អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»

ក្រុមបាល់ទាត់អាល្លឺម៉ង់ ដែលតែងបានប្រកួតឈ្នះក្រុមបារាំង រាប់តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាបាន​ចាញ់​ក្រុម​មាន់​គក​​បារាំង នៅយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញនេះ ដោយពិន្ទុពីរទល់នឹងសូន្យ ខណៈក្រុមអាល្លឺម៉ង់ ដែលកំពុង​កាន់​ពាន​ជើង​ឯក​ពិភពលោក ឆ្នាំ២០១៤ នៅ​ក្នុង​ដៃ​មួយ​នេះ មានបច្ចេកទេសទាត់ និងគ្រប់គ្រង​បាល់ បាន​ល្អ​ជាង​ក្រុម​បារាំង។ ខាងក្រោមនេះ ជាប្រតិកម្មនៅក្រោយការប្រកួត របស់កីឡាករចាំទី ម៉ានុយអែល ណឺយើ (Manuel Neuer) និង​គ្រូ​បង្វឹក ជ័អាសីម ឡូវ (Joachim Löw) នៅចំពោះ​ភាព​បរាជ័យ​នេះ។
អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»
ក្រុមអាល្លឺម៉ង់ (បែរមុខមកចំ) ជួបនឹងបរាជ័យ នៅចុងបញ្ចប់នៃការប្រកួត ខណៈក្រុមបារាំង (បែរខ្នង) កំពុងលោតសប្បាយ។ (រូបថត UEFA)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៨ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 08, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជម្រុះចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិដ៏ធំ ដូចយ៉ាង «អ៊ឺរ៉ូ២០១៦» ដូច្នេះ មិនមែនជាទិដ្ឋភាព ដែល​ក្រុមជម្រើសជាតិ ណាមួយចង់បាននោះទេ។ ជាពិសេសក្រុមជម្រើសជាតិ​អាល្លឺម៉ង់ ដែលកំពុងកាន់​ពាន​ជើង​ឯក​​ពិភពលោក (ឆ្នាំ២០១៤) នៅក្នុងដៃ និងតែងប្រកួតឈ្នះបារាំង តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាត្រូវ​ក្រុម​បារាំង​ម្ចាស់​ផ្ទះ បំបាក់ក្នុងពិន្ទុពីរទល់នឹងសូន្យ កាលពីយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញ។

តាមពិតទៅ សាច់បាល់ និងបច្ចេកទេសទាត់ របស់ក្រុមអាល្លឺម៉ង់ មានលក្ខណៈគ្រាន់បើជាង និងគ្របសង្កត់​យ៉ាងច្រើន​ ពីលើក្រុមបារាំង នៅក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​យប់ម៉ិញ នៅចំពោះ​អ្នក​ចូល​រួម​ទស្សនា​​ប្រមាណជាង ៦ម៉ឺន៤សែននាក់ នាកីឡាដ្ឋានក្រុមម៉ារសីយ៍ (ខាងត្បូងបារាំង)។ ប៉ុន្តែទោះ​ការគ្រប់​គ្រង​សាច់​បាល់ និងបច្ចេកទេសទាត់​ល្អប្រសើរ​បែបណាក៏ដោយ ក៏វាមិនគ្រាប់គ្រាន់​ឡើយ សម្រាប់​ក្រុមបាល់​ទាត់​មួយ ខណៈគេចាំបាច់ត្រូវរកគ្រាប់បាល់​ឲ្យបាន ដើម្បីឈ្នះការប្រកួត។

យ៉ាងណា សភាពសោកស្ដាយ នៅតែមានទំហំធំ និងជាបរាជ័យមួយ ដែលមិនស័ក្ដិសម។ កីឡាករចាំទី​អាល្លឺម៉ង់​ដ៏​ល្បី ឈ្មោះ ម៉ានុយអែល ណឺយើ (Manuel Neuer) បានថ្លែងនៅក្រោយការប្រកួតថា៖ «យើង​បាន​ចូល​មកប្រកួត នៅក្នុង"អ៊ឺរ៉ូ២០១៦" ដោយជោគជ័យរហូតមក ប៉ុន្តែក្នុងពេលនេះ យើងត្រូវបានជម្រុះ​ចេញ​ជា​ស្ថាពរ​ហើយ។ វាជារឿងជូរចត់ណាស់។ យើងបានវាយលុកខ្លាំង និងមានឱកាសនៅក្នុង​ពាក់​កណ្ដាល​ម៉ោង​ទី​មួយ តែគួរឲ្យស្ដាបយ យើងរកគ្រាប់បាល់មិនបាន។ ក្រុមបារាំងមានភាពស្វិតស្វាញ និងអត់ធ្មត់ខ្លាំង។ ប្រសិន​ជា​នៅ​ចុង​បញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង យើងមានពិន្ទុ០-០នោះ មិនអីទេ។ ប៉ុន្តែជាមួយ​​នឹងពិន្ទុ​នាំមុខ​​របស់​​បារាំង ១-០ វាកាន់តែ​ធ្វើឲ្យ​ខាងបារាំង មានភាពងាយស្រួលខ្លាំងឡើង ក្នុងការ​គ្រប់គ្រង​ការប្រកួត។»

ចំណែកឯគ្រូបង្វឹកអាល្លឺម៉ង់ លោក ជ័អាសីម ឡូវ (Joachim Löw) ក៏បានគិតដែរថា ក្រុមជម្រើស​ជាតិ​របស់​លោក បាន​ទាត់​បាល់​ល្អជាក្រុមគូប្រកួត។ លោកថ្លែងឡើងថា៖ «យើងមានឱកាសជាច្រើន រហូតមក​ដល់​មុន​ចុង​បញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង។ យើងមានប្រៀបជាងឆ្ងាយណាស់ ប៉ុន្តែយើងរកគ្រាប់បាល់​មិន​បាន។ វា​ជា​រឿង​គួរឲ្យសោកស្ដាយណាស់ ហើយកីឡាករទាំងអស់ បានខកចិត្តនឹងការជម្រុះចេញនេះ។ (...) ថ្ងៃ​នេះ ភ័ព្វ​សំណាង​មិន​នៅខាងយើងទេ ដូចជាការពិន័យបាល់១១ម៉ែត្រ ព្រោះកំហុសប៉ះដៃ ហើយកីឡាករ ប៊តាំង (Boateng) បានចេញពីការប្រកួត ព្រោះមានរបួស ខណៈកីឡាករ​ជាច្រើននាក់របស់យើង (កីឡាករ «Hummels» «Gomez» និងកីឡាករ «Khedira») មិនមានវត្តមានរួចទៅហើយ។ ជាពិសេស នៅចំពោះ​គ្រាប់​បាល់​ទីពីរ​របស់​បារាំង យើងមិនគួរទុកឲ្យកីឡាករ ប៉ូគបា (Pogba) បញ្ជូនបាល់មកកណ្ដាលទី ដូច្នេះ​ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...