ពលរដ្ឋ​ថា​បាក់​ដី​ដោយ​«ការ​បូម​ខ្សាច់» អាជ្ញាធរ​ថា​មក​ពី​«គ្រោះ​ធម្មជាតិ»

យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលរស់នៅតាមដងទន្លេសាបប៉ែកខាងកើត ក្នុងនោះ​មាន​ជាង៨គ្រួសារ កំពុងប្រឈម ការបាក់ស្រុត ទាញផ្ទះចូលក្នុងទន្លេ ដោយគ្មានការអើពើពីអាជ្ញាធរមួលដ្ឋាន។ លោក ហ៊ាង គឹម ស្រឿន ប្រធានអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា អាជ្ញាធរកំពុងតែ​គេចវេសពី​ការទទួលខុសត្រូវ និងរុញដាក់គ្នាទៅវិញទៅមក នូវការបាត់ស្រុតផ្ទះសំបែងទាំងនោះ មកពីការបណ្តែតបណ្តោយ​ឲ្យ​ឈ្មួញបូមខ្សាច់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលរស់នៅតាមដងទន្លេសាបប៉ែកខាងកើត ក្នុងនោះ​មាន​ជាង៨គ្រួសារ កំពុងប្រឈម ការបាក់ស្រុត ទាញផ្ទះចូលក្នុងទន្លេ ដោយគ្មានការអើពើពីអាជ្ញាធរមួលដ្ឋាន។ លោក ហ៊ាង គឹម ស្រឿន ប្រធានអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា អាជ្ញាធរកំពុងតែ​គេចវេសពី​ការទទួលខុសត្រូវ និងរុញដាក់គ្នាទៅវិញទៅមក នូវការបាត់ស្រុតផ្ទះសំបែងទាំងនោះ មកពីការបណ្តែតបណ្តោយ​ឲ្យ​ឈ្មួញបូមខ្សាច់។


ផ្ទះពលរដ្ឋដែលបានបាក់ចុះទៅក្នុងទន្លេ នៅក្បែរស្ពានជ្រោយចង្វា។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិរស់នៅ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២៩ ខែមេសា នេះ ប្រធានអង្គការការពារ​ជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់ថា លោកបានទំនាក់ទំនងតាមទូរសព័ន្ទជាច្រើនដង តែមិនមានការបក​ស្រាយ​ណាមួយសមស្របឡើយ។ បច្ចុប្បន្ននេះអង្គការរបស់លោកកំពុងរៀបចំលិខិត ស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ​នានា ដើម្បីរកជំរកសុវត្តិភាពបណ្តោះអាសន្ន និងបានជាអចិន្ត្រៃកាន់តែប្រសើរ។

ក្រោមការតាមដានរបស់អង្គការលោក ដែលធ្វើការផ្តោតសំខាន់ទៅលើការគាំពារជនក្រីក្រ រងគ្រោះដោយការរំលោភ​បំពានច្បាប់ និងគ្រោះមហន្តរាយលោកបានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្រីក្រជាងប្រាំបីគ្រួសារ ក្នុង​ចំណោមជាង២០គ្រួសារ កំពុងមានការភ័យខ្លាចនៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ត្រូវបង្ខំចិត្តនៅក្រៅផ្ទះ​ក្រោម​តាក ដើម្បីជ្រកភ្លៀង មិនហ៊ាននៅក្នុងផ្ទះទេ។ លោកបានបន្ថែមថា ក្រោយចូលឆ្នាំខ្មែរថ្មីៗនេះ ផ្ទះប្រជាពលរដ្ឋទាំង​ប្រាំបីគ្រួសារនោះបានបាក់មួយកំណាត់ក្រោយទៅហើយ និងកំពុងបន្តស្រុតដីពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែដី​សំណើម​ទាំងនោះ។

ប្រធានអង្គការរូបនេះក៏បានលើកពីមូលហេតុនៃការបូមខ្សាច់នេះថា ព្រោះតែចង់បង្កើតនូវ «កោះពេជ្រ»ទីពី រដ្ឋាភិបាល បានអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនទាំងនោះបូមខ្សាច់ទៅលប់បឹងដែលមានឈ្មោះថា«បឹងទទឹងថ្នល់»។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋទាំងប្រាំបីគ្រួសារនោះ ក៏បានបង្ហាញនូវការព្រួយ​បារម្ម​ទីទៃៗពីគ្នា។ មិនចង់បានអ្វីច្រើនលើសលុបនោះទេ គ្រាន់តែចង់បានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងការ​ដោះស្រាយនូវជំរកសមរម្យប៉ុណ្តោះ។

អុំស្រី សុខ សុខុន អាយុ៧០ឆ្នាំ បានលើកឡើងថា លោកបានមករស់នៅលើតំបន់តាមមាត់ទន្លេសាបនេះ តាំងពីឆ្នាំ​១៩៧៩មកម្លេះ មិនដែលមានបញ្ហាអ្វីឡើយ។ ទើបតែក្នុងដើមឆ្នាំ២០១៤នេះ ក្រោយពីការបូមខ្សាច់របស់​ក្រុមហ៊ុន មានផ្ទះមួយចំនូនបានស្រុត និងបាក់ជាបន្តបន្ទាប់។ «ដី(វា)សើមជាប់ និងប្រេះជាបណ្តើរៗ។ ផ្ទះខ្ញុំបាក់​មួយ​កំណាត់​ក្រោយហើយ។ កុំបានផ្តាច់វាចោល កុំអីទាញយកទៅទាំងអស់ហ្នឹង។ (...) ឥឡូវខ្ញុំបានទល់​វាជា​បណ្តោះ​អាសន្ន តែ​គ្មានសង្ឃឹម និងធានាបានឡើយ។»

