បែកធ្លាយវីដេអូបុគ្គលិករិះគន់ មេពន្ធដារខ័ណ្ឌចំការមនចាស់ដៃ
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លងមកបុគ្គលិក និងមន្ត្រីពន្ធដារ នៅខ័ណ្ឌចំការមន ធ្លាប់បានរកកិច្ចអន្តរាគមន៍ ពីអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារម្តងរួចមកហើយដើម្បី ចាត់វិធានការ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ របស់ប្រធានសាខាពន្ធដារ ខ័ណ្ឌចំការមន លោក ទី សុខុន មកលើមន្ត្រីទាំងនោះ។ ស្រាប់តែនាពេលថ្មីៗនេះ មានវីដេអូក្លីបមួយ បានចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើការរិះគន់ និងបន្ទោសបង្អាប់យ៉ាងធ្ងន់ធ្ងរ ទៅលើលោក ទី សុខុន ដែលបានចោទលោកថា បានធ្វើទង្វើមិនគប្បី មកលើមន្ត្រីពន្ធដារថ្នាក់ក្រោម។
វីដេអូដែលមានសំលេងស្ត្រីម្នាក់ ជាមន្ត្រីនៅក្នុងការិល័យពន្ធដារ ខ័ណ្ឌចំការមនបានរៀបរាប់ អំពីសេចក្តីធុញថប់ លើការងាររបស់ខ្លួន ដែលទទួលរងការគាបសង្កត់ ពីលោក ទី សុខុន។ សំឡេងស្ត្រីរូបនេះ បានបន្លឺនៅក្នុងក្លីបវីដេអូថា ខ្លួនត្រូវបានគេដេញចេញ ពីកន្លែងធ្វើការ ហើយថែមទាំងបាននិយាយថា ខ្លួនស្អប់ខ្ពើមនឹងការងារនៅទីនោះណាស់ ព្រោះទីនោះ មានលោក ទី សុខុន ធ្វើជាប្រធាន។ ស្ត្រីរូបនេះ ថែមទាំងបានថ្លែងទៀតថា លោក ទី សុខុន ជាមេពុករលួយទៀតផង ហើយអ្នកស្រីបានស្នើរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះធ្វើការពិនិត្យ ចំពោះករណីនេះ។
ស្ត្រីដដែលនោះ បានបន្ថែមថា លោក ទី សុខុន តែងតែធ្វើការជិះជាន់មន្ត្រីថ្នាក់ក្រោម និងធ្វើការរាយការណ៍ខុសពីការពិត អំពីកំហុសរបស់មន្ត្រីនៅទីនោះ។ មិនតែប៉ុណ្ណោះ លោកថែមទាំងធ្លាប់បានកឹបកេង យកលុយរង្វាន់របស់មន្ត្រីថ្នាក់ក្រោម និងបានសូកប៉ាន់ ទៅថ្នាក់លើ ដើម្បីបិទបាំងទោសកំហុសរបស់ខ្លួន។
នៅចុងបញ្ចប់ នៃវីដេអូ ស្ត្រីខាងលើនេះបានបង្ហាញឈ្មោះរបស់ខ្លួនថា ខ្លួនឈ្មោះ សូត្រ ច័ន្ទភីណារ៉េត។ អ្នកស្រីនិយាយថា អ្នកស្រីធ្លាប់ត្រូវបានលោក ទី សុខុន ទាមទារថវិការពីខ្លួន ប៉ុន្តែអ្នកស្រីគ្មានថវិការឲ្យ បែជាត្រូវគេដកបញ្ឈរជើង មិនឲ្យធ្វើការងារ។ អ្នកស្រីថា អ្នកស្រីបានកំពុងរងចាំ ដំណោះស្រាយយូរមកហើយ ប៉ុន្តែមិនមានដំណឹង។ អ្នកស្រីធ្លាប់បានសួរ ទៅបុគ្គលិកផ្សេងទៀត អំពីដំណើរការដោះស្រាយ ប៉ុន្តែនៅតែគ្មានដំណឹង។ រហូតមកដល់ពេលនេះ អ្នកស្រីកំពុងរង់ចាំផ្ទេរការងាររបស់អ្នកស្រី ទៅឲ្យអ្នកថ្មី ដែលមកជំនួសកន្លែងនោះវិញ ព្រោះអ្នកស្រីមិនអាចទ្រាំ នៅធ្វើការងារនៅទីនោះ បានតទៅទៀត។
អ្នកស្រីបានបញ្ជាក់ថា បើសិនជាអ្នកស្រី និងក្រុមគ្រួសារមានបញ្ហាអ្វីមួយនោះ គឺជាស្នារដៃរបស់លោក ទី សុខុន ម្នាក់គត់ ព្រោះអ្នកស្រីមិនធ្លាប់មានជំលោះ ជាមួយអ្នកណាម្នាក់ឡើយ ហើយអ្នកស្រីក៍មិនធ្លាប់មានទំនាស់ ជាមួយលោក ទី សុខុន នោះដែរ ប៉ុន្តែលោក ទី សុខុន នោះវិញទេ ដែលធ្លាប់បានរករឿងអ្នកស្រី។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ មានមន្ត្រីពន្ធដាជាច្រើននាក់ ដែលអះអាងថា ខ្លួនបានរងការគាបសង្កត់ ពីលោក ទី សុខុន បានដាក់លិខិស្នើរសុំទៅអគ្គនាយក នៃអង្គនាយកដ្ឋានពន្ធដារ ដើម្បីស្នើឲ្យមានការចាត់វិធានការ ជាបន្ទាន់លើលោក ទី សុខុន។ មិនអាចទាក់ទង លោក ទី សុខុន ប្រធានសាខាពន្ធដារ ខ័ណ្ឌចំការមន ដើម្បីបកស្រាយ ទៅលើការចោទប្រកាន់ខាងលើបានទេ នៅពេលនេះ៕
» សូមទស្សនាវីដេអូ របស់ស្ត្រីរូបនោះ ដូចខាងក្រោម៖