អ្នកបូរីកីឡា ស្នើឲ្យសាលារាជធានីបន្តរសង់អាគារ តាមការសន្យា (P)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងមិនត្រូវការនូវជម្រកបណ្តោះអាសន្នទេ អ្វីដែលយើងត្រូវការគឺជាជំរករស់នៅយ៉ាងពិតប្រាកដ។ (...) តើជំរឿនឯកសារអ្វីទៀត តើឲ្យពួកខ្ញុំជំរឿនប៉ុន្មានដងទៀត ជាងពីរឆ្នាំមកហើយនេះ។ យើងត្រូវការឲ្យសង់អាគារទីប្រាំបួន ទីដប់ មិនអាចបន្តររស់នៅលើគំនរសម្រាមតទៅទៀតបានទេ។» នេះជាការលើកឡើងរបស់ប្រជារងគ្រោះខាងដីធ្លី អ្នកស្រី ញឹម សុឃៀង បន្ទាប់ពីមានការសម្រុកចូលវាស់វែងដី ដោយគ្មានការជូនដំណឹងរបស់ក្រុមហ៊ុន ដែលដឹកនាំដោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម និងក្រោយពីពួកគាត់សម្រុកចូលក្នុងអាគារទីប្រាំបួន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ។
ជ្រុងមួយនៅតំបន់បូរីកីឡា។ (រូបថត ឯកសារ)
សិទ្ធិ និងលំនៅដ្ឋាន - ក្រោយពីមានការចុះវាស់វែង ក្នុងការកំណត់ទំហំដីសម្រាប់ចែកជូនប្រជាពលរដ្ឋអ្នកបឹងកក់ ស្នាក់នៅជាបណ្តោះអាសន្ន និងការសម្រុកចូលស្នាក់នៅក្នុងអាគារទីប្រាំបួន នៃអ្នកដែលកំពុងខ្វះជំរកនោះ សាលារាជធានីភ្នំពេញ បានឲ្យតំណាងអ្នកពលរដ្ឋនៅបូរីកីឡា ចំនួន១២រូប ចូលទៅពិភាក្សាដើម្បីរកស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការ«សង់» សំណង់បណ្តោះអាសន្ននោះ ក្នុងព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៤នេះ។
លោក ពេជ្រ លឹមឃួន តំណាងអ្នកបុរីកីឡា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្រោយពីកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញថា លោកទទួលយកនូវប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស ដែលបានលើកឡើងយ៉ាងល្អៗ ដោយមានគម្រោងជួយប្រជាពលរដ្ឋ និងបន្តរការដោះស្រាយជូនប្រជាពលរដ្ឋនោះ។ លោកបានបន្តរថា បញ្ហាដែលកើតឡើងម្សិលម៉ិញនេះ ដោយសាតែគណកម្មការចម្រុះ ដែលចុះបោះបង្គោលកំណត់ជម្រកបណ្តោះអាសន្នជូនពលរដ្ឋនោះ មិនបានសហការ និងពិភាក្សាជា មួយពលរដ្ឋមុនពេលចុះវាសវែងនោះ។
