បក្សប្រជាជន ចង់បង្រួម«សិទ្ធិ»ឃោសនាបោះឆ្នោតក្នុងច្បាប់ថ្មី
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៥
- កែប្រែចុងក្រោយ: January 10, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចពិភាក្សា លើសេចក្តីស្នើច្បាប់បោះឆ្នោត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តមកដល់ដំណាក់កាលមួយទៀត ស្ដីពីសិទ្ធិនៃការឃាសនាបោះឆ្នោត។ បន្ទាប់ពីជំនួបជាថ្មី តែខ្លីខុសពីធម្មតា នៃក្រុមការងារចាស់របស់គណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈប្រធានក្រុមការងាររបស់ខ្លួន លោក ប៊ិន ឈិន បានថ្លែងឡើងចង់ឲ្យមាន«មាត្រា»កំណត់ឲ្យច្បាស់ពី«សកម្មភាព»ធ្វើយុទ្ធនាការឃោសនា របស់គណបក្សនយោបាយទាំងអស់។
លោកបានពន្យល់ថា ចង់ឲ្យ គ.ជ.ប កំណត់ការអនុញ្ញាត ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវផ្តើមបើកយុទ្ធនាការឃោសនាដំបូង និងនៅថ្ងៃបិទប៉ុណ្ណោះ ដើម្បីជៀសវាងការកកស្ទះចរចរាចរណ៍។ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនា ក្នុងថ្ងៃបន្តបន្ទាប់ (មិនមែនថ្ងៃដំបូង និងថ្ងៃបញ្ចប់) ត្រូវធ្វើឡើងនៅទីសាធារណៈ ដែលគណបក្សនីមួយៗត្រូវចង់បាន ក្រោមការអនុញ្ញាតពីអាជ្ញាធរតំបន់នោះ។
លោក ប៊ិន ឈិន បានផ្ដល់ជម្រើសមួយទៀតថា ត្រូវធ្វើការឃោសនាបោះឆ្នោតមួយថ្ងៃ និងឈប់មួយថ្ងៃ ជៀសវាងការកកស្ទះចរាចរណ៍ នេះជាចំណុចដែលចង់ធ្វើការដោះស្រាយ។
សម្រាប់គណបក្សសង្គ្រោះជាតិវិញ នៅមិនទាន់បង្ហាញជំហរច្បាស់លាស់នៅឡើយ ជុំវិញការស្នើសុំឲ្យកាត់បន្ថយសិទ្ធិឃោសនា នៃការបោះឆ្នោតនេះ។ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកសុំដកឃ្លាក្នុងការជួបពិភាក្សាផ្ទៃក្នុង នៃក្រុមការងារសិន ព្រោះសំណើរថ្មីរបស់គណបក្សប្រជាជនកម្ពុជាខាងលើ នៅមិនទាន់បានទទួលមកពិនិត្យនៅឡើយ។
លោកបន្តថា តើអ្វីដែលស្នើសុំនេះ វាសមស្របទៅនឹងស្ថានការណ៍ គោលការណ៍ ឬដំណើរការ នៃការបោះឆ្នោតត្រឹមត្រូវ និងសេរីយុត្តិធម៌ដែរឬយ៉ាងណា ខណៈច្បាប់ចាស់ដែលមានរួចជាស្រេចនោះ មានភាពល្អប្រសើរក្នុងករណីនេះរួចហើយ? លោកបញ្ជាក់ថា «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ (ច្បាប់ចាស់) មានចែងអំពីសេរីភាពនៃយុទ្ធនាការឃោសនាដោយសេរី និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឲ្យមានតម្លាភាព។ (…) ក្រុមការងារគណបក្សប្រជាជន ស្នើដាក់ខ្លឹមសារទៅលើសេចក្តីព្រាងនេះ អីចឹងដោយសារក្រុមការងារគណបក្សសង្គ្រោះជាតិមិនទាន់បានពិនិត្យ អីចឹងយើងដកឃ្លាសិនដើម្បីទៅពិនិត្យមើល។»
លោក វណ្ណ សុគន្ធ មន្ត្រីរាជការមួយរូបបានលើកឡើងថា ការចង់បង្រួមសិទ្ធិរបស់ពលរដ្ឋ ក្នុងពេលធ្វើការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដោយសំអាងលើការ«កកស្ទះចរាចរណ៍»នេះ មិនសមហេតុផលនិងស្របច្បាប់នោះឡើយ។ គណបក្សប្រជាជនកម្ពុជា ហាក់កំពុងមានចេតនាក្នុងការ«កម្រិត»នូវសិទ្ធិពលរដ្ឋ ដែលមិនស្របតាមលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ព្រមទាំងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សនោះទៀត។
ពលរដ្ឋវ័យចំណាស់រូបនេះ បានថ្លែងឡើងថា៖ «បើចង់ដាក់ដូច្នេះ ទាន់តែធ្វើវិសោធកម្មច្បាប់រដ្ឋធម្មនុញ្ញជាមុនសិន ទើបអាចបន្តពិភាក្សាលើច្បាប់នេះជាក្រោយ។ បើមិនដូច្នេះទេ មិនអាចធ្វើច្បាប់នេះបន្តបានឡើយ។ ហើយក៏មិនអាចឯកភាពគ្នាលើច្បាប់នេះហើយ បានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាក្រោយនោះទេ ព្រោះវាមិនស្របនឹងច្បាប់ប្រទេសជាតិ ពិសេសច្បា់រដ្ឋធម្មនុញ្ញ។ (…) មិនដែល “កូនកើត” ហើយទើប “ឪមានកំណើត” ជាក្រោយនោះទេ។»៕