ព្រះសង្ឃឯករាជ្យ និង ឈាង វុន៖ កាត់«ស្មៅជើង» និង«ឆ្នាំបាយ»លោក
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 06, 2014
- ប្រធានបទ: វត្តចាស់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក រិន រ៉េន អ្នកសម្របសម្រួលនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានប្រតិកម្មតបទៅលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលបានចោទប្រកាន់ បណ្តាញព្រះសង្ឃឯករាជ្យនេះថា គៀគរប្រជាពលរដ្ឋមកធ្វើការតវ៉ានៅភ្នំពេញ និងចោទថា ទង្វើទាំងអស់គ្រាន់តែធ្វើឡើង ជាប្រយោជន៍បុគ្គល និងជាការបំពេញនូវឆ្នាំងបាយ របស់ក្រុមព្រះសង្ឃខ្លួនលោកប៉ុណ្ណោះ។
ការថ្លែងប្រតិកម្មរបស់លោក រិន រ៉េន បានធ្វើឡើង បន្ទាប់ពីលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងវត្តចាស់ បានប្រាប់ប្រជាពលរដ្ឋ ដែលមកពីតាមបណ្តាខេត្តនានា ដើម្បីស្វែងរកដំណោះស្រាយរឿងជំលោះដីធ្លី នៅរាជធានីភ្នំពេញ ឲ្យត្រឡប់ទៅខេត្តស្រុកភូមិជាមូលដ្ឋានដើមវិញ។ លោក ឈាង វុន បានសំអាងថា រឿងហេតុដែលកើតឡើងនៅឯខេត្ត មិនមែននៅភ្នំពេញទេ ដូច្នេះត្រូវដោះស្រាយនៅឯខេត្ត។
ផ្ដល់កិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែវិច្ឆិកា លោក ឈាង វុន បានពន្យល់ថា នៅពេលនោះ មានព្រះសង្ឃមួយអង្គ មិនមានការសប្បាយព្រះទ័យឡើយ ក្រោយឃើញវត្តមានរបស់លោកចូលរួមនិយាយ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋនោះ។ លោកបានពន្យល់ថា៖ «លោកមួយអង្គហ្នឹងមិនសប្បាយព្រះទ័យទេ ព្រោះយើងដូចទៅកាត់ “ស្មៅ”ជើងលោកអញ្ចឹង។ លោកចង់បានមនុស្សគៀងគរ មកវត្តហ្នឹង។ ហើយខ្ញុំ ខ្ញុំបានស្នើប្រជាពលរដ្ឋត្រឡប់ទៅវិញ។ រឿង មិនមែនដោះស្រាយនៅវត្តទេ។»
លោក ឈាងវុន បានបន្តថា ពីពេលនេះតទៅ លោក នឹងដើរតួនាទីជាអ្នកដើរកាត់ “ស្មៅ” នឹងជើង តាមរយៈការជម្រុញ ឲ្យប្រជាពលរដ្ឋទទួលយកការដោះស្រាយ នៅនឹងកន្លែងកើតហេតុ ដោយលោកចាត់ទុកថា នោះជាកលឧបាយរបស់អ្នកនយោបាយ យកប្រជាពលរដ្ឋមកធ្វើជាខែល ដើម្បីឆ្នាំងបាយរបស់ខ្លួន និងជា«ឆ្នាំងបាយរបស់លោកសង្ឃ»ទាំងនោះ។
ប៉ុន្តែជាប្រតិកម្មតបវិញ តាមរយៈទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី៥ ខែវិច្ឆិការនេះ អ្នកសម្របសម្រួលនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម លោក រិន រ៉េន បានចាត់ទុកការលើកឡើងរបស់ លោក ឈាង វុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា កំពុងមានចេតនានិយាយទាំងបំពាន។ លោកបានថ្លែងឡើងថា ប្រជាពលរដ្ឋ ទំនាស់ដីធ្លីទាំងអស់ ព្រោះតែគ្មានការដោះស្រាយនៅថ្នាក់មូលដ្ឋាន ទើបសម្រេចចិត្ត និងស្វែករកយុត្តិធម៌មកដល់ភ្នំពេញ។ លោក រិន រ៉េន បានបញ្ជាក់ទៀតថា៖ «ហើយគាត់ឡើងមក តែងមានការខ្វះខាត យើងគ្រាន់តែជាអ្នកទទួលជំនួស ដោយមានបញ្ចីត្រឹមត្រូវ និងជួយចែកដល់ពួកគាត់ប៉ុណ្ណោះ មិនមែនយកដើម្បីដាក់ហោប៉ៅខ្លួនឯងនោះឡើយ»។
