បន្លំ​ខ្លួន​ជា​អ្នក​កាសែត​របស់​​សមាគម​អ្នក​រត់​​កង់​បី ហើយ​មក​គម្រាម​អ្នក​កាសែត

ក្រុមអ្នករត់ម៉ូកង់បីមួយក្រុម មានគ្នា៥នាក់ បានប្រកាសខ្លួន ថាជាអ្នកសារព័ត៌មាន របស់សមាគមកង់បីមួយ នៅរាជធានីភ្នំពេញ ហើយបានមកគម្រាម អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូមិនឲ្យចេញផ្សាយ ពីបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ដែលបានកើតឡើង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 22, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២០ខែមិនា ឆ្នាំ២០១៥ នៅជិតវត្តស្ទឹង​មាន​ជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍មួយ។ ក្រុម​អ្នករត់ម៉ូតូកង់បីទាំងនោះបាន និយាយថាខ្លួនជាអ្នកសារព័ត៌មានរបស់ សមាគមកង់បីមួយឈ្មោះ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ របស់លោក វ៉ន ពៅ។ បន្ទាប់ពីបាននិយាយបែបនេះចប់ អ្នកទាំងនោះ បានយកទូរស័ព្ទរបស់ខ្លួន ទៅថតសម្លេង អ្នកយកព័ត៌មាន បន្ទាប់មកបាន ទាក់ទងតាមវិទ្យុទាក់ទង ទៅកាន់បក្សពួករបស់ខ្លួន។ បើតាមអ្នកជិតខាង នៅទីនោះ​បានឲ្យដឹងថា បុរសដែលចុះមកអួតអាងនោះ មានឈ្មោះ គុជ សុភាព។

ហេតុការណ៍ដំបូង គ្រាន់តែជាការចុះទៅយកព័ត៌មាន ស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ របស់បុគ្គលិក ផ្នែកយកព័ត៌មានម្នាក់ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូបាន។ ក្នុងពេល ដែល​អ្នកយកព័ត៌មាន លោក ហេង វុទ្ធី កំពុងជួបសម្ភាស ជាមួយជនរងគ្រោះ និងជនបង្ក ស្រាប់តែមានក្រុមអ្នករត់ម៉ូតូកង់បី មួយក្រុម មានគ្នា៥នាក់ ក្នុងនោះ ម្នាក់បានចុះមក រួចបង្ហាញវិទ្យុទាក់ទង មកបង្អាក់ការសម្ភាស របស់អ្នក​សារព័ត៌មាន។ ជននោះ បានសួរទៅលោក ហេង វុទ្ធី ថា លោកមានសិទ្ធអ្វី បានជាមកយកព័ត៌មានមួយនេះ?

ជាមួយនឹងខ្លួន នូវប័ណ្ណអ្នកយកព័ត៌មានអាជីព ចេញដោយក្រសួងព័ត៌មាននោះផង អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដី លោក ហេង វុទ្ធី បានតបវិញថា៖ «ខ្ញុំជាអ្នកសារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ» ហើយលោក បានសួរបក​ទៅជននោះវិញ នូវសំនួរដូចគ្នាដែរ។ បុរសម្ចាស់កង់បីរូបនោះ បានឆ្លើយថា ខ្លួនជាអ្នកសារព័ត៌មាន របស់សមាគម​លោក វ៉ន ពៅ។

ក្នុងពេលជាមួយគ្នានោះ បុគ្គលិកទស្សនាវដ្តី បានទាក់ទងទៅសាកសួរ បញ្ហាទាំងនេះ ពីលោក វ៉ន ពៅ ប្រធានសមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកបានដិសេធភ្លាមៗថា គ្មានសមាជិករូបនេះ នៅក្នុងសមាគមលោកទេ ហើយសមាគម​របស់​លោក ក៏មិនមានអ្នកយកព័ត៌មាននោះដែរ។ ភ្លាមៗ បន្ទាប់ពីការបដិសេធ របស់ប្រធានសមាគមខាងលើ ៤នាក់ ក្នុង​ចំណោម ៥នាក់ បានបើកម៉ូតូគេចខ្លូន ពីកន្លែងកើតហេតុ។

នៅសល់ម្នាក់គឺឈ្មោះ គុជ សុភាព ដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន តែមិនឃើញមានកាត បញ្ជាក់ពីក្រសួង​ព័ត៌មានអ្វីសោះ។ ជននេះបានបន្តធ្វើឫក ដូចជាមកយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍នេះទៀត។ លោក ហេង វុទ្ធី បាន​ទាក់ទង ទៅសុំជំនួយអត្តរាគមន៍ ពីសមត្ថកិច្ច ខណ្ឌមានជ័យ ក៏ស្រាប់តែឈ្មោះ គុជ សុភាព នេះ បានបើកកង់បី​គេច​ខ្លួន​បាត់ដែរ។ ប៉ុន្តែនៅមុននឹងចេញដំណើរ ជននេះ នៅឆ្លៀតគម្រោមអ្នកសារព័ត៌មាន យើងទៀតថា «បើហ៊ានចុះ​ផ្សាយ​ព័ត៌មានមួយនេះ នឹងរងការចាត់វិធានការមិនខាន»។

លោក ឡុង វុទ្ធី មន្ត្រីតស៊ូមតិ របស់សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹង ក្នុងថ្ងៃទី២១ ខែមីនាដដែលថា សមាគមរបស់លោក មិនធ្លាប់មាន ចាត់តាំងឲ្យសមាជិកណាម្នាក់ យកព័ត៌មាននោះទេ។ បើមាន​ហេតុការណ៍បន្ទាន់ សមាជិកមានសិទ្ធទាក់ទងមក សមាគមដោយផ្ទាល់។ លោកថា ឈ្មោះ គុជ សុភាព មិនមែន​ជា​សមាជិក របស់សមាគមលោកនោះទេ។ ទាំងនេះ ជាក្រុមបក្សពួកក្លែងបន្លំខ្លួន ដើម្បីគម្រាមកំហែងអ្នកដ៏ទៃ ឲ្យក្លប​ខ្លាច​អំណាច របស់ក្រុមណាមួយ ឬបុគ្គលណាមួយប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...