ព្រាប កុល៖ ចង់​គេច​ផុត​ពី​អំពើ​ពុករលួយ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ប្រាំ

ទោះកម្ពុជាមានភាពប្រសើរឡើង នៃអំពើពុករលួយ ក្នុងឆ្នាំ២០១៤នេះក៏ដោយ តែកម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ចំបង ប្រាំចំណុច ជាបន្តទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - រាយការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 04, 2014
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរបាយការណ៍ ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​ពិភពលោក បាន​បង្ហាញ​ថា កម្ពុជា​ឆ្នាំ​២០១៣ ទទួល​ពិន្ទុ​បាន​២០ ជាប់​ចំណាត់​ថ្នាក់​១៦០ ពី​ក្នុង​ចំណោម​១៧៧​ប្រទេស។ ​ឯ​ឆ្នាំ២០១៤​នេះ​វិញ កម្ពុជា​ទទួល​បាន​ពិន្ទុ​២១ ជាប់​ចំណាត់​ថ្នាក់​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៥។

ដើម្បីជម្រុញឲ្យប្រទេសកម្ពុជា មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង នូវ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទាំង​បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត នាយក​ប្រត្តិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បង្ហាញ​នូវ គោល​ការណ៍​ចំបង​ចំនួន​ប្រាំ​ចំណុច ដែល​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ដូច​ជា៖

- វិស័យតុលាការ ត្រូវតែមានភាពឯករាជ្យ ជាមួយនឹងយុត្តិធម៌ត្រូវបានទៅដល់ប្រជាពលរដ្ឋជាទូទៅ។ ធ្វើ​កំណាយ និងកាត់បន្ថយបញ្ហានីទណ្ឌភាព គ្រប់និន្នាការនយោបាយ។
- អនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលគោរពតាមបទដ្ឋានអន្តរជាតិ ជាមួយ និងយន្តការនៃ​ការ​អនុវត្ត​ច្បាប់នោះមានប្រសិទ្ធិភាព។
- អនុម័តច្បាប់ស្តីពីការការពារសាក្សី និងអ្នកសារព័ត៌មាន។
- វិសោធកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយត្រង់មានត្រាសំខាន់ៗ ជាមួយនឹងការដាក់ឲ្យប្រកាស​ទ្រព្យ​សម្បត្តិ នៃសាច់ញាត្តិរបស់មន្រ្តីពាក់ព័ន្ធ។
- និងចុងក្រោយ ដោះស្រាយបញ្ហាទំនាស់ផលប្រយោជន៍សាច់ញាត្តិ ក្រុមគ្រួសារនិយម នៅគ្រប់ស្ថាប័ន​ទាំង​អស់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ព្រាប កុល បានលើកជាឧទាហរណ៍ជាក់ស្តែង ដូចជាបញ្ហាសាច់ញាតិ​និយម​នៅក្នុងរដ្ឋសភាជាដើម ដែលកំពុងបង្ហាញនូវការព្រួយបារម្ភច្រើន ក្នុងរឿងពុករលួយនេះ និងត្រូវធ្វើ​ដំណោះស្រាយជាបន្ទាន់។

យ៉ាងនេះក្តី លោកបានបង្ហាញដោយសុទ្ធិដ្ឋិនិយមថា ចំណុចទាំងប៉ុន្មាន ដែលបានលើកឡើងខាងលើនេះ បើ​រដ្ឋាភិបាលកម្ពុជាអាចធ្វើ និងអនុវត្តតាមបាននោះ ប្រទេសកម្ពុជាអាចនឹងរំកិលពិន្ទុ ឲ្យកាន់តែមានភាពល្អ​ប្រសើរ​ជាងនេះ។ ហើយអង្គការតម្លាភាពរបស់លោក ត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមជួយជ្រោមជ្រែង ទាំង​កម្លាំងបច្ចេកទេស និងថវិកាទៅតាមលទ្ធភាព។

អំពើពុករលួយជា«ហានិភ័យ» មួយយ៉ាងធំ សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ ពិសេសសម្រាប់​បណ្តាវិនិយោគិន នៃបណ្តាប្រទេសធំៗ ដែលត្រូវបណ្តាក់ទុន មករកទទួលទាននៅកម្ពុជា។ លោកបានពន្យល់​ថា ព្រោះច្បាប់ពួកគាត់ (វិនិយោគគិនបរទេស) មិនអនុញ្ញាតឲ្យពួកគាត់ ធ្វើការសូកប៉ាន់ក្នុងប្រទេសដ៏ទៃ​ឡើយ។

សម្រាប់បរិបទកម្ពុជា ប្រធានអង្គការតម្លាភាពរូបនេះ បានមើលឃើញថា អំពើពុករលួយកំពុងស៊ីរូង​ផ្ទៃ​ក្នុង​ស្ទើរ​គ្រប់វិស័យទាំងអស់។ ក្នុងនោះមានវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័ន​​សារព័ត៌មាន​ជាដើម។ តែលោកបានដាក់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ទៅលើប្រព័ន្ធ«តុលាការ»ដែលមានអំពើ​ពុករលួយ​​ខ្លាំង​ជាងគេ ហើយថែមទាំងមានភាពទន់ខ្សោយ ខាងប្រព័ន្ធការពារអំពើពុករលួយ (សុច្ចរិទ្ធភាព) នោះ​ទៀត។ លោក​ចាត់ទុកថា វិស័យតុលាការនេះ ជាប្រព័ន្ធអាទិភាពសំខាន់ ក្នុងការជម្រុញឲ្យមានការ​ដោះ​ស្រាយ​​ចំពោះ​មុខ​ជាចំបង។

លោកបានបង្ហាញថា របាយការណ៍បង្ហាញពីអំពើពុករលួយ នៃបណ្តាប្រទេសក្នុងពិភពលោកនោះ មាន​សារសំខាន់ណាស់ ក្នុងការវាស់វែងទំហំ និងចំណាត់ថ្នាក់នៃអំពើពុករលួយក្នុងប្រទេសនោះ។ លោក ព្រាប កុល បានធ្វើសេចក្ដីសន្និដ្ឋានថា៖ «បើនៅប្រទេសម៉ាឡេស៊ីវិញ របាយការណ៍ (អំពើពុករលួយ) គេចាត់ទុកថា ជាសន្ទស្សន៍មួយសម្រាប់វាស់វែងរដ្ឋាភិបាល។ (...) រដ្ឋាភិបាលគេយកចិត្តទុកដាក់ ចំពោះបញ្ហាកែទម្រង់​នេះ។ សម្រាប់កម្ពុជា យើងគួរស្វែងរកជ្រុងវិជ្ជមាន និងរួមគ្នាធ្វើ ដើម្បីឲ្យប្រទេសយើងមានការបោះជំហាន​ល្អ​ប្រសើរ​ជាងនេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...