នៅចំពោះការស្រែករបស់កូន រកម្ដាយ៖ «ពុកខុសហើយកូន»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 07, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជីវិតរបស់មនុស្ស «មានខ្ពស់ មានទាប» មិនប្រាកដថា អ្នកណាម្នាក់ អាចនៅជាអ្នកមានរហូត ឬមួយនៅជាអ្នកក្ររហូតនោះទេ។ សំខាន់ឲ្យតែមនុស្សនោះ មានគំនិតច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ ដោយមានគោលដៅជាក់លាក់ គ្មានបញ្ហាណា ដែលរកដំណោះស្រាយយ មិនបាននោះឡើយ។ តែអនិច្ចាបុរសម្នាក់នេះ បែរជាបានលើកឡើង ពីជីវិតរបស់ខ្លួនឲ្យដឹងថា តាំងពីមានប្រពន្ធច្រើន មានកូនជុំជិត រហូតដល់ជីវិត ប្រែក្លាយជាតែលតោល រស់នៅតែម្នាក់ឯងជាមួយកូន ព្រោះតែគំនិតមិនកើត។
បុរសដែលបានទម្លាយ រឿងជីវិតដ៏ជូរចត់របស់ខ្លួន ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានឈ្មោះ ភោគ តឿ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នលោករស់នៅ ជាមួយកូនប្រុសពីរនាក់ ដែលជីវិរបស់លោក ស្ទើរតែក្លាយទៅជាអ្នកសុំទានទៅហើយ។ ពោល គឺលោកនៅសល់ការងារ តែមួយប៉ុណ្ណោះ នោះគឺត្រូវដើរអូសរទេះអេតចាយ ដើម្បីលក់ដូរ បានប្រាក់បន្តិចបន្តួច គ្រាន់នឹងចឹញ្ចិមកូនប្រុសទាំងពីរ បានមួយថ្ងៃសម្រាប់មួយថ្ងៃ។
ភោគ តឿ ដែលមានវ័យជាង៣០ឆ្នាំ បាននិយាយទាំងទឹកមុខសោះកក្រោះ មកកាន់អ្នកសារព័ត៌មានថា លោកជាអតីតអ្នកមានប្រពន្ធបីនាក់ តែបច្ចុប្បន្នសូម្បីតែម្នាក់ ក៏គ្មានដែរ។
លោកថា ប្រពន្ធទី១មានកូនម្នាក់ ក៏បានបាក់បែកគ្នាទៅ ព្រោះលោកគំនិតមិនកើត បានជាប្រពន្ធនោះមិនរស់នៅជាមួយ។ ប្រពន្ធទីពីរ មានកូនពីរនាក់ទៀត គេក៏បានចាកចេញពីលោកទៀត ដោយមានអ្នកថ្មី រហូតដល់លោកមានប្រពន្ធទីបី នាងបានរស់នៅជាមួយលោក រហូតមានកូនប្រាំនាក់ បច្ចុប្បន្ននាងក៏ចាកចេញពីលោកដែរ គឺបានបន្សល់ទុក កូនប្រុសពីនាក់សព្វថ្ងៃ ដែលលោកមានក្នុងបន្ទុក។
បុរសដែលសារភាពថា ខ្លូនគ្មានគំនិតរកស៊ី ដែលធ្វើឲ្យប្រពន្ធ ចេះតែរត់ចោលរហូត បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី កាលពីថ្ងៃទី០៥ ខែមិថុនា នេះថា លោកឈប់យកប្រពន្ធ បន្តទៀតហើយ។ តែថ្ងៃណាមួយ ដែលប្រពន្ធរបស់លោកវិលត្រឡប់មកវិញ នោះលោកនឹងយល់ព្រមរួមរស់ ជាមួយនាងបន្ត ដោយសន្យាចឹញ្ចិមកូនទាំងអស់គ្នា ឈប់ប្រព្រឹត្តរឿងអាក្រក់ៗ ឲ្យនាងពិបាកអ្វីទាំងអស់។
បញ្ចប់ពាក្យសម្តីនេះ ស្ទើមិនទាន់ លោកបានបន្តថា ពេលនេះកូនប្រុសទាំងពីរនាក់ កំពុងតែនឹករកម្ដាយរបស់ខ្លួន ដែលបច្ចុប្បន្ន នាងកំពុងប្រកបរបរ ជាអ្នកលក់បន្លែនៅផ្សារនាគមាស តែនាងមិនបាននៅជាមួយលោក ដូចពីមុនទៀតទេ។ កូនប្រុសទាំងពីរ ដែលកំពុងគេង នៅលើរទេះកំសត់ ជាមួយឪពុកអភ័ព្ទ ដែលកំពុងដើរបណ្តែតខ្លួន តាមដងវិថីនានា នៅក្នុងរាជធានីភ្នំពេញនោះ ម្នាក់អាយុ៥ឆ្នាំឈ្មោះ ភោគ វិដ និងម្នាក់ទៀត អាយុ៤ឆ្នាំឈ្មោះ ភោគ វិន។៕