ជនសង្ស័យសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានបញ្ចូនឡើងតុលាការ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 04, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមប្រភពព័ត៌មាន របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំងបួននាក់ ត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៤ ខែធ្នូនេះ។ ការបញ្ជូនជនសង្ស័យទាំងបួននាក់នេះ ត្រូវបានធ្វើឡើងតាមនីតិវិធីច្បាប់ ដើម្បីបន្តការចោទសួរជាថ្មី នៅចំពោះមុខតំណាងអយ្យការ។ ហើយក្រោយការសួនាំជនទាំងបួននាក់ អាចឈានទៅដល់ការចោទប្រកាន់ ពីបទធ្វើឃាតកម្មលោក អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិការ ដោយគ្រោងទុក។
សូមបញ្ជាក់ថា ជនជាប់ចោទទាំងបួននាក់នោះ មានបីនាក់ ត្រូវបានឃាត់ខ្លួន ពេលកំពុងជិះម៉ូតូអមការពារលោក ថោង សារ៉ាត់ នៅមុខមន្ទីរពេទ្យរុស្សី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណជា១១ព្រឹក។ ឯជនសង្ស័យម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៣ ខែធ្នូ វេលាម៉ោង ១០ព្រឹក។
លោក ជូន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំងបួននាក់នេះ ជាអង្គរក្សផ្ទាល់របស់លោក ថោង សារ៉ាត់ ដែលអាចជាមេក្លោង និងជាអ្នកបញ្ជា។ តាមសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យទាំងបួននាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទមនុស្សឃាតដោយមានគម្រោងទុកជាមុន។
ដោយឡែកឪពុកម្តាយរបស់លោក ថោង សារ៉ាត់ (ដែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយនៃការធ្វើឃាតលើលោក អ៊ឹង ម៉េងជឺ) ក៏ត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ ពីបទព្យាយាមលាក់ជនសង្ស័យ (ថោង សារ៉ាត់) និងពីបទលាក់អាវុធខុសច្បាប់ក្នុងគេហដ្ឋាន។ ហើយពួកគេនឹងត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ដែរ។ ចំពោះប្រពន្ធរបស់លោក ថោង សារ៉ាត់ និងអ្នកដទៃទៀតកំពុងស្ថិតក្នុងការសាកសួរបន្ថែម។
ដោយឡែក លោក ថោង សារ៉ាត់ ដែលត្រូវបានសង្ស័យថាជាមេគំនិតនោះ បើតាមការបញ្ជាក់របស់សមត្ថកិច្ចម្នាក់បានលើកឡើងថា បានគេចខ្លួនតាមទូកចេញទៅកាន់ប្រទេសវៀតណាម តាំងពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ខណៈដែលអង្គរក្សទាំងបួនរបស់ខ្លួន នៅមិនទាន់សារភាពនោះ៕
សូមទស្សនាវីដេអូពាក់ព័ន្ធដូចខាងក្រោម៖