ពលរដ្ឋពីខេត្តក្រចេះ ចោទអភិបាលរងស្រុកឆ្លូង ថាបំពានដីខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 08, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្លេងស្រែកយំ ទួញសោក របស់ប្រជាកសិករមកពី ប្រាំភូមិ ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានបន្លឺឡើង នៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ ដើម្បីថ្លែងរៀបរាប់ ពីទុក្ខព្រួយដែលអះអាងថា បុគ្គលមានអំណាច បានរំលោភបំពាន និងប្លន់យកផ្ទះ ដីស្រែចំការរបស់ពួកគាត់។ នេះជាបញ្ហាដីធ្លីទំហំ ១៤៤ហិចតា ដែលបានប៉ះពាល់ ទៅដល់ពលរដ្ឋកសិករ ប្រមាណជា ៦៥គ្រួសារ ហើយនៅតែរកដំណោះស្រាយមិនចេញ នៅឡើយ។ រហូតមកដល់ពេលនេះ ពួកគាត់បានរៀបរាប់ទៀតថា អភិបាលរងស្រុក ឆ្លូង កំពុងដឹកនាំកម្លាំង មកធ្វើការឈូសឆាយ កំទេចផ្ទះសំបែង និងស្រែចំការ ព្រមទាំងចាប់ពលរដ្ឋ វាយនិងដាក់គុក នោះទៀត។
អ្នកស្រី កៅ ឆេង ពលរដ្ឋមួយរូប ក្នុងចំណោមពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរពីស្រុកឆ្លូង ខេត្តក្រចេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមពលរដ្ឋទាំងអស់គ្នា ដែលឡើងមកដល់រាជធានីភ្នំពេញនេះ ចង់សុំស្នើឲ្យលោកនាយករដ្ឋមន្រ្តី ជួយអន្តរាគម សម្រាប់គ្រួសារអ្នកស្រី បានរស់នៅលើដីធ្លី របស់ខ្លួនដូចគេឯង។ ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែរ អ្នកស្រីមានដីតែពីរហិកតាប៉ុណ្ណោះ រស់នៅតាំងពីឆ្នាំ២០១០មក។
តែដីនោះ ត្រូវបានលោកអភិបាលរង ស្រុកឆ្លូង លោក ខ័ណ្ឌ ចំណាន បានយកគ្រឿងចក្រ មកឈូសឆាយ វាយពលរដ្ឋ និងចាប់ដាក់គុកក៏មាន។ ហេតុការណ៍ឈូសឆាយនេះ បានកើតឡើង ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ថ្មីៗនេះ និងបានដកយកដីនេះ ទៅឲ្យប្រជាពលរដ្ឋផ្សេងទៀត។ អ្នកស្រីបានថ្លែងឡើងថា៖ «កាលមកលើកមុន គេថា ចាំគេរកដំណោះស្រាយឲ្យ ពួកខ្ញុំក៏នាំគ្នាទៅវិញ។ ចេះតែចាំៗ មិនឃើញ ពួកខ្ញុំឡើងមកទៀត។ ចេះតែចាំមើលថា មានដំណោះស្រាយឲ្យ ថាកុំអាលទៅណាទៅណី ចាំគេរកខុសត្រូវឲ្យ តែរហូតមកពេលនេះមិនឃើញ។»។
