កេរ្ត៍របស់ព្រះសិរអារ្យមេត្រី«ថ្មី»បែកធ្លាយ ព្រោះចែកលុយគ្នាមិនត្រូវ?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ដែលបានតាំងខ្លួនឯងថា ជាព្រះសិរអារ្យមេត្រី ស្លៀកពាក់ឈុតស ជិះផ្កាឈូក ដែលអះអាងថា ខ្លួនជាអ្នកមានបុណ្យមកត្រាស់ដឹង បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅលើបណ្តាសង្គមហ្វេសប៊ុក ព្រះសិរអារ្យមេត្រី«ថ្មី»ម្នាក់នេះ បានបង្កឲ្យមានការរិះគន់ ជាមួយនឹងវីដេអូរឿងរ៉ាវជាច្រើន ត្រូវបានយកមកបង្ហោះ និងចែកចាយគ្នាយ៉ាងព្រោងពាត។ មន្រ្តីមួយរូបនៅក្រសួងធម្មការនិងសាសនា បានអះអាងថា រឿងនេះបានកើតឡើងយូរហើយ ហើយវីដេអូដែលបែកធ្លាយ ចេញមកផ្សាយជាសាធារណៈនោះ គឺដោយសារតែរឿង«ចែកលុយគ្នាមិនត្រូវ»។
រូបផ្សាយពាណិជ្ជកម្ម នៅក្នុងវត្តទួលរាជា បង្ហាញថាតាបស ធាន វុទ្ធី ជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)
អបិយជំនឿ - បើតាមរូបភាព ដែលគេបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួន រួមទាំងលោកតាអាចារ្យ និងព្រះសង្ឃជាច្រើនអង្គ បាននាំគ្នាដេករណូករណែល ដើម្បីឱ្យព្រះសិរអារ្យមេត្រី ដ៏មានមហិទ្ធិរិទ្ធនោះ ដើជាន់ពីលើ។ លើលពីនេះទៅទៀត ព្រះសិរអារ្យមេត្រីដែលគេស្គាល់ឈ្មោះថា ធាន វុទ្ធី បានបង្គាប់ឱ្យព្រះសង្ឃ ដែលត្រូវបានចាត់ទុកជាសង្ការៈជនដ៏ខ្ពង់ខ្ពស់នោះ មិនអាចថ្វាយបង្គំអ្នកណាទាំងអស់ តែបែជាអាចថ្វាយបង្គំខ្លួនបាន ដោយអះអាងថា ខ្លួនជាអ្នកមានបុណ្យលើសគេ (ជាព្រះសិរអារ្យមេត្រី)។
សកម្មភាព និងទង្វើរបស់ព្រះសិរអារ្យមេត្រី«ថ្មី» បានបង្កឲ្យមានការរិះគន់យ៉ាងផុលផុស ពីមជ្ឈដ្ឋានដែលមិនជឿលើ ព្រះសិរអារ្យមេត្រីដ៏ចម្លែករូបនេះ ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលពេញប្រៀបទៅដោយក្រុមយុវជនជំនាន់កំព្យូទ័រ។ ពួកបានលើកឡើងថា បុរសនេះបានកំពុងធ្វើឱ្យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំង។ ការរិះគន់បានកើតមានខ្លាំងក្លា ទៅលើរូបភាពវីដេអូជាច្រើន ដែលបង្ហាញថា ព្រះសិរអារ្យមេត្រី ធាន វុទ្ធី បានឡើងគង់លើបល័ង្គរូបផ្កាឈូក ទេសនាដាស់តឿនដល់មហាជន ហើយមានប្រជាពលរដ្ឋខ្មែរមិនតិចទេ ដែលបានយកដង្វាយជាលុយ មក«ថ្វាយ»បុរសនោះ ដែលអាចធ្វើឱ្យបុរសក្លាយជាសេដ្ឋីបាន។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋម្នាក់ កញ្ញា ស៊ីណា រស់ក្បែរវត្តទួលរាជា ដែលជាទីកន្លែងរបស់បុរសនោះស្នាក់នៅ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា តាមពិតពលរដ្ឋនៅក្នុងស្រុកកោះធំផ្ទាល់ គឺមិនសូវជឿប៉ុន្មានទេ មានតែ១០%តែប៉ុណ្ណោះ ដែលជឿបុរសឈ្មោះ ធាន វុទ្ធី នោះ។ ប៉ុន្តែភាគច្រើនគឺអ្នកដែលរស់នៅក្រៅស្រុក និងអ្នករស់នៅតាមខេត្តផ្សេងៗ ទៅវិញទេ ដែលគេចេះតែមកធ្វើបុណ្យ និងល្បីតៗគ្នា។
កញ្ញា ស៊ីណា បានពន្យល់ពីមូលហេតុ ដែលពលរដ្ឋប្រុសស្រី ពីស្រុកក្រៅមកគោរពបូជាតាបស ធាន វុទ្ធី នេះ យ៉ាងដូច្នេះថា ដោយសារតែលោកបានបួសរៀន តាំងពីរអាយុ១៦វស្សា រហូតមកដល់ពេលនេះ ដែលមានអាយុ៣៦វស្សាហើយលោកនៅមិនទាន់សឹកទៀត ហើយលោកតែងតែទៅសមាធិក្នុងព្រៃរហូត។ អភូតហេតុអស្ចារ្យ ដែលធ្វើឱ្យគេកាន់តែជឿលង់ទៅលើតាបស ធាន វុទ្ធី ទៀតនោះ គឺមានដើមពោធិ៍មួយដើម ដុះឡើងនៅកន្លែងមួយដោយឯងៗ ដោយគ្មានអ្នកណាដាំ។ នៅពេលនោះ លោក ធាន វុទ្ធី បានប្រាប់ពលរដ្ឋថា ខ្លួនបានយល់សប្តិឃើញ មានគេឱ្យដើមពោធិ៍មួយដើម។ បន្ទាប់ពីបានប្រាប់ប្រជាពលរដ្ឋយ៉ាងដូច្នេះហើយ ក៏បាននាំគ្នាផ្អើលទៅមើល ស្រាប់តែឃើញមានដើមពោធិ៍មួយដើម ដុះនៅកន្លែងនោះមែន ហេតុនេះហើយ ទើបធ្វើកេរ្តិ៍ឈ្មោះលោក ធាន វុទ្ធី កាន់តែល្បី។
