ម្ចាស់​បណ្តឹង​នៅ​បូរីកីឡា ថា​គ្មាន​ជំនឿ​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ

បន្ទាប់ពីដាក់ពាក្យបណ្តឹងប្តឹងអភិបាល មន្ត្រីខណ្ឌ៧មករា និងអ្នកក្រោមឱវាទរួចរាល់ ម្ចាស់បណ្តឹងមកពីសហគមន៍ បូរីកីឡា ហាក់គ្មានទំនុកចិត្តទៅលើសាលាដំបូងរាជធានីភ្នំពេញ ថានឹងចាត់ការលើបណ្តឹងពួកគាត់ឡើយ។ តែបើ​ទោះយ៉ាងនេះក្តី ជនរងគ្រោះទាំងនោះ នៅតែបន្តទាមទារឲ្យមានការត្រួតពិនិត្យពាក្យបណ្ដឹងរបស់ខ្លួន ជាបន្ត។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីដាក់ពាក្យបណ្តឹងប្តឹងអភិបាល មន្ត្រីខណ្ឌ៧មករា និងអ្នកក្រោមឱវាទរួចរាល់ ម្ចាស់បណ្តឹងមកពីសហគមន៍ បូរីកីឡា ហាក់គ្មានទំនុកចិត្តទៅលើសាលាដំបូងរាជធានីភ្នំពេញ ថានឹងចាត់ការលើបណ្តឹងពួកគាត់ឡើយ។ តែបើ​ទោះយ៉ាងនេះក្តី ជនរងគ្រោះទាំងនោះ នៅតែបន្តទាមទារឲ្យមានការត្រួតពិនិត្យពាក្យបណ្ដឹងរបស់ខ្លួន ជាបន្ត។


អ្នកស្រី ហាស់ សុខចិន្តា កាន់ពាក្យបណ្ដឹងចូលតុលាការ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅសហគមន៍បូរីកីឡាចំនួន៧នាក់ ដែល​ទទួលរងអំពើហិង្សា ក្នុងពេលបង្រ្កាបកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង​រាជធានីភ្នំពេញ។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបូរីកីឡា នៅថ្ងៃនេះ បានបញ្ជាក់ថា ពួកខ្លួនប្ដឹងមន្ត្រីបីនាក់រួមមាន លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា លោកលឹម សុភា អភិបាលរងខណ្ឌ៧មករា លោក ប្រាក់ ហាក់ ប្រធាន​សន្តិសុខខណ្ឌ៧មករា ព្រមទាំងសន្តិសុខខណ្ឌ៧មករា ប្រមាណជាង៣០នាក់ផ្សេងទៀត។

ក្នុងពាក្យរបស់ប្រជាពលរដ្ឋទាំង៧នាក់ដដែល បានអោយដឹងថា សុំអោយតុលាការផ្តន្ទាទោសជនប្រព្រឹត្តទាំងនោះ ទៅតាមច្បាប់ និងទាមទារជំងឺចិត្ត ក្នុងមួយនាក់ ចំនួន២៥០០ដុល្លា។

បន្ទាប់ពីចូលទៅដាក់ពាក្យបណ្តឹង នៅក្នុងសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ម្ចាស់ដើមបណ្តឹងអ្នកស្រី ហាស់ សុខចិន្តា បានរៀបរាប់ថា អ្នកស្រីគ្មានសង្ឈឹមទៅលើតុលាការទេ ព្រោះពាក្យបណ្តឹងកន្លងមក ដែលប្រជាពលរដ្ឋ​សហគមន៍បូរីកីឡាប្តឹងអ្នកស្រី ស៊ុយ សុផាន ហៅយាយភូ កាលពីថ្ងៃ៣មករា មកទល់ពេលនេះ អត់មានអ្នកណា​កោះហៅស្ត្រីអ្នកមានប្រាក់រូបនេះ មកប្រឈមមុខជាមួយប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ ពាក្យបណ្តឹងរបស់​អ្នកស្រីស៊ុយ សុផាន ដែលប្ដឹងប្រឆាំងនឹងពលរដ្ឋ បានប្រើរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ សម្រាប់ឲ្យតុលាការ​មាន​ចំណាត់ការ។ ជាពិសេសទៅទៀត ពលរដ្ឋដែលស្ត្រីប្រធានក្រុមហ៊ុន ផាន អ៊ីមិច រូបនេះប្តឹងចោទប្រកាន់ ពលរដ្ឋរូប​នោះនឹងត្រូវប្រឈមមុខ នឹងការចាប់ដាក់ពន្ធនាគារគ្រប់ពេលវេលា។