តំណាងប្រជារងគ្រោះ លោក ពេជ្រ លឹមឃួន បានបន្តរថា «យើងអាចទទួលយកបាន បើដូចអ្វីដែលបានសន្យា។ តែត្រូវតែធ្វើឲ្យបានច្បាស់លាស់ មិនមែនបាតដៃ ជាខ្នងដៃនោះទេ។ ហើយក៏សុំឲ្យអាជ្ញាធរថ្នាក់ក្រោមទាំងនោះ ធ្វើអ្វីឲ្យប្រាកដប្រជាជាមួយប្រជាពលរដ្ឋ។ កុំនិយាយយ៉ាងនេះ រួចទៅធ្វើយ៉ាងនោះ ប្រជាពលរដ្ឋមិនមែនដប់គត់ទេ ប្រជាពលរដ្ឋក៏ជាមនុស្សដែរ។ (...) គាត់ថាដកសិទ្ធិចេញពីក្រុមហ៊ុន តែក្រុមហ៊ុននៅតែបន្តរធ្វើតូបលក់រាល់ថ្ងៃ ហើយក្រុមហ៊ុននោះ ក៏បានទៅឈរបញ្ជាអាជ្ញាធរថ្នាក់ក្រោមទាំងនោះទៀត ដូចជាការវាស់វែងពីម្សិលម៉ិញជាដើម។»
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋខ្ញុំស្រួលណាស់ មិនពិបាកទេ ព្រោះមិនចង់រស់នៅលើគំនរសម្រាម។ បើគាត់ដោះស្រាយខ្ញុំនឹងទទួលយកហើយ តែឲ្យមានការកំណត់ជាក់លាក់ តើត្រូវរងចាំប៉ុន្មានខែ ប៉ុន្មានឆ្នាំប៉ុនហ្នឹងទៅបានហើយ ខ្ញុំអស់ចិត្តហើយ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានទេដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែបើតាមលោក ពេជ្រ លឹមឃួន ដដែល បានបញ្ជាក់ថា លោក ប៉ាសុជាតិវង្ស បានបញ្ជាឲ្យដកក្រុមហ៊ុននោះចេញពីតំបន់បុរីកីឡា និងឲ្យស្វែងរកអ្នកណាជាអ្នកបន្តរឲ្យនៅទីនោះទៀត។
ក្រោយពីចេញពីប្រជុំជាមួយសាលារាជធានីភ្នំពេញថា អ្នកស្រី ញឹម សុឃៀង ប្រជារងគ្រោះពីតំបន់បូរីកីឡាដដែល បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ មិនបានសន្យាក្នុងការសង់អាគារទី៩ និងទី១០ ឲ្យទេ តែថានឹងមានការសង់ នូវជម្រកបណ្តោះអាសន្នសម្រាប់អ្នកបុរីកីឡា ដែលមិនទាន់ទទួលបានផ្ទះ។ ការសង់នេះរូមមានបន្ទប់អនាម័យ ភ្លើង ទឹក និងប្រមូលសម្រាមចេញ។ តែលោកមិនបានបញ្ជាក់ពីទំហំ នៃជម្រកបណ្តោះអាសន្ននោះទេ។
អ្នកស្រីញឹម សុឃៀងបន្តរថា «ទោះជាយ៉ាងនេះក្តី ពួកយើងមិនចង់បាននូវជំរកបណ្តោះអាសន្ននោះទេ។ យើងនឹងតស៊ូប្តូរដោយការរស់នៅលើអាគារទីប្រាំបួននោះ ដោយមិនមានការរាថយទេ បើទោះបីមានការបណ្តេញចេញដោយបង្ខំជាថ្មីក៏ដោយ។ «ពីមុនព្រួយបារម្ភ តែពេលនេះអស់ការព្រួយបារម្ភហើយ។ ក្នុងរយៈពេលជាងពីរឆ្នាំនេះ ធ្វើឲ្យខ្ញុំបាត់បង់កូន បាត់បង់ប្តី បាត់បង់ការងារ មុខរបរ កូនៗបាត់បង់ការសិក្សា។ អ្វីត្រូវការ គឺផ្ទះពិត។ តើការសន្យារបស់សាលារាជធានីនេះ មានអ្វីដែលអាចធ្វើឲ្យខ្ញុំជឿជាក់ទៀតដែរឬអត់។ ហេតុអ្វីមិនធ្វើការបកស្រាយរឿងអាគារទី៩ និងទី១០នេះ តើទៅណាទៅ?»
