លុចស៊ី ម៉ាក ជាប់​ជា​បវរកញ្ញា​​នៃ​សហគមន៍​ខ្មែរ​២០១៤​នៅ​បារាំង (vdo)

ម្កុដពេជ្របវរកញ្ញា​នៃសហគមន៍ខ្មែរ ប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ ត្រូវបានប្រគល់ទៅឲ្យកញ្ញាដ៏ស្រស់ប្រិមប្រិយ៍​ម្នាក់ឈ្មោះ លុចស៊ី ម៉ៅ (Lucie Moa) អាយុ១៨ឆ្នាំ។ នាងលុចស៊ី ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញាខ្មែរនេះ កាលពី​ម៉ោងប្រមាណជា០១ យប់រំលងកណ្ដាលអាធ្រាត នៃថ្ងៃសៅរ៍ចូលមកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធាន​ក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាឱសថការីមួយរូបអ្នកស្រី ឃុន វ៉ារី នៅក្នុងរាត្រីស្រមោលសរ​ជ្រើសរើសបវរ​កញ្ញា ធ្វើនៅ​ទីក្រុងប៊ូស៊ី ស៊ាំងហ្សក (Bussy St Georges) ជាយរដ្ឋធានីប៉ារីស។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្កុដពេជ្របវរកញ្ញា​នៃសហគមន៍ខ្មែរ ប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ ត្រូវបានប្រគល់ ទៅឲ្យកញ្ញាដ៏ស្រស់ប្រិមប្រិយ៍​ម្នាក់ឈ្មោះ លុចស៊ី ម៉ាក (Lucie MAK) អាយុ១៨ឆ្នាំ។ នាងលុចស៊ី ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញាខ្មែរនេះ កាលពី​ម៉ោងប្រមាណជា០១ យប់រំលងកណ្ដាលអាធ្រាត នៃថ្ងៃសៅរ៍ចូលមកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធាន​ក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាឱសថការីមួយរូបអ្នកស្រី ឃុន វ៉ារី នៅក្នុងរាត្រីស្រមោលសរ​ជ្រើសរើសបវរ​កញ្ញា ធ្វើនៅ​ទីក្រុងប៊ូស៊ី ស៊ាំងហ្សក (Bussy St Georges) ជាយរដ្ឋធានីប៉ារីស។


នាង លុចស៊ី ម៉ាក អាយុ១៨ឆ្នាំ ជាប់ជាបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត Sopheak)

រាជនីសម្ផស្ស - «នាងខ្ញុំ កំពុងមានអារម្មណ៍រភើបខ្លាំងនៅឡើយ» នេះជាឃ្លាដំបូង របស់នាងលុចស៊ី ពេលឆ្លើយ​តប​ទៅនឹងសំនួររបស់ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បន្ទាប់ពីនាងបានជាប់ ជាបវរកញ្ញាខ្មែរប្រចាំ​ប្រទេសបារាំង​ឆ្នាំ២០១៤ភ្លាម។ នាងបានបន្តទៀតថា «នាងខ្ញុំរីករាយខ្លាំងណាស់ ដែលបានក្លាយខ្លួនជាតំណាងមួយរូប ឲ្យ​ប្រទេស​នៃ"ភាពញញឹម" ព្រោះម្ដាយឪពុកនាងខ្ញុំច្បាស់ជាមានមោទនភាពយ៉ាងខ្លាំង នឹងរូបនាងខ្ញុំ។ ក្លាយខ្លួនជាបវរកញ្ញា ជាក្ដីសុបិន្តតាំងពីកុមារភាព។»

និស្សិតឯកទេសខាងសង្គមកិច្ច អាយុ១៨ឆ្នាំ នាង លុចស៊ី ម៉ាក កើតនៅក្នុងគ្រួសារដែលមាន​ឪពុកម្ដាយមានដើម​កំណើត​ខ្មែរ នៅក្នុងប្រទេសបារាំង។ នាងបានថ្លែងថា នាងមានមោទនភាពណាស់ ដោយសារតែនាង​បាន​ទទួល​ការផ្ដល់មកឲ្យនាង នូវអ្វីៗដែលប្រទេសកម្ពុជាមាន ក្នុងនោះដូចជា ប្រវត្តិសាស្ត្រ វប្បធម៌ ឬម្ហូបចំណីរ​នោះ​ជាដើម។ នាងនិយាយថា «សម្លម្ជូរ និងសម្លគិរី ជាសម្លដែលនាងខ្ញុំចូលចិត្ត»។

