បារាំងធ្វើសង្គ្រាមមួយចំអិនកំពិស ប្រឆាំងភេវរកម្ម
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 10, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសបារាំងបានឆ្លងកាត់ថ្ងៃដ៏ងងឹត បន្ទាប់ពីមិនដែលជួបហេតុការណ៍បែបនេះ តាំងពីជាង៥០ឆ្នាំកន្លងមក។ ក្រោយពីបានរងគ្រោះនឹងអំពើភេវរកម្ម បាញ់សម្លាប់បុគ្គលិក អ្នកគូរគំនូរ និងអ្នកសារព័ត៌មាន នៃទស្សនាវដ្ដី ឆារលីអេបដូ កាលពីថ្ងៃពុធទី៧ ខែមករាឆ្នាំ២០១៥នេះរួច ព្រឹត្តិការណ៍ដ៏រន្ធត់បានកើតឡើងជាបន្តបន្ទាប់។ នៅថ្ងៃព្រហស្បត្តិ៍ស្អែកឡើង ស្ត្រីជានគរបាលម្នាក់ បានស្លាប់ដោយគ្រាប់កាំភ្លើង បាញ់ដោយជនខ្មាន់កាំភ្លើងម្នាក់ ដែលបានគេចខ្លួនបាត់ស្រមោល ក្រោយពីហេតុការណ៍នេះរួច។ បន្ទាប់មកនៅពេញមួយថ្ងៃសុក្រម្សិលម៉ិញ ប្រទេសបារាំងបានធ្លាក់ខ្លួន ទៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់មួយទៀត ដែលបានធ្វើឲ្យមនុស្សស្លាប់ចំនួន៤នាក់ទៀត។
នោះគឺការចាប់ចំណាប់ខ្មាំងពីរកន្លែង ដែលចំណាប់ខ្មាំងទីមួយ បានប្រព្រឹត្តិឡើងដោយជនសង្ស័យពីរនាក់បងប្អូន គូអាឈី (Kouachi) ជាភេវរជនបាញ់សម្លាប់ ក្រុមបុគ្គលិកទស្សនាវដ្ដី ឆារលីអេបដូ នៅក្រុង ដាម៉ាតាំង (Dammartin) ក្នុងតំបន់ជាយរដ្ឋធានីប៉ារីស និងចំណាប់ខ្មាំងមួយទៀត ដែលកើតឡើងក្នុងរដ្ឋធានីប៉ារីសតែម្ដង បង្កឡើងដោយជនស្បែកខ្មៅម្នាក់។ ជននេះ ដែលគេស្គាល់ឈ្មោះ អាមេឌី គូលីបាលី ត្រូវបានអាជ្ញាធរសង្ស័យថាបានបាញ់សម្លាប់នគបាលស្រី កាលពីថ្ងៃពុធ។ បើតាមសំណុំរឿងដែលក្រុមអាជ្ញាធរមាននៅក្នុងដៃ ជនទាំងបីជាសមាជិកសកម្ម នៅក្នុងបណ្ដាញ ជីហាដ (Djihad ក្រុមស្ម័គ្រប្រយុទ្ធ របស់ក្រុមអ៊ីស្លាមនិយមតឹង)។
ជនរងគ្រោះមានចំនួន១៧នាក់
បើគិតពីថ្ងៃពុធទី៧ ខែមករា មកទល់នឹងព្រឹកថ្ងៃសៅរ៍ទី១០ ខែមករានេះ ជនរងគ្រោះមានចំនួនកើនឡើងដល់១៧នាក់៖ ជនស៊ីវិល១៤នាក់ និងមន្ត្រីនគរបាល៣នាក់ - មនុស្ស១២នាក់ស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃពុធ ស្ត្រីនគរបាលម្នាក់ស្លាប់នៅថ្ងៃព្រហស្បត្តិ៍ និង៤នាក់ទៀត បានស្លាប់នៅថ្ងៃសុក្រ។ ជនរងគ្រោះបួននាក់នៅថ្ងៃសុក្រ សុទ្ធសឹងជាចំណាប់ខ្មាំង ដែលត្រូវបានបាញ់សម្លាប់ដោយជនសង្ស័យ អាមេឌី គូលីបាលី ក្នុងហេតុការណ៍ចាប់ធ្វើចំណាប់ នៅហាងទំនិញមួយភាគខាងកើតនៃរដ្ឋធានីប៉ារីស។ នេះគេនៅមិនទាន់និយាយពីអ្នករបួស ដែលមានចំនួនច្រើនជាង២០នាក់ បើគិតរួមទាំងបីថ្ងៃមកនេះ។
ហេតុការណ៍ដែលកើតឡើង
