មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

ដោយភាពចម្រូងចម្រាស់នៃបញ្ហាដីធ្លីក្នុងឃុំបឹងប្រាំ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវឃុំថ្មីមួយនេះ។ ជាមួយនឹងការបែងចែកដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនោះ ក៏បានធ្វើឲ្យមាន​ប្រជាពលរដ្ឋចំណូលស្រុកជាច្រើន សម្រុកចូលកាន់កាប់ដី ដែលមានម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨​មក។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយភាពចម្រូងចម្រាស់នៃបញ្ហាដីធ្លីក្នុងឃុំបឹងប្រាំ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវឃុំថ្មីមួយនេះ។ ជាមួយនឹងការបែងចែកដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនោះ ក៏បានធ្វើឲ្យមាន​ប្រជាពលរដ្ឋចំណូលស្រុកជាច្រើន សម្រុកចូលកាន់កាប់ដី ដែលមានម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨​មក។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

សម្ភាស - ជិតដប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមួយចំនួនធំត្រូវបានរស់នៅដោយភាពរងារ (គ្មានកម្មសិទ្ធិដី) ដោយ​ការលំបាក(ភាពក្រ) ព្រោះតែអាជ្ញាធរ រឹបអូសដីយកលក់ទៅឲ្យពលរដ្ឋចំណូលស្រុកថ្មី ជាមួយនឹងការផ្តល់កម្មសិទ្ធិ​ដល់​ពួកគាត់(អ្នកថ្មី)ទៀតផង។ ក្នុងហេតុការណ៍ទាំងនោះ លោក ឈឹម សារ៉ុន អតីតចៅហ្វាយស្រុកសម័យប៉ុលពត បានអះអាងថាលោកជា​អ្នកចែកដី ទៅឲ្យប្រជាពលរដ្ឋទាំងនោះ ក្រោយពីធ្វើសមាហរណកម្មចូល​ជាមួយ​រដ្ឋាភិបាល។ បច្ចុប្បន្នលោក​ជាមេ​បញ្ជាការកងទ័ពប្រចាំឃុំបឹងប្រាំ បានចូលខ្លួនមកបកស្រាយ ពីបញ្ហាទំនាស់ដីធ្លីជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដូចខាងក្រោម៖

សូមលោករៀបរាប់ដោយសង្ខេប ពីមូលហេតុដែលនាំឲ្យមានទំនាស់ដីធ្លី នៅក្នុងឃុំបឹងប្រាំមកទល់នឹង​បច្ចុប្បន្ន?

លោក ឈឹម សារ៉ុន៖ ពីដើមមកដីក្នុងឃុំបឹងប្រាំជាដីនៅតាមបណ្តោយព្រំដែន។ ក្នុងតំបន់នោះ(បឹងប្រាំ) មានការ​ច្បាំងគ្នាជាមួយទាហានវៀតណាម ដែលកាលនោះមិនមានប្រជាជនណារស់នៅទេ។ ក្រោយការចុះចូលនៃ​កងទ័ព​ខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល ឆ្នាំ១៩៩៨ ទើបមានការចែកដីដល់ពលទាហាន និងប្រជាពលរដ្ឋមួយចំនួន​បង្ក​បង្កើន​ផល។ កាលនោះ មិនមែនជាដីដែលត្រូវបង្កើតឃុំនោះទេ ហើយក៏មិនមានប្រជាពលរដ្ឋផ្សេងទៀត​ណាមកធ្វើ​ការទាមទារដែរ។ ឯផ្ទះសម្បែងចាប់ផ្តើមមានតាំងពីឆ្នាំនោះមករៀងមក។ ក្នុងកំឡុងឆ្នាំ២០០៥ លោក ឈា នី បាននាំ​ប្រជាពលរដ្ឋប្រមាណជា១៧០នាក់ នាំគ្នាទៅដេញប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ និងរឹបអូសយកដីរបស់​ពួក​គាត់ ដែលធ្វើឲ្យមានជំលោះរហូតមកទល់សព្វថ្ងៃនេះ។ ចំណែកឯរដ្ឋាភិបាលថ្នាក់លើ «ក្តាប់»មិនជុំ ពេលនោះ​បាន​រៀបចំឲ្យអ្នកមិនមានដីនៅទីនោះ (អ្នកដែលបានយកដីគេទាំងអស់)។

ក្រោយសមាហរណកម្ម ទ័ពខ្មែរក្រហមចូលរួមជាមួយរាជរដ្ឋាភិបាល តើអ្នកណាជាអ្នកធ្វើការបែងចែកដីទាំង​នោះ​​ ទៅឲ្យ​ប្រជាពលរដ្ឋ?