បើទោះបីជា អ្នកស្រីហាស់ សុខចិន្តា អះអាងពីភាពគ្មានទំនុកចិត្ត ទៅលើតុលាការយ៉ាងណាក្តី ប៉ុន្តែអ្នកស្រីបាន​បញ្ជាក់ថា «អ្វីដែលខ្ញុំធ្វើ គឺក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ តុលាការគឺជាតុលាការរបស់ខ្មែរ អញ្ចឹងខ្ញុំត្រូវតែដាក់ពាក្យ ដើម្បីអោយគាត់ទទួលនូវដំណោះស្រាយរបស់ខ្ញុំ។ តែបើគាត់មិនមានចំណាត់ការ ពួកខ្ញុំនឹងមាន​វិធីសាស្រ្ត​ផ្សេង​ទៀត។»

ប្រតិកម្មចំពោះពាក្យបណ្តឹង របស់អ្នកភូមិបូរីកីឡានៅថ្ងៃនេះ លោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា បានឆ្លើយ​តបថា លោកមិនខ្វល់នឹងពាក្យបណ្ដឹងទាំងនោះទេ ព្រោះរូបលោកបានអនុវត្តទៅតាម បញ្ជា«ថ្នាក់លើ»ដែរ។ លោកបានប្រាប់អោយដឹងទៀត ក្នុងការប៉ះទង្គិចថ្ងៃនោះ ក៏មិនដឹងអ្នកណាជាអ្នកបង្កដែរ ពីព្រោះវាក៏មានការគប់ដុំថ្ម ហើយអាស្រ័យទៅលើតុលាការស៊ើបអង្កេត តាមហេតុកាណ៍ហ្នឹងចុះ។

មន្រ្តីច្បាប់នៃអង្គការសិទ្ធលំនៅដ្ឋាន លោក ណង អូនី បានថ្លែងអះអាងថា បើមើលទៅលើបណ្តឹង និងមូលហេតុ​នៃ​ការប្តឹងរបស់ប្រជាពលរដ្ឋ គឺមានពេញលេញទាំងអស់។ មន្រ្តីច្បាប់រូបនេះកត់សម្គាល់ទៀតថា «ក៏ប៉ុន្តែតាមអ្វីដែល​ខ្ញុំកត់សម្គាល់មក បណ្តឹងជនរងគ្រោះ គឺតុលាការមិនបានចាត់ការទេ។ សំរាប់ខ្ញុំមិនសូវជាមានសង្ឃឹមទេ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋត្រូវតែដាក់ពាក្យបណ្តឹង ប្តឹងអោយគ្រប់ស្ថានប័នទាំងអស់ ដើម្បីបង្ហាញអោយឃើញថា ប្រជាពលរដ្ឋ​បានបំពេញកាតព្វកិច្ច។»

តែយ៉ាងណាក៏ដោយ លោក ណង អូនី នៅតែសង្ឃឹមថា តុលាករនឹងចាត់ការបណ្តឹងនេះ។ លោកបានថ្លែងដោយ​សង្កត់ធ្ងន់ដូច្នេះថា «បញ្ហានៅក្នុងស្រុកខ្មែរ គឺបង្កើតវប្បធម៌និទណ្ឌភាព អ្នកធំតែងតែមានប្រៀបទៅលើអ្នកតូច អ្នក​តូចជាជនរងគ្រោះ មិនដែលមានផ្តល់យុត្តិធម៌ពិតប្រាកដនោះទេ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១១ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...