«គ្រូពេទ្យថា យុវតីរងទឹកអាស៊ីត ស្លាប់ព្រោះជំងឺគាំងបេះដូង»
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៥
- កែប្រែចុងក្រោយ: March 22, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បងប្រុសរបស់យុវតីរងគ្រោះដោយទឹកអាស៊ីត លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅល្ងាចថ្ងៃទី២១ ខែមីនាថា ថាប្អូនស្រីរបស់លោក កញ្ញា មាស វ៉ាន់នី បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ប្រមាណជាមួយរសៀល ក្នុងថ្ងៃសៅរ៍ដដែលនេះ នៅមន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីការវះកាត់មួយ។
លោកបានស្រង់សម្ដីគ្រូពេទ្យ នៅមន្ទីរពេទ្យមកបញ្ជាក់ថា នាងស្លាប់ដោយសារជម្ងឺ គាំងបេះដូង។ មុនពេលទទួលមរណភាពនេះ យុវតី មាស វ៉ាន់នី វ័យ២០ឆ្នាំ ទើបតែបានទទួលការវះកាត់ ដើម្បីយកសរសៃរសក់ និងក្រណាត់ អាវចេញពីសាច់។
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្ដី ពីសភាពប្រសើរឡើង នៃសុខភាពរបស់ប្អូនស្រីលោក ដោយអះអាងថា នៅពេលនោះ នាងអាចដើរបាន និងអង្គុយបានខ្លះៗហើយ បើទោះជាផ្ទៃមុខ និងដងខ្លួនរបស់នាង ត្រូវបានរលេះរលួយ ដោយសារតែឥទ្ធិពលទឹកអាស៊ីតក៏ដោយ។ ករណីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺភ្នែករបស់នាងម្ខាង ត្រូវបានពិការទាំងស្រុង និងភ្នែកម្ខាងទៀត មើលឃើញ តែមិនសូវច្បាស់។
នៅថ្ងៃទី ១១ ខែមីនា ដដែលនោះ រូបថតជាច្រើន (ដូចខាងក្រោម) ដែលថតពីយុវតី មាស វ៉ាន់នី កំពុងអង្គុយនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ក៏ត្រូវបានបង្ហោះផ្សាយព្រោងព្រាត ពាសពេញបណ្ដាញសង្គមដែរ។ ស្ថានភាពរបៀបនេះ មិនខុសប៉ុន្មាន ទៅនឹងការអះអាង របស់បងប្រុសនាង ដែលថា សុខភាពរបស់នាង ត្រឡប់មករកប្រក្រតីភាពវិញឡើយ។
រីឯលោក សោភ័ណ្ឌ ឡារី សិល្បករសម្ដែងមួយរូប ដែលបានទៅជួបយុវតី មាស វ៉ាន់នី និងប្អូនស្រីបង្កើតរបស់នាង នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃសុក្រទី២០ ខែមីនា (មួយថ្ងៃមុន) ក៏បានបញ្ជាក់ដែរថា នារីរងគ្រោះ ត្រូវបានវះកាត់រួចរាល់ ហើយស្ថានភាពជំងឺ មានលក្ខណៈធម្មតា និងស្ថិតនៅក្រោមការតាមដាន ជាបន្តទៀត។
ទស្សនាវដ្ដីមិនអាចស្វែងរកការពន្យល់ ពីក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត្របានឡើយ នៅពេលភ្លាមៗនេះ។
សពរបស់នារីរងគ្រោះ ព្រោះទឹកអាស៊ីត ដែលជាអតីតបុគ្គលិក សន្ដិសុខរោងចក្រ ស៊ិនតាយខាងលើ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅតម្កល់ធ្វើបុណ្យ នៅឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមការអះអាង របស់បងប្រុសនារីរងគ្រោះ លោក មាស រតនៈ ដដែល។
យុវតីរងគ្រោះ មាស វ៉ាន់នី ត្រូវបានស្ត្រីជាជនសង្ស័យ ស្រឿន នាន់ អាយុ ៣៨ឆ្នាំ ជះទឹកអាស៊ីតស្រោចពេញក្បាល មុខ នឹងដងខ្លួនមួយភាគធំ ខណៈនាងកំពុងធ្វើដំណើរ ទៅរោងចក្រកាលពីម៉ោង ៦ និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ នាមុខផ្សារកាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ត្រូវបានក្រុមសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននៅបន្តិចក្រោយ ពីពេលកើតហេតុ និងបញ្ជូនទៅតុលាការរួចរាល់ហើយ៕
» រូបថតកញ្ញា មាស វ៉ាន់នី ដែលបង្ហោះតាមបណ្ដាញសង្គម នៅថ្ងៃទី១១ ខែមីនា៖