សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»

ដើម្បីរកយុត្តិធម៌ និងការពារកិត្តិយសរបស់អ្នកជំនាន់ក្រោយ នៃ«មហាផៅសន្ដានត្រកូល ហ៊ុន» លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានជំរុញឲ្យគ្រួសារនាយករដ្ឋមន្ត្រីកម្ពុជា ប្ដឹង​អង្គការ គ្លបប៊ល វីតណេស (Global Witness) ទៅ​តុលាការ​អង់គ្លេស ដែល​លោក​អះអាង​ថា ជា​តុលាការ​ប្រកប​ដោយ​​ភាព​ឯករាជ្យ​ត្រឹមត្រូវ។
សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»
គំនូស «The Hun Family Tree» បង្ហាញក្នុងរបាយការណ៍ របស់អង្គការ «Global Witness»។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 08, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើគ្រួសារលោក ហ៊ុន សែន ពិតជាស្អាតស្អំ និងហ៊ានប្រតិកម្មបដិសេធ​របាយការណ៍ របស់ "Global Witness" នោះ ខ្ញុំលើកទឹកចិត្ត ឲ្យគ្រួសារលោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការប្រទេសអង់គ្លេស ប្រឆាំង "Global Witness" ដើម្បី​រក​យុត្តិធម៌ ឲ្យគ្រួសារត្រកូល ហ៊ុន របស់ខ្លួន» នេះជាការអ្វី ដែលគេអាចអានបាន នៅក្នុង​សំណេរ​មួយ​របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ​ នៅលើបណ្ដាញសង្គម មួយថ្ងៃក្រោយ​ការចេញ​ផ្សាយ​របាយការណ៍ របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ទាក់ទង​នឹង​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»។

​របាយ​ការណ៍ដ៏ពេញលេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស បានចេញផ្សាយឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ពីកូនៗ បងប្អូន (បង្កើត និង​ជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅ​ពី​លើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​​ដាក់​ទុន ទៅលើវិស័យដ៏សំខាន់ៗ ដែលល្បីល្បាញថា ជាវិស័យដែលមានពោរពេញ ដោយ​អំពើ​ពុក​រលួយ នៅ​​កម្ពុជា។

» អានរបាយការណ៍នេះ នៅក្នុងអត្ថបទចេញផ្សាយមុន៖ «ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

នៅក្នុងថ្ងៃព្រហស្បត្តិដដែលនេះ ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ជាពិសេសកូនប្រុសស្រី របស់លោក ហ៊ុន សែន តែម្ដង បានប្រតិកម្មតបវិញ ដោយបានហៅរបាយការណ៍នោះ ថាមានបំណងចង់បំផ្លាញគ្រួសារត្រកូល ហ៊ុន និង​លោក ហ៊ុន សែន។ ពួកគេបាននិយាយថា របាយការណ៍របស់អង្គការអន្តរជាតិមួយនេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​ខិតជិតមកដល់ នៃការបោះឆ្នោត និងបានចាត់ទុកការផ្សាយ របស់សារព័ត៌មានមួយចំនួន ថាជា​«កិច្ច​សហការ​ដ៏​ល្អ» ជាមួយនឹង «Global Witness»។

» អានរបាយការណ៍នេះ នៅក្នុងអត្ថបទចេញផ្សាយមុន៖ ប្រតិកម្ម​កូនៗ​ ហ៊ុន សែន ​តប «Global Witness»

នៅចំពោះប្រតិកម្មខ្លាំងក្លា របស់ក្រុមគ្រួសារត្រកូល ហ៊ុន ដូចខាងលើ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលល្បីល្បាញខាងវាយប្រហារ ដោយមិនសំចៃមាត់ ទៅលើការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បានជំរុញឲ្យមានការប្ដឹង​អង្គការអន្តរជាតិមួយនេះ ទៅកាន់តុលាការ​នៅប្រទេស​អង់គ្លេស ដើម្បី​«រក​យុត្តិធម៌​សម្រាប់​លោក ហ៊ុន សែន និងការពារកិត្តិយស​អ្នកជំនាន់ក្រោយរបស់ខ្លួន»។ លោក សួន សេរីរដ្ឋា បាន​សរសេរ​ថា៖ «នៅប្រទេសអង់គ្លេស តុលាការគេឯករាជ្យ ត្រឹមត្រូវ មិននៅក្រោមសម្ពាធអំណាច របស់អ្នកនយោបាយ ដូច​តុលាការ​ក្នុងប្រទេសខ្មែរ ដែលជាអាយ៉ងនយោបាយរបស់ គណបក្សប្រជាជននោះទេ!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...