១០ឆ្នាំក្រោយ កីឡាកររងការបុកក្បាលពី ហ្សីដាន់ និយាយការពិត
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 09, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើព្រឹត្តិការណ៍នៃការប្រកួតនោះ គឺដើម្បីដណ្ដើមពានរង្វាន់ ជា«ជើងឯក»ពិភពលោកនោះ តែហេតុការណ៍នៃការយកក្បាល របស់អតីតកីឡាករបារាំង ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ទៅបុកទ្រូងអតីតកីឡាករអ៊ីតាលី ម៉ាកូ ម៉ាតេរ៉ាហ្សី (Marco Materazzi) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃជំនួបដ៏ធំបំផុតនេះ បានក្លាយជារឿងរ៉ាវដ៏អាស្រូវ បង្កការភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់ នៅគ្រប់ទិសទីទាំងអស់។
ថ្ងៃនោះ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ដែលរហូតមកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ មានរយៈពេល១០ឆ្នាំកន្លងទៅហើយ។ ពេលវេលាបានកន្លងទៅលឿនមែន ប៉ុន្តែកីឡាករ ម៉ាតេរ៉ាហ្សី ដែលទាត់នៅខ្សែការពារ នៅក្នុងក្រុមជម្រើសជាតិអ៊ីតាលី នាពេលនោះ នៅតែចង់ចាំហេតុការណ៍នោះនៅឡើយ។ ជាការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ (ក្នុងពេលបន្ថែមម៉ោង) ដ៏តានតឹង(ពិន្ទុ១ស្មើ) រវាងក្រុមបាល់ទាត់ មកពីប្រទេសបារាំង និងអ៊ីតាលី ដែលបានប្រព្រឹត្តិទៅ ក្នុងរដ្ឋធានីប៊ែលឡាំង ប្រទេសអាល្លឺម៉ង់។
នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យសារព័ត៌មានកីឡាបារាំង «Equipe» អតីតកីឡាករខ្សែការពារ ម៉ាតេរ៉ាហ្សី បានថ្លែងរំលឹកឡើងវិញ ពីរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះ និងដែលគ្មាននរណាម្នាក់ដឹង ឲ្យពិតប្រាកដឡើយ រហូតមកដល់ថ្ងៃនេះ។ លោក ម៉ាកូ ម៉ាតេរ៉ាហ្សី បានថ្លែងឡើងថា៖ «យើងឃើញនៅក្នុងវីដេអូ (នៅពេលនោះ) ថាហ្សីដាន់ បាននិយាយមកកាន់ខ្ញុំ។ ខ្ញុំបានសួរបញ្ជាក់ឡើងវិញពីរដង ដើម្បីយល់ឲ្យច្បាស់។ ហើយនៅលើកទី៣ ទើបខ្ញុំបានឆ្លើយ ព្រោះខ្ញុំបានយល់ថា ហ្សីដាន់ សួរសំនួរនេះដើម្បីចំអកឲ្យខ្ញុំ។»
អតីតកីឡាករអ៊ីតាលី បានពន្យល់ថា៖ «បើនិយាយទៅ យើងកំពុងទាត់បាល់ នៅក្នុងការប្រកួតតែមួយ ហើយយើងបានទាត់បញ្ចូលទី ម្នាក់មួយគ្រាប់ដូចគ្នា។ ប៉ុន្តែ ហ្សីដាន់ គឺជាកំពូលកីឡាករដ៏ល្បីមួយរូប ខណៈឯរូបខ្ញុំវិញ គ្រាន់តែជាកីឡាករម្នាក់ ដែលគ្មានអ្វីទាំងអស់។ រវាងយើងទាំងពីរ ខុសគ្នាដូចមេឃនិងដី។ យើងមិននៅក្នុងពិភពដូចគ្នាទេ។ ដោយសារហេតុនេះហើយ ទើបខ្ញុំគិតថា សំនួររបស់ ហ្សីដាន់ នៅពេលនោះ ជាការចំអកឡកឡឺយ ដែលធ្វើឲ្យខ្ញុំចាំបាច់ ត្រូវប្រតិកម្មទៅវិញ។»
ជាការពិតហើយ នៅក្នុងការបន្ថែមម៉ោង ចុងបញ្ចប់នៃការប្រកួតនោះ ការវាយសម្រុក និងការទប់ការពារ រវាងក្រុមទាំងសងខាង បានធ្វើឡើងយ៉ាងស្វិតស្វាញ និងយ៉ាងតឹងតែងជាទីបំផុត។ ហើយការប្រទាញប្រទង់ ដោយការចាប់ទាញអាវគ្នា រវាងកីឡាករក៏តែងកើតឡើង ជាធម្មតានោះដែរ។ នៅចំពោះការទាញអាវនេះ អតីតខ្សែប្រយុទ្ធបារាំង ហ្សីដាន់ បានសួរទៅអតីតខ្សែការពារ ម៉ាតេរ៉ាហ្សី ក្រែងលោអីតីតកីឡាករអ៊ីតាលីរូបនេះ មានបំណងចង់បានអាវរបស់ខ្លួន។ បន្ទាប់ពីសួរសំនួរ ជាលើកទីបីរួច អតីតកីឡាករអ៊ីតាលី បានឆ្លើយមកវិញថា៖ «ទេ (ខ្ញុំមិនចង់បានអាវ របស់អ្នកឯងទេ) ខ្ញុំសុខចិត្តយកប្អូនស្រីសំផឹង របស់អ្នកឯងវិញ»។
លោក ម៉ាតេរ៉ាហ្សី បានទទួលស្គាល់ថា ចម្លើយរបស់ខ្លួន ជាចម្លើយមិនគួរគប្បីឡើយ។ លោកបានថ្លែងឡើងថា៖ «ជាពាក្យពេជន៍ដ៏ឆ្កួតលីលា។ តែចម្លើយនេះ មិនស័ក្ដិសមនឹងទទួលបាន នូវប្រតិកម្មដ៏អស្ចារ្យ (ការបុកក្បាល ចំកណ្ដាលទ្រូង) ដូច្នេះឡើយ។ ហើយអ្វីដែលខ្ញុំកាន់តែមិនសប្បាយចិត្តនោះ គឺអ្នកគាំទ្រ និងអ្នកសារព័ត៌មានខ្លះ បានរៀបរាប់ថា ខ្ញុំបានជេរប្រទេចផ្ដាសារ ម្ដាយរបស់ហ្សីដាន់។ ខ្ញុំប្រាកដជាមិនហ៊ានប៉ះពាល់ ដល់ម្ដាយរបស់ហ្សីដាន់ ដូចការចោទនោះទេ ព្រោះខ្ញុំខ្លួនឯង បានបាត់បង់ម្ដាយរបស់ខ្ញុំ តាំងពីយូរមកហើយ។»៕