លោកបានចោទសួរថា តើលោកឈាង វុន បានជួយអ្វីខ្លះដល់ពួកគាត់ហើយ? បើមកវត្តចាស់នេះ មិនមានចេតនាមកជួយប្រជាពលរដ្ឋផងនោះ ក្នុងនាមតំណាងរាស្រ្តមកទាំងដៃទទេ តែបែរជាទិញស្រាបៀរចែកចាយឲ្យផឹកក្នុងវត្តទៅវិញ។ ចំពោះហេតុការណ៍ដែលបានកើតឡើង នាព្រលប់នោះ លោក រិន រ៉េន បាននិយាយទៀតថា នោះមកពីលោក ឈាង វុន មានការច្រណែន នឹងការលើកឡើងរបស់លោក អេង ឆៃអៀង តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ក៏បានទៅចាប់ក្បាលមេក្រូ និយាយទាំងទទឹងទឹសតែម្តង។ អ្នកសម្របសម្រួលនៃបណ្ដាញព្រះសង្ឃរូបនេះ បានបរិហាខ្លាំងៗថា៖ «ចូលទៅនិយាយហ្នឹង ដូចជាមនុស្សគ្មានសុជីវធម៌ក្នុងខ្លួនអញ្ចឹង ដល់ពេលគេថា បែរជាច្រលោមខាមដាក់គេ។ (...) ក្នុងសម្លៀកបំពាក់តំណាងសាស្រ្ត មានឡូហ្គោ (Logo) តែធ្វើមិនសក្ដិសមជាអ្នកតំណាងរាស្រ្តសោះ។»
តាំងខ្លួនធ្វើជាតំណាងរាស្រ្ត «តំណាងឲ្យពលរដ្ឋពិតប្រាកដ»
រីឯលោក ឈាង វុន វិញ បានបង្ហាញនូវការសោកស្តាយរបស់លោក ព្រោះមិនបានជួយដោះស្រាយបញ្ហានានា ក្នុងពេលកន្លងមក ដោយសារលោក«មមាញឹក ចំពោះការដោះស្រាយបញ្ហាជាតិ»។ លោកសន្យាថា ចាប់ពីពេលនេះតទៅ លោកនឹងយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាតាមមូលដ្ឋាន និងតាំងខ្លួនធ្វើជាតំណាងរាស្រ្ត «តំណាងឲ្យពលរដ្ឋពិតប្រាកដ ដោយយកចិត្តទុកដាក់បំផុត»។ លោក ឈាង វុន បានទទួលស្គាល់នូវទឹកព្រះទ័យ របស់ព្រះចៅអធិការវត្តចាស់ ដែលបានទទួលប្រជាពលរដ្ឋទាំងនោះ ឲ្យស្នាក់នៅក្នុងវត្ត ដោយហេតុថាជាព្រះសង្ឃនិងពុទ្ធបរិស័ទ។
តែសម្រាប់ បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលដឹកនាំដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ វិញ ត្រូវបានលោក ឈាង វុន ស្នើឲ្យមកធ្វើការតតាំងគ្នាដល់រដ្ឋសភា ដើម្បីលោកបង្ហាញពីរបៀបរបបការងារ ដែលលោកនឹងត្រូវធ្វើដូចម្តេច។ លោកនិយាយថា៖ «បណ្តាញព្រះសង្ឃឯករាជ្យអីហ្នឹង ខ្ញុំត្រៀមខ្លួនទទួល ព្រោះខ្ញុំជាប្រធានគណកម្មការព័ត៌មាននៃរដ្ឋសភា។ ខ្ញុំត្រៀមខ្លួនទទួលលោក ដើម្បីបំភ្លឺឲ្យបានច្បាស់លាស់។ កុំឲ្យលោក ដើរចោទប្រកាន់គេ ដែលមានចិត្តស្មោះត្រង់ក្នុងព្រះពុទ្ធសាសនានេះ។»
តបនឹងការស្នើរបស់តំណាងរាស្ត្រលេចធ្លោខាងលើនេះ លោក រិន រ៉េន បានបញ្ជាក់ថា ក្រុមការងារលោក គ្មានអ្វីដែលត្រូវជួបពិភាក្សាជាមួយ ក្នុងរដ្ឋសភានោះទេ។ តែក្រុមការងារលោក នឹងស្នើឲ្យលោក ឈាង វុន សុំទោសជាសាធារណៈ ហើយនឹងមានញត្តិដាក់ទៅកាន់ប្រធានរដ្ឋសភា ថាតើនឹងមានចំណាត់ការយ៉ាងណា ទៅលើតំណាងរាស្រ្តរូបនេះ ដែលជេរប្រមាថ និងមើលងាយដល់ព្រះសង្ឃ ដែលអាចប៉ះពាល់ដល់ព្រះពុទ្ធសាសនានោះ៕