ធី សុវណ្ណថា ប្ដឹង សាន្ត ប៊ុនធឿន ពីករណី«មនុស្សឃាត»?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 26, 2017
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» នេះជាការអះអាងរបស់កញ្ញា ធី សុវណ្ណថា ដើម្បីពន្យល់ពីភាពរំជើបរំជួល ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម បន្ទាប់ពីយុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ បានគំរាមប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គមមួយរូប។ ធី សុវណ្ណថា ដែលគេស្គាល់ថា ជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បីល្បាញ ក្នុងអំឡុងឆ្នាំ២០១៣នោះ បានអះអាងថា នាងមានអង្គហេតុច្បាស់លាស់ និងគ្រប់គ្រាន់ ដើម្បីចាត់ការប្រឆាំងនឹងបុរសអ្នកសារព័ត៌មាន។
ធី សុវណ្ណថា «ចៅតា» បានសរសេរកាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំសម្រេចប្តឹង សាន្ត ប៊ុនធឿន ករណី "មនុស្សឃាត"» ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់ ពីអង្គហេតុដែលនាងគិតថា អាចចាប់ទោសកំហុស ទៅលើលោក សាន្ដ ប៊ុនធឿន បាន យ៉ាងដូច្នេះ៖ «លោកបាន Live ជេរ បរិហារកេរ្តិ៍ និងរៀបផែនការ ព័ទ្ធឡានចាត់ការខ្ញុំ និងមានជនមិនស្គាល់មុខ បានមកវាយប្រហារ លើឡានខ្ញុំ តែដោយសំណាងល្អ ខ្ញុំមិនបាននៅក្នុងឡាននោះទេ»។
ជាប្រតិកម្មតបវិញ លោក សាន្ដ ប៊ុនធឿន គ្រាន់តែអះអាងថា លោកនឹងរង់ចាំពាក្យបណ្ដឹងនោះ ហើយត្រៀមប្រឈមមុខ ទោះបីត្រូវជាប់គុក ឬត្រូវសងជម្ងឺចិត្តបែបណាក្ដី។ លោកបានចំអកទៅវិញ ដោយបានហៅយុវតី ដែលយាត្រាចេញពីគណបក្សមួយ ទៅកាន់គណបក្សមួយទៀតថា ជា«សត្វក្លែងដាច់ខ្សែ»។ អ្នកសារព័ត៌មានរូបនេះ បាននិយាយដោយមានជំនឿចិត្តថា កញ្ញា ធី សុវណ្ណថា នឹងមិនអាចឈ្នះក្ដី ទល់នឹងរូបលោកបានឡើយ។
យ៉ាងណា ក្នុងវីដេអូមួយ ដែលលោក សាន្ដ ប៊ុនធឿន បានបង្ហោះផ្ទាល់ពីយប់ម៉ិញ អ្នកសារព័ត៌មានរូបនេះ បានអំពាវនាវឲ្យកញ្ញា «ចៅតា» ធ្វើចិត្តឲ្យធ្ងន់ និងទម្លាក់ចោលនូវការសម្រេចចិត្ត ប្ដឹងប្រឆាំងរូបលោក។ លោកស្នើឲ្យមានការជួបជជែកគ្នា រវាងរូបលោក និងក្រុមរបស់កញ្ញា ធី សុវណ្ណថា ដើម្បីរកបាននូវការសម្រុះសម្រួលណាមួយ។
ទាក់ទងនឹងករណីនេះ មន្ត្រីច្បាប់មួយរូប បានឆ្លើយយ៉ាងខ្លី ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា កញ្ញា ធី សុវណ្ណថា មិនអាចធ្វើអ្វី តាមការនឹកឃើញបានទេ។ រឿងរ៉ាវជាមួយលោក សាន្ដ ប៊ុនធឿន ដូចបានរៀបរាប់ខាងលើ អាចត្រូវរូបនាងប្ដឹងចោទប្រកាន់ ត្រឹមតែជាបទបរិហារកេរ្តិ៍ ជេរប្រមាថ ឬយ៉ាងច្រើនណាស់ «បង្កឲ្យមានការរើសអើង» តែមិនដល់ថ្នាក់«មនុស្សឃាត»ឡើយ ឬបើសូម្បីតែ «ការប៉ុនប៉ងធ្វើមនុស្សឃាត» នោះក៏ដោយ៕