កញ្ញា ស៊ីណា បន្តថា នាងមិនដែលបានជួបផ្ទាល់ ព្រះសិរអារ្យមេត្រីថ្មីម្នាក់នេះទេ ព្រោះលោកតែងតែទៅសុំសីលនៅក្នុងព្រៃ តែបើតាមយាយជី ដែលនៅក្នុងវត្តនោះបានប្រាប់នាងថា សង្ឃរាជវត្តទួលរាជា ធាន វុទ្ធី នេះ គឺជាព្រះសិរអារ្យមេត្រី ដែលមិនទាន់បានត្រាស់ដឹង ហើយឥលូវនេះគាត់កំពុងតែសន្សំបុណ្យ ដើម្បីឡើងទៅ«និពាន្វ»។
ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមភាពច្រើន មិនគិតដូច្នេះទេ។ ម្ចាស់គណនីហ្វេសប៊ុកមួយ អមដោយវីដេអូ បានលើកឡើងថា ទង្វើរបស់ព្រះសិរអារ្យមេត្រី ធាន វុទ្ធី មានលក្ខណៈជាការបោកប្រាស់ ដើម្បលាភសក្ការៈប្រាក់កាស ដោយបុរសរូបនេះ បានយកព្រះពុទ្ធរូបទៅកប់ រួចហើយតាំងមកអះអាងថា «ព្រះពុទ្ធរូបផុស» និងបានលើកខ្លួនជាព្រះសិរអារ្យមេត្រី ឬជាសម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិជាដើម។ មិនតែប៉ុណ្ណោះ បុរសដែលអះអាងថាខ្លួនជា ព្រះសិរអារ្យមេត្រី ម្នាក់នេះ ថែមទាំងបានពោលពាក្យ ប្រមាថដល់ព្រះសង្ឃនោះទៀត។
ទាក់ទងនឹងការប្រមាថដល់ព្រះសង្ឃ និងការឱ្យព្រះសង្ឃក្រាបសំពះខ្លួន រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញក្រសួងធម្មការ និងសាសនា សម្ដែងប្រតិកម្មឬ ចំណាត់ការណាមួយ ទៅលើព្រះសិរអារ្យមេត្រី«ថ្មី»រូបនេះឡើយ។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មិនអាចសុំការធ្វើអធិប្បាយបានទេ ដោយលោកជាប់រវល់ប្រជុំ។ ប៉ុន្តែមន្រ្តីម្នាក់ក្នុងក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ករណីបុរសព្រះសិរអារ្យមេត្រី«ថ្មី» គង់នៅវត្តទួលរាជានេះ គឺជាទង្វើដែលខុសទៅនឹងច្បាប់ព្រះពុទ្ធសាសនា ហើយឥលូវនេះ ក្រសួងបានចាត់ចំណាត់ការទៅលើបុរសនេះរួចហើយ។ មន្ត្រីនោះ បាននិយាយទៀតថា ក្រសួងក៏ធ្លាប់បានហៅ ព្រះសិរអារ្យមេត្រី«ថ្មី»ម្នាក់នេះ មកព្រមានណែនាំម្តងដែរ។
ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីក្រសួង បានបន្តថា៖ «រឿងនេះចេញយូហើយ ទើបតែបែកធ្លាយក្នុងពេលនេះ ព្រោះឈ្លោះរឿងទានវស្សាចែកលុយគ្នាមិនត្រូវ ដល់អញ្ចឹងទៅ វាបង្ហោះរូបហ្នឹងមក»៕
ការបែកធ្លាយជាច្រើន នៅតាមបណ្ដាញសង្គមនោះ បានធ្វើឲ្យមានការលេចឮថា បុរសព្រះសិរអារ្យមេត្រី«ថ្មី» ធាន វុទ្ធី មានជាប់ខ្សែស្រឡាញ ជាមួយនឹងមន្ត្រីជាន់ខ្ពស់ដ៏មានអំណាច នៅក្នុងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែការលេចឮនេះ នៅមិនទាន់មានអ្វីមកបញ្ជាក់នៅឡើយ ដោយគ្រាន់តែគេឃើញនៅតាមទូរទស្សន៍ជាតិ បុរស ធាន វុទ្ធី ធ្លាប់បានទៅចូលរួមសម្ដែងគាវរកិច្ច ទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ជើងឧទ្ធម្ភាគចក្រ៕
ទស្សនាវីដេអូ ពី«ព្រះសិរអារ្យមេត្រី«ថ្មី» របស់ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក ដូចតទៅ៖