លោក ឈឹម សារ៉ុន៖ ក្នុងឆ្នាំ១៩៩៨ ខ្ញុំបានឲ្យលោកមេភូមិ ហេ ដែលកាលនោះគាត់ក៏មិនមានដីដែរ។ ខ្ញុំ អនុញ្ញាត​ឲ្យលោកហេ ជាអ្នករៀបចំដីភូមិទាំងនោះទៅឲ្យគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រមួយចំនួននោះ។ តក្រោយ​មក លោក ហេ ដែលជាមេភូមិ អ្នកដឹងលឺក្នុងរឿងនេះ ក៏បានទៅចូលដៃជាមួយលោក ឈា នី ក្នុងប្លន់យកដីប្រជាពលរដ្ឋ​ដែលជាម្ចាស់ពិតប្រាកដដែរទៅវិញ។

តើអាជ្ញាធរថ្នាក់លើ មិនបានជួយធ្វើអន្តរាគមក្នុងរឿងនេះទេឬ តាំងពីពេលមានទំនាស់មក?

លោក ឈឹម សារ៉ុន៖ មុនការបោះឆ្នោតឃុំសង្កាត់ ខ្ញុំបាននាំលោក អ៊ុយ រី អភិបាលរងខេត្តបាត់ដំបង លោកទឹម ដារ៉េត អភិបាលស្រុកបវេល ទៅចង្អុលបង្ហាញពីដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗដែរ ដើម្បីឲ្យលោកធ្វើ​សេចក្តី​រាយការណ៍ទៅរាជរដ្ឋាភិបាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ពួកគាត់។ តែលោកនៅតែចាត់ចូលដីទាំងនោះ ទៅជា​ដីសម្បទានសង្កកិច្ចដដែល។ ក្រោយមករដ្ឋាភិបាលចេញអនុក្រិត្យបង្កើតជាឃុំ ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះ​លោក (អ៊ុយ រី និងទឹម ដារ៉េត) យល់ម្នាក់ឯងថាជាដីរបស់«ឃុំ»។ ហើយករណីវិវាទនេះ ត្រូវបានធ្វើការ​ដោះ​ស្រាយ​ជាច្រើន​លើកច្រើនសារមកហើយ តែទំនាស់ទាំងនោះ នៅមិនត្រូវបានដោះស្រាយចេញជាលទ្ធផលអ្វីឡើយ មក​ទល់​នឹងពេលនេះ។

ហេតុអ្វីបានជាលោក អភិបាលខេត្ត និងស្រុក បានដឹង ហើយមិនអន្តរាគមន៍ជួយចេញបណ្ណ ជូនប្រជាពលរដ្ឋ​ជាអ្នកគ្រប់គ្រងពិតប្រាកដទាំងនោះ?

លោក ឈឹម សារ៉ុន៖ អស់លោកអភិបាលរងខេត្តបាត់ដំបង (លោក អ៊ុយ រី) មិនមែនមិនដឹងថា ដីនោះជារបស់​ពលរដ្ឋ​​នោះទេ។ ហើយគាត់ (អភិបាលរងខេត្តបាត់ដំបង) ក៏បានដឹងថាលោក ឈា នី បាននាំប្រជាពលរដ្ឋ​ខាង​ក្រៅ​មក​រស់​នៅលើដីជាកម្មសិទ្ធិនៃពលរដ្ឋផ្សេងទៀតដែរ។ ជាក់ស្តែងអ្នកដែលរងគ្រោះនោះ ខ្ញុំបានស្គាល់ទាំងអស់ ឯ​អ្នកដែល​វាស់វែងដីជំនាន់នោះ ក៏នៅមានវត្តមានដល់សព្វថ្ងៃនេះដែរ តែគាត់កំពុងតែឈឺធ្ងន់។

តើលោកហ៊ាន អះអាង និងមានសំអាងអ្វីខ្លះ ដែលថាដីនោះជាដីរបស់ពលរដ្ឋ កំពុងតែធ្វើការទាមទារ?

