ពលរដ្ឋបូរីកីឡា១៥៤គ្រួសារ បន្តទាមទារ រហូតមានដំណោះស្រាយពិត
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 22, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមពលរដ្ឋរងគ្រោះ ទាំង១៥៤គ្រួសារ ដែលកំណត់ចែកជាបីក្រុម ដោយសាលារាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានមួយ បានទទួល នូវល័ក្ខខ័ណ្ឌនៃដំណោះស្រាយបញ្ចប់ នូវបញ្ហាលំនៅដ្ឋាន និងការតវ៉ានានា ដូចតទៅ៖
ប្រជាពលរដ្ឋក្រុមទីមួយ ប្រមាណ២៦ គ្រួសារ ត្រូវទទួលបាននូវផ្ទះមួយល្វែង នៅនឹងកន្លែង (អតីតបូរីកីឡា)។ ហើយប្រជាពលរដ្ឋទាំង២៦គ្រួសារនោះបានអបអរសាទ និង«ព្រម»ទទួលយកនូវការដោះស្រាយនេះ។
ប្រជាពលរដ្ឋក្រុមទីពីរ ប្រមាណ ៨៩ គ្រួសារទៀត «មិន»ត្រូវបានសាលារាជធានីភ្នំពេញ ប្រគល់ជាផ្ទះល្វែង នៅនឹងកន្លែងដូចអ្នក២៦គ្រួសារខាងលើ ឡើយ។ សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ដី និងសង់ទីស្នាក់នៅ ជាលក្ខណៈបន្ទប់ជួល ដែលមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ (៤m x ៥m) ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋក្រុមទីបី ដែលមានចំនួន៣៩ គ្រួសារមិនទទួលបាននូវដី និងផ្ទះឡើយ។ ពួកគាត់ ត្រូវបានសាលារាជធានីភ្នំពេញដោះស្រាយ តាមបែប«គោលនយោបាយ» ដោយប្រគល់ជា«ថវិកា»។ ក្រុមទីបីនេះ ក៏មិនត្រូវបានតំណាងសាលារាជធានីភ្នំពេញ បញ្ជាក់ពីចំនួនទឹកប្រាក់ ដែលត្រូវប្រគល់ឲ្យប្រជាពលរដ្ឋ ទាំង៣៩ថា តើមួយគ្រួសារនឹងត្រូវទទួលបាន ប៉ុន្មាននោះឡើយ។ ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំង៨៩ គ្រួសារ ប្រតិកម្មភ្លាមៗ មិនអាចទទួលយកដំណោះស្រាយ ដោយមិនបានដឹងពីចំនួនជាក់លាក់ របៀបនេះទេ។
អ្នកស្រី ឆាយ គឹមហ៊ន និងអ្នកស្រី ហាស ចិន្តា ពីរគ្រួសារក្នុងចំណោម២៦ គ្រួសារ ដែលបានទទួលផ្ទះមួយល្វែង ក្នុងទីតាំងអតីតបូរីកីឡា ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានបង្ហាញការពេញចិត្ត ទៅនឹងដំណោះស្រាយ របស់សាលារាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកស្រីបានសង្កត់ធ្ងន់ថា អ្វីដែលអ្នកស្រីឯកភាព និងទទួលយកនេះ គឺជាការដោះស្រាយមួយ ដ៏ពិតប្រាកដ ទទួលបាននូវផ្ទះមួយ ដែលមានលក្ខណៈជា«ផ្ទះពេញលេញ» តែមិនមែនជាបន្ទប់ជួល បែបកម្មករឡើយ។ ពួកអ្នកស្រីនិយាយថា៖ «ពួកយើងសង្ឃឹមថា និងទទួលបានសិទ្ធិ និងការរស់នៅបានសមរម្យ។ (...) អ្វីដែលយើងត្រូវការ គឺផ្ទះពិតប្រាកដសម្រាប់ពួកយើង ដែលមានទំហំជាលក្ខណៈពិតប្រាកដ មិនចង់បានផ្ទះ ដែលមានលក្ខណៈ ជាបន្ទប់ជួល របស់កម្មកនោះទេ។»