រីឯពលរដ្ឋមួយរូបទៀត អ្នកស្រី ចេង ស្រីនាង បានអះអាងបន្ថែមថា តាំងពីឆ្នាំ២០១០ ការរស់នៅលើដីទាំងនោះ បានប្រព្រឹត្តិទៅ ដោយគ្មានការជំទាស់ និងហាមឃាត់ ពីអាជ្ញាធរមូលដ្ឋានណាឡើយ។ ចំណែកអ្នកស្រី ប្រឹម សុគន្ធ មកពីភូមិប្រមា ស្រុកឆ្លូង ខេត្តក្រចេះ បានពន្យល់ថា ការពិត ដីដែលប្រជាពលរដ្ឋកាន់កាប់ទាំងអស់នោះ ដើមឡើយជាដីព្រៃ។ ហើយពលរដ្ឋ បាននាំគ្នាកាប់ឆ្ការ ដើម្បីសង់លំនៅដ្នាន និងដាំដំណាំសម្រាប់ចិញ្ចឹមជីវិត ដោយហេតុថា សុទ្ធតែជាអ្នកក្រ គ្មានលទ្ធភាពនឹងមានដីធ្លី រស់នៅដូចគេឯង។ លុះក្រោយមក លោក ខ័ណ្ឌ ចំណាន បានមកចោទប្រកាន់ពួកគាត់ ថារស់នៅដោយខុសច្បាប់ ហើយបានដកហូតដី ជាមួយនឹងការគម្រាមផ្សេងៗ ដើម្បីយកដីនេះ ទៅប្រគល់ឲ្យជនជាតិខ្មែរ«ឥស្លាម» ដែលគេហៅថា ៩៩៨ (គ្រួសារ)។
ក្រុមអ្នកមានអំណាច មានលុយ ព្រោះតែចង់បានដី របស់ប្រជាពលរដ្ឋក្រីក្រ តូចតាច គ្មានកម្លាំងតតាំង មកគម្រាមកំហែង សម្លុត និងទាំងចោទប្រកាន់ថា ដីពួកគាត់ដែលកំពុងរស់នៅ ជាងប្រាំឆ្នាំនេះ ជាដីខុសច្បាប់។ នេះជាការលើកឡើង របស់ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស្រេង ផូ មកពីភូមិប្រមា ស្រុកឆ្លូង ដោយអ្នកស្រី បានបន្ថែមឲ្យដឹងទៀតថា ដល់ពេលដែលពលរដ្ឋមិនសុខចិត្ត ព្រោះតែរងគ្រោះបាត់បង់ដីធ្លីនោះ ក៏បានចេញមុខមកការពារដីរបស់ខ្លួន ក្រុមកម្លាំងអាជ្ញាធរស្រុក កម្លាំងប៉េអឹមនានា បានប្រើប្រាស់ហិង្សា ជាមួយនិងការកំហែងនានា រហូតមានការចាប់ដាក់គុកជាដើម។
តំណាងឲ្យពលរដ្ឋ៦២ គ្រួសារ លោក អ៊ុយ ផល្លី បានថ្លែងឡើងថា ពួកគាត់ត្រូវបានអាជ្ញាធរមូលដ្ឋាន ដកហូតយកដីលំនៅដ្ឋាន និងចំការរបស់ពួកគាត់ ទៅឲ្យប្រជាពលរដ្ឋដទៃផ្សេងទៀត ហៅថា ពលរដ្ឋ៩៩៨ គ្រួសារ ដែលទើបនឹងមក។ សម្រាប់ដីរបស់លោក ដែលបានមករស់នៅក្នុងឆ្នាំ២០០៤ និងដីពលរដ្ឋនានាផ្សេងទៀត ដែលបានមករស់នៅ ជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃ សុទ្ធតែមានការដឹងលឺ និងអនុញ្ញាដោយអាជ្ញាធរឃុំ។ លោកថា បច្ចុប្បន្ននេះដីផ្ទះ និងចំការទាំងនោះ កំពុងត្រូវបានឈូសឆាយ ដោយមិនរង់ចាំការដោះស្រាយណាមួយ តាមផ្លូវច្បាប់ឡើយ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទាក់ទងលោក ខ័ណ្ឌ ចំណាន អភិបាលរងស្រុកឆ្លូង ខេត្តក្រចេះ ជុំវិញការចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើនេះបានទេ។
ក្រុមពលរដ្ឋទាំងនោះ ត្រូវបានតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ និងសមាជិកគណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ចេញជួបមក ទទួលញត្តិ ជាមួយនឹងការថ្លែងថា នឹងខិតខំជួយរកដំណោះស្រាយ។ ដោយឡែក គេមិនឃើញ តំណាងរាស្រ្ត ខាងគណបក្សប្រជាជនកម្ពុជាណាម្នាក់ ចេញមកជួបក្រុមពលរដ្ឋទាំងនោះឡើយ។
