ពលរដ្ឋជាង១០គ្រួសារនៅព្រែកភ្នៅ ចោទមេភូមិចូលដៃជាមួយក្រុមហ៊ុនរឿងដីធ្លី
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១២ កុម្ភៈ២០១៥
- កែប្រែចុងក្រោយ: February 12, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អ្នកភូមិគ្រួស ឃុំសំរោង សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ប្រមាណជាង១០គ្រួសារ បានធ្វើការទាមទារ នៅលើដីមួយកន្លែង នៅតាមបណ្តោយផ្លួវជាតិលេខ៥។ ដីនោះជាមាត់ប្រឡាយ មានព្រំប្រទល់ជាប់ជាមួយដីរបស់ក្រុមហ៊ុន ផានអ៊ីមិច បានទិញ។ មូលហេតុដែលមានការតវ៉ានេះឡើង បណ្តាលមកពី ក្រុមហ៊ុនខាងលើបានជីកដីដាក់លើទំនប់ប្រឡាយនោះ មិនឲ្យពលរដ្ឋសង់ទីលំនៅ។ ពួកគាត់បានដាក់ពាក្យស្នើរ ទៅកាន់មេភូមិហើយ ក៏នៅមិនមានការដោះស្រាយទៀត។
អ្នកស្រី អ៊ូ រួន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋតវ៉ាខាងលើ បានរៀបរាប់ថា អ្នកភូមិទាំងអស់ ជាអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ តែនៅពេលក្រុមហ៊ុនចិនមួយ ធ្វើការពង្រីកផ្លូវនេះ ក៏បានផ្តល់នូវសំណងមួយចំនួន ឲ្យអ្នកភូមិរើចេញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ ដើម្បីសាងសង់និងកែឆ្នៃផ្លូវជាតិលេខ៥។ ពួកគាត់ទាំង១០គ្រួសារបានចាប់ផ្តើមចាកចេញ ទៅនៅលើប្រឡាយនោះ ដោយមានការយល់ព្រម ពីប្រធានភូមិ។
អ្នកស្រីបានបន្តទៀតថា ប៉ុន្តែនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ក្រុមហ៊ុនផានអ៊ីមិចដែល មានព្រំប្រទល់ដីនៅជាប់នោះ បែរជាមិនឲ្យពួកគាត់សង់ផ្ទះទៅវិញ។ ហើយបានប្រើឧបករណ៍កាយដី មកលុបដាក់លូមិនឲ្យអ្នកភូមិនៅបាន និងបញ្ឈប់ការសង់លំនៅដ្ឋាន របស់ពលរដ្ឋ។ សកម្មភាពទាំងនេះ អ្នកស្រីបានឲ្យដឹងថា មានការចូលរួមជាមួយនឹងមេភូមិគ្រួស លោក ម៉ា ហុក និងមេឃុំសំរោងលោក កង សែន ដែលមិនបានដោះស្រាយឲ្យពួកគាត់ តែបែរជាអនុញ្ញាតឲ្យក្រុមហ៊ុន កាយកប់មកលើផ្ទះពលរដ្ឋ បានសាងសង់មួយចំនួនទៀតផង។
មិនខុសគ្នានេះទេ ពលរដ្ឋម្នាក់ទៀតលោក គឹម ឆន បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់មិនសុខចិត្តទេ លោកចង់បានដី កន្លែងដែលក្រុមហ៊ុនលើកដីឡើងនោះ ឲ្យដូចដើមវិញ ដែលពួកគាត់អាចរស់នៅបាន។ លោកបញ្ជាក់ថា ដំបូងមានការអនុញ្ញាតត្រឹមត្រូវឲ្យរស់នៅ ដោយធ្វើយ៉ាងណាកុំឲ្យតែស្ទះប្រព័ន្ធទឹកបានហើយ។ តែដល់ពេលអ្នកភូមិចាប់ផ្តើម រើលំនៅមកសាងសង់ ខាងអភិបាលខណ្ឌមកហាមឃាត់ មិនឲ្យធ្វើទៅវិញ។ លោក គឹម ឆន បាននិយាយថា គាត់ និងអ្នកភូមិឯទៀត មិនដឹងទៅពឹងអ្នកណាទេ បើមេភូមិនិងចៅសង្កាត់របស់គាត់ មិនអើពើបែបនេះនោះ។ មកឃាត់អ្នកភូមិមិនឲ្យធ្វើ តែក្រុមហ៊ុនអាចធ្វើបានដោយគ្មានញញើត។ លោកថា៖ «តើប្រធានភូមិរបស់លោក បានទទួលអ្វីខ្លះពីអ្នកទាំងនោះ បានជាមើលមិនឃើញ ពលរដ្ឋខ្លួនឯងរងទុក្ខ ទៅជួយអ្នកមានលុយទៅវិញ?»
ដោយឡែកប្រធានភូមិគ្រោះលោក ម៉ា ហុក បានថ្លែងអះអាងថា ប្រឡាយទឹកនេះជារបស់រួម សម្រាប់ពលរដ្ឋទូទៅប្រើប្រាស់ ស្រោចស្រពដីស្រែ។ លោកថាពលរដ្ឋមិនអាចធ្វើបាន ក្រុមហ៊ុនក៏មិនអាចធ្វើបានដែរ លោកបាននិយាយទៀតថា លោកក៏ធ្លាប់បានឃាត់ដែរ តែគេមិនបញ្ឈប់ ហើយលោកបន្តថា វាជាបញ្ជារបស់ថ្នាក់ខណ្ឌខាងលើ។ ចំពោះមូលហេតុដែលរកទីតាំងថ្មីឲ្យពលរដ្ឋរស់នៅ និងមូលហេតុជាក់លាក់ដែលក្រុមហ៊ុនអាចដាក់លូបាន ហើយពលរដ្ឋមិនអាចសង់ផ្ទះនោះ មិនត្រូវបានប្រធានភូមិខាងលើមិនបានបំភ្លឺឲ្យច្បាស់ទេ។
ចំពោះរឿងទាំងអស់នេះអ្នកស្រី ម៉ុល ម៉ាឡារី ដែលជាស្មៀនឃុំខាងលើបាននិយាយថា គាត់មិសូវដឹងរឿងនេះច្បាស់ទេ។ អ្នកស្រីបានលើកឡើងថា៖«ពលរដ្ឋធ្វើបែបនេះគឺខុសច្បាប់» ប៉ុន្តែអ្នកស្រីមិនបានទទួលស្គាល់ថា តើក្រុមហ៊ុននេះជា អ្នកបំពានលើពលរដ្ឋខ្លួនឬ ពលរដ្ឋជាអ្នកបំពានលើក្រុមហ៊ុននោះឡើយ៕