បាតុកម្មរីកធំបន្ទាប់ពី ហ៊ុន សែន និងគ.ជ.ប បដិសេធការបោះឆ្នោតឡើងវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនៅចុងសប្ដាហ៍នេះ ថាគណៈកម្មាធិការនេះ នឹង«មិន»រៀបចំការបោះឆ្នោត តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនោះទេ ខណៈរលកបាតុកម្មរៀបចំឡើងដោយគណបក្សប្រឆាំងមួយនេះ បានកើតឡើងយ៉ាងខ្លាំងក្លា។ ការបដិសេធរបស់ គ.ជ.ប. និងលោក ហ៊ុន សែន បន្តបន្ទាប់គ្នានេះ បានបង្កឲ្យមានការអំពាវនាវទ្វេដង ឲ្យមានបាតុកម្មជាទូទៅ និងទំហំធំមួយនៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលសព្វថ្ងៃ ដែលចេញមកពីរដ្ឋសភា«ឯកបក្ស» នៃគណបក្សប្រជាជនកម្ពុជា។
ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ មើលទីលើវេទិកា នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - កាលពីថ្ងៃសៅរ៍ទី២១ខែធ្នូឆ្នាំ២០១៣នេះ អ្នកនាំពាក្យនិងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងថា ច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានបញ្ជាក់តែពីនិតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តែមិនបានថ្លែងពីការរៀបចំឡើងវិញ នៃការបោះឆ្នោតនោះទេ។ ការរៀបចំការបោះឆ្នោតឡើងវិញ អាចប្រព្រឹត្តិទៅបាន នៅក្នុងលក្ខខ័ណ្ឌតែមួយគត់ នោះគឺ «បន្ទាប់ពីសភាតំណាងរាស្ត្រត្រូវបានរំលាយ ដែលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មិនទាន់ធ្លាប់ជួបប្រទះបញ្ហានេះនៅឡើយ»។
លោកទេព នីថា បានបញ្ជាក់ទៀតថា «ដូច្នេះ គ្មានការបោះឆ្នោតសារឡើងវិញ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ» នោះទេ។
សេចក្ដីប្រកាសជាផ្លូវការរបស់ គ.ជ.ប. បានធ្វើឡើងនៅក្រោយតែបន្តិចតែប៉ុណ្ណោះ សេចក្ដីថ្លែងរបស់បុរសខ្លាំងនៃប្រទេសកម្ពុជា លោក ហ៊ុន សែន ដែលបានកាន់អំណាច និងនៅអង្គុយលើកៅអីជានាយករដ្ឋមន្ត្រី តាំងពីជិត៣០ឆ្នាំមកហើយ។ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងមកនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភាជាតិថា ប្រទេសកម្ពុជា មិនមានច្បាប់សម្រាប់រៀបចំ ការបោះឆ្នោតឡើងវិញនោះទេ។ ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ដែលជ្រើសតាំងដោយរដ្ឋសភាឯកបក្សចេញពីគណបក្សប្រជាជន បានថ្លែងថា លោកនឹងមិនចុះចេញពីតំណែង តាមការទាមទាររបស់ក្រុមបាតុករ និងគណបក្សប្រឆាំងឡើយ។ លោកបានចោទជាសំនួរថា «តើខ្ញុំបានធ្វើកំហុសអ្វី?»។
ទំនងជាបានប្រតិកម្មតបវិញ ទៅនឹងអ្វីដែលលោក ហ៊ុន សែន និងគ.ជ.ប. លើកឡើងខាងលើ នៅថ្ងៃអាទិត្យទី២២ខែធ្នូនេះ រលកបាតុកម្មនៅរាជធានីភ្នំពេញ បានកើនឡើងកាន់តែខ្លាំង ដើម្បីទាមទារឲ្យខាងតែបាន នូវការបោះឆ្នោតឡើងវិញ និងតម្រូវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។ ក្រុមអ្នករៀបចំបាតុកម្ម ដែលភាគច្រើនស្និតនឹងគណបក្សសង្គ្រោះជាតិ បានថ្លែងថាមនុស្សម្នាមិនតិចជាង ៥សែននាក់ បានប្រមូលគ្នាមកជួបជុំនៅទីលានប្រជាធិបតេយ្យ និងចុះដើរតាមដងផ្លូវនានាប្រឆាំងនឹងរដ្ឋាភិបាល។ ក្រុមអ្នកស្និតនឹងរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក៏បានទទួលស្គាល់មានអ្នកចូលរួមច្រើនដែរ តែថាពួកគេបានបញ្ជាក់ មានចំនួនច្រើនដោយសារតែមានការរាប់បញ្ចូលទាំងបណ្ដាជន ដែលនៅជាប់គាំងចរាចរណ៍ នៅតាមដងផ្លូវនោះផង។
ប៉ុន្តែការលើកឡើងពីចំនួនអ្នកចូលរួមខាងលើ ត្រូវបានក្រុមអ្នកឃ្លាំមើលឯករាជ្យ ថ្លែងបញ្ជាក់ថា ជាទូទៅរាជធានីភ្នំពេញកម្រនឹងមានការកកស្ទះចរាចរណ៍ នៅពេលចុងសប្ដាហ៍នោះណាស់ ហើយក៏រិតតែគ្មានការកកស្ទះនេះទៅទៀត ប្រសិនបើបណ្ដាជនដឹងថាមានរលកបាតុកម្មនៅតាមដងផ្លូវ។ ប៉ុន្តែថាការលើកឡើងពីចំនួនរហូតដល់ ៥សែននាក់ វាដូចជាច្រើនពេក ខណៈទីលានប្រជាធិបតេយ្យអាចទទួលបានមនុស្ស រវាងតែពី១ម៉ឺននាក់ ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