ISIS ប្រកាសទទួលស្គាល់ការវាយប្រហារនៅឥណ្ឌូនេស៊ី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ មករា ២០១៦
- កែប្រែចុងក្រោយ: January 15, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលើកឡើងក្នុងពេលកន្លងមក ទាក់ទងនឹងការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ទៅលើប្រទេសឥណ្ឌូនេស៊ី មិនមែនជាការលើកឡើង ដោយគ្មានភាពជាក់លាក់ទេ ជាពិសេសនៅពេល ដែលការលើកឡើងនេះ ធ្លាប់ជាសំដីអះអាង របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) នោះផង។ ប្រទេសឥណ្ឌូនេស៊ីខ្លួនឯង ក៏ធ្លាប់បានបើកយុទ្ធនាការ វាយបំបែកបណ្ដាញរបស់ក្រុមនេះ កាលពីចុងឆ្នាំ២០១៥ នោះដែរ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ យ៉ាងហោច៥នាក់ រួមនឹងវត្ថុតាងជាច្រើន។
ដូចការប្រមើលមើលនោះមែន ព្រោះក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារ ដាក់បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ នៅកណ្ដាលរដ្ឋធានីចាការតា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោច ៧នាក់។ ការវាយប្រហារបានចាប់ផ្ដើមកើតឡើង នៅវេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក) ហើយគេត្រូវរងចាំ រហូតដល់យប់ថ្ងៃដដែល ទើបក្រុមអង្គការភេរវកម្ម បានចេញប្រកាស មកទទួលស្គាល់ ពីការបំផ្ទុះគ្រាប់បែកទាំងនេះ ដោយក្រុមនេះខ្លួនឯង។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជាភាសាអារ៉ាប់ ដែលចេញផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា៖ «គ្រាប់បែកជាច្រើន ត្រូវបានបំផ្ទុះផ្ទួនៗគ្នា ដោយក្រុមយុទ្ធជន នៃរាជាណាចក្រព្រះជាម្ចាស់ ជាមួយនឹងអាវុធនធុនស្រាល និងខ្សែក្រវ៉ាត់ផ្ទុកដោយគ្រាប់បែក»។ សេចក្ដីប្រកាសបានបន្ថែមទៀតថា ការវាយប្រហារបានសំដៅ ទៅលើក្រុមពលរដ្ឋ ដែលមានដើមកំណើត ពីប្រទេសសម្ព័ន្ធមិត្តឈើឆ្កាង (ឈើឆ្កាង = និមិត្តរូប នៃសាសនាគ្រឹស្ដ៍ - EDTN) ដឹកនាំដោយសហរដ្ឋអាមេរិក ដែលកំពុងវាយប្រហារ ទៅលើក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊រីរី និងអៀរ៉ាក់ សព្វថ្ងៃ។
«ឥណ្ឌូនេស៊ី ជាខេត្តមួយ នៃទឹកដីព្រះជាម្ចាស់...»
កាលពីចុងខែធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) បានព្រមានពីការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម ទៅលើប្រទេសឥណ្ឌូនេស៊ី ប្រាប់សារព័ត៌មាន «The Australian»ថា៖ «ក្រុមរដ្ឋអ៊ីស្លាម មានមហិច្ចិតា ចង់បង្កើនវត្តមាន និងកម្រិតនៃសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ទោះជាមហិច្ឆិតានេះ ត្រូវធ្វើដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ»។
លោក ប្រេនឌី បានអះអាងទៀតថា៖ «តើអ្នកបានឮឬទេ ពីទឹកដីព្រះជាម្ចាស់នៅឆ្ងាយសន្លឹម? ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសពីបំណងរបស់ខ្លួន ក្នុងការបង្កើតឲ្យមានទឹកដីព្រះជាម្ចាស់ នៅក្រៅពីតំបន់មជ្ឈឹមបូព៌ា ឬនិយាយឲ្យខ្លី បង្កើតនូវអាណខេត្តមួយទៀត របស់ខ្លួន។ ក្រុមនេះបានកំណត់ យកប្រទេសឥណ្ឌូនេស៊ី ជាទីតាំង បម្រើឲ្យមហិច្ឆិតាលើកក្រោយរបស់ខ្លួន។»
អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ថ្លែងថ្កោលទោសការវាយប្រហារ...
តុល្យភាពផ្លូវការចុងក្រោយ បានឲ្យដឹងថា សកម្មជនធ្វើអត្តឃាត ដែលមានចំនួនសរុបទាំងអស់ ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការឆ្លើយតប របស់កងកម្លាំងឥណ្ឌូនេស៊ី នៅក្នុងសង្កាតមួយ ដែលសម្បូរដោយផ្សារទំនើប អាគារស្ថានទូត និងការិយាល័យរបស់អង្គការសហប្រជាជាតិ។ នៅថ្ងៃដដែលនេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) បានធ្វើការថ្កោលទោស ទៅលើការវាយប្រហារនោះ ដោយចាត់ទុកថា ជាទង្វើដែល«គ្មានន័យ»។ លោក គី-មូន បានថ្លែងឡើងថា៖ «គ្មានអ្វីដែលអាចពន្យល់ ពីទង្វើភេរវនិយមទាំងនេះឡើយ»៕
----------------
» វីដេអូរំលឹក ពីការវាយប្រហារ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា ឆ្នាំ២០១៥៖