ថ្មីៗនេះមានសំណង់អាគារមួយ ដែលមិនទាន់សង់រួចរាល់ជាស្ថាពរ នៅឡើយ។ ហើយត្រូវបានពលរដ្ឋសម្រុកចូលស្នាក់នៅកាលពីថ្ងៃទី១២ ខែកុម្ភៈនេះមានចំនួន ២៦គ្រួសារ និងក្នុងមួយបន្ទប់ប្រាំគ្រួសារស្នាក់នៅជាបណ្តោះអាសន្ន។ បើតាមលោក ពេជ្រ លឹមឃួន ដែលបានចូលរយមក្នុងការស្នាក់នៅអាគារនោះបានបញ្ជាក់ថា ទោះយ៉ាងណា គ្រួសាររបស់លោក ក៏មិនចុះចេញពីអាគារនោះដែរ។ តែលោកនឹងចាកចេញ ប្រសិនបើបុគ្គលណាម្នាក់ជាជនរងគ្រោះក្នុងតំនប់នោះដែរ និងមានឯកសាគ្រប់គ្រាន់បញ្ជាក់ថាជាម្ចាស់។ «ខ្ញុំនៅចង់ដឹងថា អ្នកណាជាម្ចាស់។ ព្រោះដីពាក់ព័ន្ធនឹងកិច្ចសន្យាថ្ងៃទី៣ ខែមករា ឆ្នាំ២០០៤។ ធ្វើយ៉ាងណារកម្ចាស់លើអាគារជាងបួនពាន់ម៉ែត្រការ៉េនេះ។ អ្នកណាអ្នកទិញ ឆាប់ចេញមុខមក បើក្លាហាន និងជាមាសសុទ្ធកុំខ្លាចភ្លើង ទោះអ្នកមានលុយជាអ្នកទិញក៏ដោយ នឹងបង្ហាញឯកសារថាទិញពីបុគ្គល ក ឬ ខ ។ ខ្ញុំមិនប្តឹងលោកទេ ខ្ញុំនឹងប្តឹងអ្នកលក់វិញ។»
ទាក់ទងនឹងការបណ្តេញចេញពីអាគារដែលពួកលោក កំពុងចូលនៅដើម្បីស្វែងរកមុខម្ចាស់ពិតប្រាកដនោះ លោកបានបន្ថែមយ៉ាងដូច្នេះថា «បើសិនជាគេ(អាជ្ញាធរ) ដាក់កម្លាំងបង្ក្រាប បើគេយល់អំពីច្បាប់ គេអ្នកធ្វើច្បាប់ គេអ្នកគោរពច្បាប់ មន្រ្តីរាជការស្លៀកពាក់ឯកសណ្ឋានមិនគិតពីភាពថ្លៃថ្នូរ ឲ្យគេធ្វើទៅ។ ទង្វើអស់នេះខ្ញុំមិនមានប្រើអំពើហិង្សា ខ្ញុំគ្រាន់តែចង់ដឹងម្ចាស់ប៉ុណ្ណោះ បើយកកម្លាំងមកបង្ក្រាបលោកអញ្ជើញមកទៅ! ប្រជាជនខ្ញុំសុខចិត្តស្លាប់នៅកន្លែងនោះ ខ្ញុំអត់ធ្វើអ្វីប្រឆាំងនឹងនយោបាយទេ។ ចង់បង្ក្រាបយ៉ាងណា ក៏បង្ក្រាបទៅ!»
សម្រាប់សង្គមស៊ីវិលដែលមានវត្តមាននៅទីនោះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានលើកឡើងថា ធ្វើយ៉ាងណាអាជ្ញាធរត្រូវតែមានការទទួលខុសត្រូវ និងភាពម្ចាស់ការលើការងាររបស់ខ្លួន។ លោកបន្តរថា តែបើអាជ្ញាធរមិនបានធ្វើការដោះស្រាយសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងគ្មានជំរកនេះឲ្យបានសមរម្យ តែនៅតែបន្តរការប្រើហិង្សាទៀតនោះ វានឹងមានផលអាក្រក់សំពើសង្កមជាតិ នៅពេលដែលវិបត្តិនយោបាយកំពុងតែជាប់គាំង និងគ្មានដំណោះស្រាយនោះ។ «រៀបចំលំនៅដ្ឋានឲ្យពួកគាត់ឡើងវិញ ឬសំណងឲ្យពួកគាត់សមរម្យ ដោយពួកគាត់អាចចាកចេញ ទៅរស់នៅកន្លែងណាមួយ ដែលអាចមានផ្ទះសម្បែងសមរម្យសម្រាប់ពួកគាត់។ បើមិនអញ្ចឹង គេអាចហៅអាជ្ញាធរថា គ្មានការទទួលខុសត្រូវ ឬខ្វះការទទួលខុសត្រូវ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