ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត
កាលពីថ្ងៃទី១២កក្កដានេះ ប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសជប៉ុន សហគមអ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសចិន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយ របស់សមាគមប្រជាជាតិ នៃភូមិភាគនេះ ហៅកាត់ថា អាស៊ាន (Asean)។ បណ្ដាអ្នកចូលរួម ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ប្រទេសផងខ្លួន បានបញ្ចេញរបាំរបៀបការទូត ដែលអ្នកតាមដាន យល់ឃើញថា វាមានចង្វាក់ដោយឡែក និងរៀងៗខ្លួន យកមកដាក់នៅលើតុ។ លោកប្រមុខការទូត ចិន បានសង្កត់ធ្ងន់ ចង់អោយមានកិច្ចប្រជុំទ្វេភាគី រវាងភាគីពាក់ព័ន្ធ ហើយបានផាត់ចេញ ការទាមទារតវ៉ារបស់ ជប៉ុន នៅក្នុង ជម្លោះលើផែនសមុទ្រ។ រីឯ លោកស្រីប្រមុខការទូតអាមេរិក បានយកចិត្តទុកដាក់ ទៅលើការរិះគន់ ទល់នឹងប្រទេសភូមា និងទៅលើការពង្រឹង ពីតួនាទីរបស់អាមេរិក នៅក្នុងតំបន់។