ដូចគ្នានេះអុំស្រី គុយ ចាន់បូ អាយុ៧០ឆ្នាំ បានបន្តថា គ្រួសារអុំស្រី កំពុងព្រួយបារម្មចំពោះការមិនយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន នូវបញ្ហា នៃការបាក់ច្រាំងទន្លេនេះ។ ព្រោះតែពួកគាត់ជាជនក្រីក្រ គ្មានលទ្ធភាព និងគ្មាន​លុយកាក់សម្រាប់ឲ្យមន្រ្តីទាំងនោះមកជួយដោះស្រាយ និងគិតគូរ។ «ពួកខ្ញុំជាអ្នកក្រ រកមួយថ្ងៃសម្រាប់មួយថ្ងៃ តើ​មានអ្វីដែលអាចទាក់ទាញឲ្យអាជ្ញាធរទាំងនោះ មកយកចិត្តទុកដាក់ទៅ។»


ផ្ទះពលរដ្ឋដែលបានបាក់ចុះទៅក្នុងទន្លេ នៅក្បែរស្ពានជ្រោយចង្វា។ (រូបថត MONOROOM.info/ O. Vary)

ចំណែកអុំប្រុស ព្រំ រស់ អាយុ៦៤ឆ្នាំក៏បានបន្ថែមថា ផ្ទះលោកក៏បានបាក់មួយកំណាត់ក្រោយដែរ។ លោកត្រូវបង្ខំ​ចិត្ត​ផ្តាច់វាចោលដើម្បីកុំឲ្យទាញ។ លោកបានបន្តថាពេលដីស្រុត ផ្ទះបាក់មិនមានមន្រ្តីអាជ្ញាធរណាមករវីរវល់នោះទេ។ លោកអុំរូបនេះបន្តថា៖ «ដល់ពេលផ្ទះខ្ញុំស្រុត និងខ្ញុំកាត់វាចោលដើម្បីកុំឲ្យទាញគ្នាទាំងផ្ទះមុខទៀត ស្រាប់តែមាន​មន្រ្តី​​ម្នាក់មកពីសុរិយោដីក្រុង មិនមកជួយដោះស្រាយ បែរជាមកហាមឃាត់មិនឲ្យកាត់ផ្ទះនោះទៅវិញ ដោយបាន​បញ្ជាក់ថា ឲ្យធ្វើបែបបទឲ្យបានត្រឹមត្រូវ មុននឹងកាត់ផ្តាចផ្ទះនេះ។» លោកក៏បានសួរសង្កាត់ គាត់បានអនុញ្ញាត​ឲ្យ​កាត់ផ្តាច់ ដើម្បីសុវត្ថិភាពគ្រួសារ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ពេជ្រ សារឿន ជាចៅសង្កាត់ជ្រោយចង្វា និងលោកស្រី ជា សំអុន ជាមេភូមិដើមគរទេ។ តែតាមការបញ្ជាក់ពីអ្នកកំពុងរងគ្រោះ នៃការបាក់ច្រាំងទន្លេម្នាក់ទៀតអ្នកស្រី គង់ ដាលីន អាយុ៣៦ឆ្នាំ បានបន្ថែមថា ក្រោយពីមានការស្រុតដី និងបាកច្រាំងទន្លេ អ្នកស្រីបានទៅរកមេភូមិ ក៏ដូចជា​ចៅសង្កាត់ មិនបានរវីរវល់ និងដោះស្រាយទេ គ្រាន់តែលើកឡើងថា «នេះជាគ្រោះធម្មជាតិ» សូមឲ្យមានការប្រយ័ត្ន​ប្រយ៉ែងប៉ុណ្ណោះ។ អ្នកស្រីបានបន្តថា មិនតែប៉ុណ្ណោះ លោកស្រីមេភូមិ ក៏បានគម្រាមថា ប្រជាពលរដ្ឋទាំងប្រាំបី​គ្រួសារនេះ ធ្វើការប៉ះបោរ ដោយស្វែងរកអន្តរាគមន៍ពីខាងក្រៅ មិននៅរង់ចាំការដោះស្រាយពីខាងអាជ្ញារធរទេ។

ឯអ្នកស្រី សៀន យី បានលើកឡើងថា ឲ្យពួកគាត់រំពឹងលើអាជ្ញាធរម្តេចនិងបាន បើដីបាក់ ផ្ទះស្រុត និងរលំ ទៅប្រាប់​អាជ្ញាធរមិននឹងអើពើផងនោះ។ អ្នកស្រីបានបន្តថា មកទល់នឹងពេលនេះជាងមួយខែហើយ គ្មានចំលើយណាមួយ​ជា​វិជ្ជមានក្នុងការដោះស្រាយពីអាជ្ញាធរ ក្រៅបីពាក្យថា «អាជ្ញាធរបានដាក់សំណើនេះ ទៅថ្នាក់លើហើយ។ ឲ្យប្រជា​ពលរដ្ឋ​ទាំងអស់ប្រយ័ត្នដោយខ្លួនឯងទៅ»៕


ផ្ទះពលរដ្ឋដែលបានបាក់ចុះទៅក្នុងទន្លេ នៅក្បែរស្ពានជ្រោយចង្វា។ (រូបថត MONOROOM.info/ O. Vary)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...