និងគណបក្សសង្រ្គោះជាតិថា បើពួកគេ (គណបក្សសង្រ្គោះជាតិ និង​ក្រុមបាតុករ) នៅបន្តធ្វើបាតុកម្ម និងមានបំណងបិទផ្លូវសាធារណៈ និងការចូលគ្រប់គ្រងស្ថាប័នរដ្ឋមែននោះ ត្រូវ​ប្រុងប្រយ័ត្នចំពោះ«បាតដៃទី៣»៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...