ពីនាក់បងប្អូន សាអ៊ិដ គូអាឈី (Saïd Kouachi) អាយុ៣២ឆ្នាំ និងឆេរីហ្វ៍ គូអាឈី (Chérif Kouachi) អាយុ៣៤ឆ្នាំ ត្រូវបានកងកម្លាំងអាជ្ញាធរដេញប្រមាញ់ តាំងពីយប់ថ្ងៃពុធទី៧ខែមករា បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបារាំង បានរកឃើញថា ពួកគេបានជាប់ទាក់ទងនឹងហេតុការណ៍ភេវរកម្ម ទៅលើទស្សនាវដ្ដី ឆារលីអេបដូ។ នៅព្រឹកថ្ងៃសុក្រ ទំនងជាអស់កន្លែងដែលអាចរត់លាក់ខ្លួនតទៅទៀត ជនទាំងពីរបានចូលទៅក្នុងសហគ្រាសបោះពុម្ភមួយ ស្ដិតក្នុងក្រុង ដាម៉ាតាំង ភាគខាងកើតជាយរដ្ឋធានីប៉ារីស។ ពួកគេបានចាប់យកបុគ្គលិកមួយរូប នៃសហគ្រាសនោះ ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែបុគ្គលិករូបនោះបានគេចខ្លួន ហើយចូលទៅពួនក្នុងកេសក្រដាសមួយ។ បុគ្គលិករូបនោះ បានទាក់ទងមកកងកម្លាំងពិសេសបារាំង តាមទូរស័ព្ទ ពីអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងសហគ្រាស ជាពិសេសពីសកម្មភាពរបស់ជនសង្ស័យទាំងពីរនាក់។
បន្តិចក្រោយមក អាមេឌី គូឡាប៊ីលី ដែលត្រូវបានអាជ្ញាធរសង្ស័យ ជាជនខ្មាន់កាំភ្លើងនៅក្នុងការបាញ់សម្លាប់ស្ត្រីនគរបាល កាលពីថ្ងៃព្រហស្បត្តិ៍ បានចូលក្នុងហាងលក់ទំនិញមួយ ស្ថិតនៅខាងកើតរដ្ឋធានីប៉ារីស ហើយបានចាប់ចាប់មនុស្សជាច្រើន នៅក្នុងហាងនេះធ្វើជាចំណាប់ខ្មាំង។ នេះបើតាមរដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស័រ ម៉ូឡាំង (François Molins)។ ចំណាប់ខ្មាំងបួននាក់ទំនងជាត្រូវបានបាញ់សម្លាប់ នៅពេល អាមេឌី គូលីបាលី ផ្ដើមសកម្មភាពដំបូងរបស់ខ្លួន។ អាមេឌី គូឡាប៊ីលី បានព្រមានថា ខ្លួនគេនឹងបាញ់សម្លាប់ចំណាប់ខ្មាំង ក្នុងហាងនេះទាំងអស់ទៀត ប្រសិនណាជាកងកម្លាំងពិសេស បើកការវាយប្រហារទៅលើបងប្អូនទាំងពីរនាក់ ដែលកំពុងស្ថិតក្នុងសហគ្រាសបោះពុម្ភ។
ប្រតិបត្តិការក្នុងពេលតែមួយ
ដោយស្ថិតក្នុងការចរចាជាច្រើនម៉ោងមិនទទួលបានជោគជ័យ កងកម្លាំងនគរបាលពិសេសបារាំង ដែលមានជំនាញខាងការបង្ក្រាបឧក្រិដ្ឋកម្មកម្រិតធ្ងន់ បានបើកប្រតិបត្តិការផ្ទុះអាវុធ នៅវេលាម៉ោងប្រមាណជា៤ និង៥៧នាទីរសៀល ក្នុងថ្ងៃសុក្រដដែល ដោយបានសម្លាប់បងប្អូន គូអាឈី ទាំងពីរនាក់ និង អាមេឌី គូលីបាលី នៅនឹងកន្លែង ដែលពួកគេបានចាប់មនុស្សធ្វើចំណាប់ខ្មាំង។ បើតាមលោករដ្ឋអាជ្ញា ហ្វ្រង់ស័រ ម៉ូឡាំង ដដែលបានឲ្យដឹងថា ជនសង្ស័យទាំងពីរ គូអាឈី បានបាញ់តដៃជាមួយកងកម្លាំងរបស់អាជ្ញាធរ ដែលជំរុញឲ្យពួកគេត្រូវបានបាញ់សម្លាប់ភ្លាមៗ។ បងប្អូនទាំងពីរនាក់ មានអាវុធនៅនឹងដៃ ធុនពាក់កណ្ដាលស្វ័យប្រវត្តិ និងអាវុធបាញ់រ៉ុក្កែត។
មកដល់ពេលនេះ អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន ស្ត្រីម្នាក់ទៀត ដែលជាភរិយារបស់ អាមេឌី គូលីបាលី (Amedy Coulibaly) ដែលមានឈ្មោះ ហាយ៉ាត ប៊ូម៉េឌីយ៉េន (Hayat Boumeddiene)។ បើតាមអាជ្ញាធរ បានបញ្ជាក់ថា ស្ត្រីវ័យ២៦ឆ្នាំម្នាក់នេះ ជាសមាជិកយ៉ាងសកម្ម នៅក្នុងបណ្ដាញជីហាដ នៃក្រុមអ៊ីស្លាមនិយមតឹង។ អាជ្ញាធរបានសង្ស័យថា ស្ត្រីម្នាក់នេះជាគ្រោះថ្នាក់សម្រាប់សង្គមបារាំង និងបានចូលរួមរៀបចំឲ្យមានភេវរកម្មទាំងនេះខាងលើ ខណៈការស្វែងរកចាប់ខ្លួន ហាយ៉ាត ប៊ូម៉េឌីយ៉េន ក៏មានបំណងដើម្បីស្រាវជ្រាវរកសមាជិកផ្សេងៗទៀត ដែលស្ថិតក្នុងបណ្ដាញអ៊ីស្លាមនិយមតឹងនេះដែរ៕