លោក ឈឹម សារ៉ុន៖ មិនពិបាកទេ បើចង់ស្រាវជ្រាវនោះ។ សួរថាតើពលរដ្ឋដែលបានចូលមករស់នៅក្នុង​តំនប់នោះ (បឹងប្រាំ) កាលមុនរស់នៅទីណា? ក្នុងភូមិអី? ហើយអ្នកដែលកំពុងទាមទារនោះវិញ ដែលភាគច្រើន ជាប្រជា​ពលរដ្ឋ​ក្រីក្រ បានទៅត្រួសត្រាយដីព្រៃដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតតាំងពីយូរណាស់មកហើយ មកទល់នឹងពេល​មានទំនាស់នេះ ដោយពុំមានប្លង់។ ឯអ្នកមានប្លង់វិញមិនដឹងមកពីណាទេ ហើយក៏មិនបានត្រួសត្រាយដីនោះនៅដែរ សូម្បីតែដីព្រៃមួយកាំបិទក៏មិនបានកាប់។ ដីទាំងនោះរបស់ប្រជាពលរដ្ឋ ដែលគ្មានបណ្ណកម្មសិទ្ធិ និងក៏កំពុងតែ​រង​គ្រោះ មិនមែនជាដីរបស់ប្រជាពលរដ្ឋដែលមិនបានមកឈូសឆាយ និងដែលនាំមករស់នៅដោយលោកមេឃុំ ឈា នី​នោះទេ។ ដីនោះពិតជាដីរបស់ពលរដ្ឋ ដែលកំពុងកាន់កាប់រាល់ថ្ងៃ ដែលមិន​បាន​ទទួលប័ណ្ណកម្មសិទ្ធិមកពីបឹងព្រលឹត​ជាអ្នកក្រីក្រី និងជាអ្នកត្រួសត្រាដោយខ្លួនឯងតាំងពីកងទ័ពចែកដីឲ្យ និងរស់នៅ​រហូតមក។ ពួកខ្ញុំពិតជាអ្នកចែក​ដល់ គាត់ទាំងនោះ។

មុនពេលមានទំនាស់ តើប្រជាពលរដ្ឋ ចំណូលថ្មីនោះមានប៉ុន្មាន ក្រោយឆ្នាំ២០០៥? លោកយល់យ៉ាងណា ចំពោះ​ការនាំ​ប្រជាពលរដ្ឋចំណូលថ្មីចូលមកនោះ និងមានអ្វីដែលអាចជួយទប់ស្កាត់បាន?

លោក ឈឹម សារ៉ុន៖ ការគ្រប់គ្រងកាន់កាប់នោះ បន្ទាប់ពីឆ្នាំ២០០៥មក មានតែ១៧៥នាក់ទេដែលលោក ឈា នី បានប្រមូលមក។ ហើយលោកឈា នី បានប្រមែរប្រមូលមករស់នៅជាបន្តរបន្ទាប់ ហើយក៏មានការទប់ស្កាត់​ដោយ​លោក សុខ អតីត អភិបាលស្រុកបវេល។ មកទល់នឹងពេលនេះបួនជំនាន់ហើយនៃការគ្រប់គ្រងស្រុកបវេល។ ហើយ​លោកក៏ជឿជាក់ដែរថា បើមិនមានការគាំទ្រពីថ្នាក់ដឹកនាំទេ ក៏មិនអាចធ្វើទៅបានដែរ។ ពលរដ្ឋពិតប្រាកដធ្វើការ​ទាមទារ។ លោកឈា នី ដែលមានកម្លាំងក្នុងដៃ បានធ្វើការចាប់ចងប្រជាពលរដ្ឋ និងថែមទាំងធ្វើទារុណ្ឌកម្មលើពួក​គាត់ថែមទៀតផង។ ( …) ខ្ញុំក៏មិនអាចជួយបានដែរ ព្រោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទៀតទេ។ ឯអភិបាល​ស្រុកនិយាយឲ្យតែល្អស្តាប់ និយាយឲ្យតែរួចពីមាត់ ម្ចាស់ដីនៅតែទឹកភ្នែកដដែល ហើយអ្នកដែលទៅយករបស់គេ (ដី) កាន់តែសប្បាយ។

ចំណែកតំបន់នានាដែលនៅឆ្ងាយ តើមានការរំលោភបំពានដីធ្លីនេះដែរឬទេ? ហើយស្ថានភាព (ជីវភាព) ប្រចាំ​ថ្ងៃរបស់​លោកឈា នី បច្ចុប្បន្ននេះយ៉ាងម៉េចដែរ? មានសំអាងអ្វីខ្លះ?

លោក ឈឹម សារ៉ុន៖ តំបន់ដែលលោក ឈា នី ទៅមិនដល់ ពួកគាត់(ពលរដ្ឋ)ក៏មិនបានរងគ្រោះទេ។ ហើយរស់នៅ​យ៉ាងសុខសាន្ត​មក​ទល់នឹងពេលនេះ។ ឯលោក ឈា នី បច្ចុប្បន្ន មានទាំងត្រាក់ទ័រ មានទាំងឡានលុចស៊ីស។ គាត់​មានលុយពីណាមកឆាប់ម្លេះ ដោយមិនធ្វើអ្វីសោះនោះ។ ក្រោយពីពលរដ្ឋមួយចំនួន ​ដែលបានអះអាងថាខ្លួនបាន​ចំណាយ«លុយ»យ៉ាងច្រើនដើម្បីបានដីនេះ ខ្ញុំសន្និដ្ឋានថា បើមិនមែនបានពីការដកដីប្រជាជន ទៅលក់ឲ្យ​ប្រជាជន​ផ្សេងទៀតទេ គាត់ក៏មិនមានឆាប់យ៉ាងដូច្នេះដែរ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...