ចំណែកលោក ពេជ្រ លឹមឃួន ស្ថិតក្នុងចំណោម ៨៩គ្រួសារ ដែលនឹងត្រូវទទួលបានផ្ទះតូច មានលក្ខណៈបែបបន្ទប់ជួល បន្តរជាប់គ្នា ស្ថិតនៅភូមិអូអណ្តូង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានលើកឡើងថា ផ្ទះដែលនឹងត្រូវទទួលនោះមានទំហំ ៤ម៉ែត្រគុណនឹង ៥ម៉ែត្រ ដំបូលប្រក់សង្កសី ជញ្ជាំងរៀបឥដ្ឋ១០ សរសរគ្មានសសៃដែកចេញ បង្គន់សង់ពីមុខផ្ទះ។ លោកបន្តថា ផ្ទះទាំងនោះ សង់ជាប់ៗគ្នា គ្មានសល់ទំហំដីសងខាងឡើយ។ លោកបានថ្លែងឡើងថា៖ «ខ្ញុំមិនអាចទទួលយកបានទេ ចំពោះការដោះស្រាយនេះ។ ខ្ញុំ ក៏ដូចជាពលរដ្ឋមួយចំនួនទៀត នឹងរៀបចំឯកសារ ដើម្បីធ្វើការប្តឹងបន្ត ទៅកាន់គណៈកម្មការដោះស្រាយ បញ្ហាដីធ្លីនេះ។»។
មានប្រជាពលរដ្ឋមួយចំនួនទៀត បានបង្ហាញថា ខ្លួនបានបាត់បង់ឈ្មោះ ពីការទទួលបានផ្ទះល្វែង នៅបូរីកីឡា បែរជាមានឈ្មោះ ទៅនៅភូមិអូអណ្តូងទៅវិញ។ ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន អ្នកស្រី សោម សុមាលី បានបញ្ជាក់ថា ដើមឡើយ ក្នុងការទាមទារ និងដោះស្រាយនោះ ឈ្មោះអ្នកស្រីត្រូវបានបញ្ជូនទៅ រួចរាល់ហើយ។ តែក្នុងពេលនេះ ឈ្មោះអ្នកស្រីត្រូវបានគេដកចេញបាត់ ជំនួសដោយឈ្មោះ សៀង វ៉ាន់ឌី ទៅវិញ។ អ្នកស្រីបន្តថា៖ «ឈ្មោះ សៀង វ៉ាន់ឌី នេះ គ្មានក្នុងបញ្ជីនោះទេ។ (...) តែឥឡូវលប់ឈ្មោះខ្ញុំចោល ដាក់ឈ្មោះ សៀង វ៉ាន់ឌី ទៅវិញ។ អ្នកស្រីបន្តថា កន្លងមក គេហៅអ្នកស្រីឲ្យឡើងផ្ទះ ជាន់ទី៦ តែអ្នកស្រីប្រាប់ថា រង់ចាំចាប់ឆ្នោតវិញ។ អ្នកដែលហៅឡើងផ្ទះ ជាន់ទី៦នោះ ឥឡូវគេឡើងអស់ហើយ។ ខ្ញុំត្រូវបានគេដោះដូរឈ្មោះ ដូច្នេះខ្ញុំមិនសុខចិត្ត នឹងការសម្រេចនេះទេ ខ្ញុំនៅតែបន្តការតវ៉ាទៀត។»
បើតាមការបញ្ជាក់របស់អ្នកស្រី ឆាយ គឹមហ៊ន តំណាងប្រជាពលរដ្ឋបូរីកីឡា បានឲ្យដឹងថា ការធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការសាលារាជធានីភ្នំពេញនេះ មិនមែនជាការដោះស្រាយ និងស្វែងយល់ពីបញ្ហារបស់ប្រជាពលរដ្ឋទាំងនោះទេ។ សន្និសិទនេះគ្រាន់តែជាការបង្ហាញ ទីតាំងដែលត្រូវដោះស្រាយ សម្រាប់ប្រជាពលរដ្ឋ តាមរយៈការបញ្ចាំងស្លាយ ដែលបានរៀបចំជាស្រេច ដោយសាលារាជធានី។ សន្និសីទនេះ មិនបានអនុញ្ញាត ឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា ឬបកស្រាយអ្វីដែរ ក្រៅពីការសួរ និងឆ្លើយសំនួរ នឹងការចាំទទួលយក ការសម្រេចរបស់សាលារាជធានីភ្នំពេញ តែមួយមុខប៉ុណ្ណោះ។
ទាក់ទងនឹងការដោះស្រាយនេះ សាលារាជធានីភ្នំពេញក៏បានដាក់ឱសានវាទ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមិនសុខចិត្តនឹងការសម្រេច របស់សាលារាជធានីភ្នំពេញ នាពេលនេះ។ បើតាមការបញ្ចាក់ របស់លោក មាន ចាន់យ៉ាដា នាយករងរដ្ឋបាលសាលារាជធានី បានលើកឡើងថា រយៈពេលតវ៉ានេះ មាន៣០ថ្ងៃ បើពលរដ្ឋណាម្នាក់ មិនបានតវ៉ាក្នុងចន្លោះនេះទេ ចាត់ទុកថា យល់ព្រមតាមការសម្រេចនេះ។
នាយករងរដ្ឋបាលសាលារាជធានី បានបន្តថា កិច្ចការនេះ នៅមិនទាន់សម្រេចយ៉ាងណា នៅឡើយ។ ឯលទ្ធផលវិញ ក៏មិនទាន់ទទួលបានច្បាស់លាស់ នៅឡើយដែរ។ ដោយកិច្ចការទាំងអស់នេះ កំពុងស្ថិតនៅក្នុងការវាយតម្លៃ របស់គណកម្មការជំនាញ។ លោកបានថ្លែងថា៖ «ធម្មតាលទ្ធផលដែលដាក់ចេញ មនុស្សមិនទាន់ពេញចិត្តភ្លាមនោះទេ។ តែយើងមានគណកម្មការរបស់យើង ក្នុងការជួយគាត់ជាបន្តរ ក្នុងការជជែកគ្នាទៅមុខទៀត។»៕