សម រង្ស៊ី ថាឈ្នះក្ដីលើ ហោ ណាំហុង នៅបារាំងជាថ្មី រឿងបរិហារកេរ្តិ៍តាមហ្វេសប៊ុក
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 10, 2016
- ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា តុលាការក្នុងប្រទេសបារាំង បានសម្រេចក្តីឲ្យលោក ហោ ណាំហុង ចាញ់លោកជាថ្មីម្តងទៀត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបណ្តឹងបរិហារកេរ្តិ៍ ដែលអតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជារូបនេះ បានប្ដឹងប្រឆាំងលោក។ បណ្ដឹងនោះ មានជាប់ពាក់ព័ន្ធ នឹងរឿងរ៉ាវបរិហារកេរ្ត៍ដដែល នៅជំរំ ឬគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម។
លោក សម រង្ស៊ី ខ្លួនលោក ធ្លាប់ប្រាប់ទៅសារព័ត៌មាន ខេមបូឌាដេលី ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែមីនាថា បណ្ដឹងជាថ្មីមួយនេះ ត្រូវបានលោក ហោ ណាំហុង ប្ដឹងលោកទៅកាន់តុលាការនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នូវសារទូរលេខមួយ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ជាការរំលឹកឡើងវិញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក របស់លោកថា លោកមានឯកសារផ្ទៃក្នុង ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ដែលទើបតែបានបញ្ចេញជាសាធារណៈ និងមានខ្លឹមសារថា៖ «លោក ហោ ណាំហុង បានវិលមកប្រទេសកម្ពុជា វិញ បន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច ហើយគាត់រួចពីការស្លាប់ ព្រោះគាត់ធ្លាប់រៀនសូត្រជាមួយ អៀង សារី។ គាត់បានក្លាយទៅជាមេជំរំ (ឬគុក) បឹងត្របែក ហើយគាត់ព្រមទាំងភរិយាគាត់ បានសហការជាមួយពួកខ្មែរក្រហមក្នុងការសម្លាប់មនុស្សជាច្រើន ដែលជាប់ឃុំឃាំងនៅទីនោះ។»។
ចំពោះការប្ដឹងផ្ដល់ជាថ្មីនេះ មេធាវីរបស់ លោក ហោ ណាំហុង នៅក្នុងប្រទេសកម្ពុជា គឺលោក ការ សាវុត្ថ បានថ្លែងបដិសេធ ថាលោកមិនបានដឹងអ្វីទេ ទាំងពេលដាក់បណ្ដឹង និងទាំងនៅពេលចេញសាលក្រម។ នេះបើតាមការអះអាង របស់លោកមេធាវី ប្រាប់ទៅកាន់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែមីនា និងទៅកាន់សារព័ត៌មាន «FreshNews» នៅថ្ងៃទី៨ ខែកក្កដានេះ។ លោក សាវុត្ថ គ្រាន់តែបានអះអាងថា លោក ហោ ណាំហុង ធ្លាប់បានឈ្នះក្ដីលើលោក សម រង្ស៊ី កាលពីបណ្ដឹងលើកមុនរួចហើយប៉ុណ្ណោះ។
លោក ហោ ណាំហុង បានប្ដឹងលោក សម រង្ស៊ី ទៅកាន់តុលាការ រាប់ចាប់តាំងពីឆ្នាំ២០០៨ បន្ទាប់ពីប្រធានគណបក្សប្រឆាំងរូបនេះ បានចោទប្រកាន់លោក ថាជាប្រធានជំរំឃុំឃាំង ឬគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម។ លោកបានអះអាងថា ការចោទប្រកាន់របស់ លោក សម រង្ស៊ី បានធ្វើឲ្យលោក និងគ្រួសារឈឺចាប់យ៉ាងខ្លាំង។ លោក ហោ ណាំហុង បាននិយាយថា នោះគឺដោយសារតែបងប្អូន និងសាច់ញាតិរបស់លោក ជាង ៣០នាក់ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ ដូចជាប្រជាជនខ្មែរដទៃទៀតដែរ។
ទាក់ទងនឹងបណ្ដឹងលើកមុន ក្នុងប្រទេសបារាំងនេះ លោក ហោ ណាំហុង បានឈ្នះលោក សម រង្ស៊ី នៅសាលាដំបូង (Cour correctionnel) និងនៅសាលាឧទ្ធរណ៍ (Cour d'appel) តែលោក ណាំហុង បានចាញ់លោក រង្ស៊ី នៅតុលាការកំពូល (Cour de Cassation)។ នេះបើតាមឯកសារសាលក្រមមួយ របស់តុលាការកំពូលបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់។
ផ្ទុយទៅវិញ លោក សម រង្ស៊ី ត្រូវបានតុលាការនៅក្នុងប្រទេសកម្ពុជា ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ។ ប្រធានគណបក្សប្រឆាំងរូបនេះ បានរងនូវចេញសាលក្រមតាមចាប់ខ្លួន ដ៏ប្រទាំងប្រទើស ទាក់ទងនឹងការផ្ដន្ទាទោសខាងលើ រហូតលោកបានធ្វើនិរទេសខ្លួនឯង នៅឯបរទេសមកដល់សព្វថ្ងៃ។
តបទៅនឹងសំនួរអ្នកសារព័ត៌មាន ដែលចង់ដឹងថា លោកយល់ព្រមសុំទោស លោក ហោ ណាំហុង ឬទេនោះ លោក សម រង្ស៊ី បានបន្តសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដដែលថា៖ «លោក ហោ ណាំហុង ទេដែលត្រូវសូមទោសដួងវិញ្ញាណក្ខន្ធ និងក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់ បន្ទាប់ពីយកចេញពីគុកបឹងត្របែក នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែលោក ហោ ណាំហុង នេះ បានចូលដៃជាមួយពួកខ្មែរក្រហម ហើយបានមួលបង្កាច់ជនស្លូតត្រង់ ដើម្បីយកចិត្តពួកខ្មែរក្រហម ហើយរួចខ្លួនចំពោះរូបគាត់ (ហោ ណាំហុង ហៅមិត្ត យ៉ែម) និងក្រុមគ្រួសារគាត់»៕