ប្រធានាធិបតីយួនស្នើ ហេង សំរិន ឲ្យបន្ត«គាំទ្របណ្ដាជនយួន»នៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 27, 2017
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស្នើឲ្យបន្ត «គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ត្រូវបានស្នើឡើង ដោយប្រធានាធិបតីវៀតណាម លោក ត្រឹង ដាយ ខ្វាង (Trân Dai Quang) ទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងមក ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម ដែលហៅកាត់ថា «VNA»។
ទីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ថា ការ«គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាការរួមចំណែក ក្នុងការលើកស្ទួយ«មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា»។
មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់ត្រូវពង្រឹក ដោយប្រទេសទាំងពីរ។ នេះ បើតាមការលើកឡើង របស់លោក ត្រឹង ដាយ ខ្វាង ធ្វើឡើងទៅកាន់លោក ហេង សំរិន និងត្រូវបានដកស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានដដែល។ លោកថា ភាពជាមិត្តនេះ នឹងជួយសំរួលដល់ចំណងទាក់ទាក់ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទុន ដោយមិនភ្លេចផងទេ នូវការពង្រឹង នូវចំណងការទូត រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាង«យុវជនជំនាន់ក្រោយ»។
ទីភ្នាក់ងារព័ត៌មាន មិនបានបញ្ជាក់លំអិតបន្ថែម ថាតើការ«គាំទ្របណ្ដាជនយួន នៅកម្ពុជា»នោះ ត្រូវធ្វើឡើងក្នុងរបៀបណា ឬក្នុងទម្រង់បែបម៉េចទេ តែបានអះអាងថា ជាការស្នើឡើង របស់ប្រធានាធិបតីវៀតណាម ទៅកាន់ប្រធានរដ្ឋសភា និងរដ្ឋសភាជាតិកម្ពុជាទាំងមូល។
មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីខែសីហាកន្លងទៅ ថាជនអន្តោប្រវេសន៍យួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ប្រមាណជាង១៦ម៉ឺននាក់។ លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់នៅពេលនោះថា ពីក្នុងចំណោមនោះ មានតែ៣ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងរស់នៅដោយស្របច្បាប់។
ដោយឡែក ក្នុងជំនួប ហេង សំរិន-ត្រឹង ដាយ ខ្វាង ដែលត្រូវបានធ្វើឡើង នៅខាងមុខរូបចម្លាក់ របស់លោក ហូ ជីមិញ ដ៏ធំនោះ មេដឹកនាំទាំងពីររូប នៅបានជជែកគ្នា ពីកិច្ចការមូយចំនួនទៀត ក្នុងនោះមានការលើកឡើង ពីសំណាក់ប្រធានាធិបតីវៀតណាមថា ប្រជាជនកម្ពុជាកំពុងទទួលបានផ្លែផ្កា ពីជោគជ័យដ៏ត្រចះត្រចង់ នៃស្នាដៃជាតិ សម្រាប់សន្តិភាព ស្ថេរភាព និងភាពរុងរឿង ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ខណៈលោក ហេង សំរិន បានបញ្ជាក់ទៅកាន់មេដឹកនាំវៀតណាមថា ប្រជាជនកម្ពុជានឹង«ចងចាំជានិច្ច» នូវការលះបង់ដ៏ធំធេង របស់កងទ័ពវៀតណាម នៅក្នុងការប្រយុទ្ធ ដើម្បីរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។
ប៉ុន្តែរឿងខ្លះ ដែលមិនមែនជារឿង ដែលទាក់ទងជាមួយកិច្ចការបរទេសនោះ ក៏ត្រូវបានលោក ហេង សំរិន ថ្លែងនៅក្នុងជំនួបនោះដែរ។ លោកថា ប្រទេសកម្ពុជា នឹងបន្តរក្សា«លំនឹងបរិយាកាសនយោបាយ» បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤កន្លងមកថ្មីៗ។ រឿងរ៉ាវនៃការបោះឆ្នោត ដែលជារឿងផ្ទៃក្នុងកម្ពុជា តែបានប៉ះពាល់តិចឬច្រើន ទៅដល់គណបក្សប្រជាជនកម្ពុជា ដែលមានទំនាក់ទំនងជិតស្និត ជាមួយប្រទេសវៀតណាម ជាពិសេសជាមួយគណបក្សកុម្មុយនីស របស់ប្រទេសនេះ៕