ទោះបីជានាងកើតនៅក្នុង និងបានរស់នៅក្នុងប្រទេសបារាំង ដែលឃើញមានតែទំនៀមទំលាប់និងអរិយធម៌ តាម​បែបបស្ចិមលោកនោះក៏ដោយ តែ កញ្ញា លុចស៊ី នៅតែមិនបានភ្លេច«អ្វី»ដែលជាដើមកំណើតរបស់នាងនោះឡើយ ជាពិសេស វប្បធម៌ និងភាពសម្បូរបែបនៃប្រទេសកម្ពុជា។ នាងនិយាយថា សឹងតែជាទម្លាប់ទៅហើយ ដែលនាង​បានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ នៅមណ្ឌលវត្តវ៉ាំងសែន (Vincennes) ជាប់នឹង​រដ្ឋធានីប៉ារីស។ ជាមួយនឹងវង់ភ័ក្រដែលមានលក្ខណៈជាខ្មែរផង នាង លុចស៊ី នៅតែអាចស្ដាប់ និងនិយាយ​ភាសា​ខ្មែរ​បានយ៉ាងល្អ​ប្រសើរ។ នាងបានថ្លែងឲ្យដឹងទៀតថា «នាងខ្ញុំបានរៀនភាសាកំណើតនេះ ជាមួយនឹង​គ្រួសារ​របស់ខ្ញុំ ហើយខ្ញុំ​តែង​និយាយវាជារឿយៗ។​ នាងខ្ញុំចូលចិត្តមើលភាពយន្ដ និងស្ដាប់ចម្រៀងខ្មែរ។»

តបនឹងសំនួរសួរថា តើនាងមានគម្រោងអ្វីទៅថ្ងៃអានាគតនោះ នាងលុចស៊ី បានញញឹមឆ្លើយថា «ច្បាស់ណាស់ នាងខ្ញុំនឹងចូលរួមជាមួយសមាគមនានា ក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់កុមារកំព្រាកម្ពុជា ដល់ជីវភាព​ប្រចាំ​ថ្ងៃ​និងតម្រូវការផ្សេងៗ ក្នុងជីវិតរបស់ពួកគេ។ នាងខ្ញុំពិបាកចិត្តណាស់ នៅពេលបានយល់​ពីសភាព"កំព្រា"​របស់​ពួកគេ។» នាងនិយាយជាភាសាខ្មែរថា «ខ្ញុំអាណិត ហើយខ្ញុំចង់ជួយពួកគាត់ណាស់»។

ប៉ុន្តែយ៉ាងណាក៏ដោយ នាងលុចស៊ី បានសម្ដែងការសោកស្តាយថា នាងនៅមិនទាន់មាន​ឱកាសត្រឡប់​ទៅស្រុក​ខ្មែរវិញនៅឡើយ ដោយសារតែនាងនៅជាប់រៀន។ គម្រោងដែលនាងមានជាប់នៅក្នុងចិត្ត បានកំណត់ឲ្យ​នាង​មាន​គម្រោងថា នាងត្រូវតែត្រឡប់ទៅកាន់ប្រទេសឬសគល់ដើមរបស់នាង និងជាដើមកំណើតរបស់​ឪពុកម្ដាយ​នាង​វិញ។ ប៉ុន្តែនាងបានថ្លែងជាភាសាខ្មែរ ពីការជាប់ជំពាក់លក្ខខ័ណ្ឌក្នុងបេះដូងនាងថា «ចាំរៀនចប់សិន យ៉ាងហោច​ណាស់ ក៏ចាំដល់ពេលប្រឡងចប់សិនដែរ។»

វីដេអូនៃព្រឹត្តិការណ៍នេះ នឹងដាក់ផ្សាយជាបន្តបន្ទាប់ នៅលើទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។ នៅពេលនេះ សូម​អញ្ជើញ​ទស្សនារូបភាពមួយចំនួន ពីការប្រលងបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ នេះដូចតទៅ៖

(រូបថត Sopheak)

វីដេអូ ៖

------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...