លើក​ពេល​«ស្បថ» ខណៈ សម រង្ស៊ី ក្លាយ​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត

លោក សម រង្ស៊ី បានក្លាយជាបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តកំពង់ចាម ជាផ្លូវការ ក្រោមការផ្តល់សុពលភាព ដោយ​រដ្ឋសភាជាតិ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សម រង្ស៊ី បានក្លាយជាបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តកំពង់ចាម ជាផ្លូវការ ក្រោមការផ្តល់សុពលភាព ដោយ​រដ្ឋសភាជាតិ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - កិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋសភា ត្រូវបានកើតឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ នៅ​វិមានរដ្ឋសភា។ លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោះប្រជុំបន្ទាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែល​មាន​សមាសភាព​​១២ រូប ដើម្បីផ្តល់សុពលភាពជូន លោក សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្ស​សង្គ្រោះជាតិ មណ្ឌលកំពង់ចាម។

ការផ្តល់«សុពលភាព»ភ្លាមៗនេះ បន្ទាប់ពីគ.ជ.ប បានសម្រេចផ្លាស់ប្តូរបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ របស់​គណបក្សសង្គ្រោះជាតិទាំង២៧រូប នៅខេត្តកំពង់ចាម កាលពីព្រឹកទី២៥ ខែកក្កដាព្រឹកម៉ិញនេះ។ ហើយ លោក សម រង្ស៊ី បានចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត លំដាប់លេខរៀងទី១, លោក អ៊ី សំអុក លេខរៀងទី២ និងលោក សេង សោភ័ណតារា លេខរៀងទី៣។ នេះបើតាមការបញ្ជាក់របស់លោក រស់ សួរ មន្រ្តីច្បាប់ជាន់​ខ្ពស់គណបក្ស​សង្គ្រោះជាតិ។

ការប្រែក្លាយជាតំណាងរាស្ត្រជាប់ឆ្នោត របស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រូវបានដាក់ជំនួស លោក គួយ ប៊ុនរឿន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលកំពង់ចាមមុន ដែលបានលាលែងពីកៅអីនេះ ទៅធ្វើជា​បេក្ខភាពសមាជិក គ.ជ.ប.វិញ។ ឯលទ្ធផលដែលកើតចេញ ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក សម្រាប់មណ្ឌលកំពង់ចាម បង្ហាញថា គណបក្សសង្គ្រោះជាតិ មានបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត១០រូប ក្នុង​ចំណោម​១៨អាសនៈ។

ការផ្តល់សុពលភាពនេះ ដើម្បីឲ្យទាន់ពេលវេលាក្នុងការចូលស្បថ ឬធ្វើសច្ចាប្រណិធាន ចំពោះព្រះភ័ក្ត្រ​ព្រះ​រាជា​ នៅ​ក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែកក្កដានេះ។ តែលោក សម រង្សី ក្នុងកិច្ចសម្ភាសក្នុងវិទ្យុមួយ ក៏ដូចជា​លោក កឹម សុខា បានបញ្ជាក់នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ថាការ«ស្បថ» នឹង​ត្រូវ​លើក​ពេល ទៅធ្វើសប្តាហ៍ក្រោយវិញ។

តាមលិខិតចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ របស់ គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានទទួលស្គាល់ ជាបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតអាណត្តិទីប្រាំ ឆ្នាំ២០១៣។ លោកបានបន្ត​ថា ការទទួលស្គាល់នេះ បានចម្លងទូលថ្វាយព្រះមហាក្សត្រ ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ទីស្តីការ​គណ​រដ្ឋមន្រ្តី និងគណបក្សសាមីរួចរាល់អស់ហើយ។

ការលើកពេលនេះ ដោយសារតែបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមួយចំនួន នៃគណបក្សសង្គ្រោះជាតិ​ជាប់រវល់​នៅ​ក្រៅប្រទេស និងមួយចំនួនទៀត រួមទាំងលោក កឹម សុខា ចង់បានការរៀបចំ និងការកែទម្រង់ស្ថាប័នមួយចំនួន ទៅ​តាមកិច្ចព្រមព្រៀងកាលនៃបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នេះចប់រួចរាល់ជាមុនសិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...