លោក ងឹម ញ៉េញ តំណាងរាស្រ្តមណ្ឌលពោធិសាត់ មកពីគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកមានតួនាទីទទួលពាក្យបណ្តឹង និងញត្តិរបស់ប្រជាពលរដ្ឋ ជាមួយនឹងការពិនិត្យ អង្កេត ដើម្បីស្វែងរកអន្តរាគមន៍ ពីរដ្ឋាភិបាល (អង្គការនីតិប្រតិបត្តិ)។ លោកបានថ្លែងឡើងថា៖ «ដូចដឹងហើយ បញ្ហានៅក្នុងសង្គមកម្ពុជា មានច្រើន និងធ្ងន់ធ្ងទាំងអស់។ បញ្ហារបស់ប្រជាពលរដ្ឋ ជាគោលជំហររបស់នីតិបញ្ញត្តិ យើងខំប្រឹងប្រែង ឲ្យអស់លទ្ធភាព ដើម្បីជួយជម្រុញឲ្យមានដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។»
កាលពីអំឡុងខែសីហា ឆ្នាំទៅម៉ិញ ករណីជម្លោះដីធ្លីនៅក្នុងខេត្តក្រចេះ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រតិកម្មខ្លាំងៗម្ដងហើយ។ នៅពេលនោះ ក្រៅពីបញ្ជៀសថា លោកមិនដែលបានដឹង ពីបញ្ហាដីធ្លីដែលកើតមាន ចំពោះប្រជាពលរដ្ឋនោះ លោក ហ៊ុន សែន បានថ្លែងព្រមាន សំដៅទៅអាជ្ញាធរខេត្តក្រចេះថា៖ «យើងត្រូវលេងគ្នាម្ដង ដើម្បីឲ្យដឹងរឿង។ យូរៗទៅ ស្អីតិចថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ឥឡូវ ខ្ញុំត្រូវតែតាមដានមើល ហើយនឹងតាមរករឿងទៀត។ បើលោកឯងមិនធ្វើទេ ហើយថាការងារនោះ(រឿងដីធ្លី) ធ្ងន់សម្រាប់ពួកអស់លោក លាលែងចុះ ខ្ញុំជូនតាមសំណើ។ បើធ្វើរដ្ឋមន្ត្រី ធ្វើប្រធានស្ថាប័ន មិនព្រមដោះស្រាយបញ្ហាជូនពលរដ្ឋកាន់តួនាទីធ្វើអី?»
» អានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
រីឯតំណាងរាស្រ្តមណ្ឌលកណ្តាល លោក ចាន់ ចេង ដែលជាលេខា នៃគណកម្មការទីមួយ របស់រដ្ឋសភា បានលើកឡើងថា ក្រុមការងារជំនាញ នៃគណកម្មការទីមួយនៃរដ្ឋសភា បានចុះទៅកាន់ខេត្តក្រចេះ ក្នុងខែមករាកន្លងមកនេះ ដើម្បីពិនិត្យ និងអង្កេតលើបញ្ហាវិវាទដីធ្លី ទូទាំងខេត្តក្រចេះនេះតែម្តង។ លោកបានលើកឡើងថា ក្រសួងមហាផ្ទៃ ធ្លាប់បានកោះហៅ អភិបាលខេត្តក្រចេះ មកសួរនាំក្នុងករណីវិវាទដីធ្លីនេះ តាមការស្នើសុំរបស់សភា (អភិបាលខេត្ត មិនមានការទទួលខុសត្រូវ ចំពោះមុខរដ្ឋសភាទេ)។ បន្ថែមពីលើនេះ លោក ចាន់ ចេង បានឲ្យដឹងទៀតថា គណកម្មការទីមួយនៃរដ្ឋសភា នឹងធ្វើលិខិតអញ្ជើញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកដោះស្រាយចំពោះមុខសភា ក្នុងពេលឆាប់ខាងមុខនេះ។ បន្ទាប់មក នឹងមានការកោះអញ្ជើញ ក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដូចជា ក្រសួងនគរូបនីយកម្ម និងខាងទំនាស់ដីធ្លី ដែលមានរដ្ឋមន្ត្រី លោក ប៊ិន ឈិន) មកឆ្លើយ នៅចំពោះមុខរដ្ឋសភាដែរ៕