ប្រធានាធិបតីឥណ្ឌូនេស៊ី៖ ការបំផ្ទុះគ្រាប់បែកនៅចាការតា ជា«អំពើភេរវកម្ម»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៦
- កែប្រែចុងក្រោយ: January 14, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ប្រជាជាតិ និងប្រជាជនរបស់យើង មិនមានភាពតក់ស្លុតទេ។ យើងនឹងមិនចុះចាញ់ នូវទង្វើភេរវកម្មទាំងនេះឡើយ។» នេះជាការប្រកាសរបស់លោក ចូដូ វីដូដូ (Joko Widodo) នៅតាមកញ្ចក់ទូរទស្សន៍ «Metro TV» ដោយបានបន្ថែមថា អាជ្ញាធរឥណ្ឌូនេស៊ី សូមធ្វើការថ្កោលទោស នូវសកម្មភាពបំផ្ទុះគ្រាប់បែក ដែលបានបង្កឲ្យខូចដល់សណ្ដាប់ធ្នាប់ និងការភ័យភិត ដល់ប្រជាពលរដ្ឋ។
របាយការណ៍ចុងក្រោយ បានអះអាងថា យ៉ាងហោចមនុស្ស៧នាក់ ក្នុងនោះ៥នាក់ ជាជនខ្មាន់កាំភ្លើង បានស្លាប់នៅក្នុងព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែក ជាច្រើនគ្រាប់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅពីមុខហាងកាហ្វេ «Starbucks» កណ្ដាលរដ្ឋធានីចាការតា។ រីឯជនរងគ្រោះពីរនាក់ទៀត មានម្នាក់ជាជនជាតិកាណាដា។ ក្រសួងការបរទេសឥណ្ឌូនេស៊ី បានប្រកាសពីដំណឹងនេះ ទៅកាន់ស្ថានទូតនៃប្រទេសកាណាដា ប្រចាំប្រទេសឥណ្ឌូនេស៊ី ទាក់ទងនឹងមរណៈភាព របស់ពលរដ្ឋកាណាដា នៅក្នុងការវាយប្រហារ។
បើតាមការអះអាងផ្សេងទៀត របស់មន្ត្រីនគរបាល និងរបស់សាក្សីនៅក្នុងហេតុការណ៍ បានអះអាងថា មានមនុស្ស៦នាក់ បានស្លាប់នៅនឹងកន្លែង មាន៣នាក់ ជាជនស៊ីវិល និង៣នាក់ជានគរបាល។
» វីដេអូ បង្ហាញពីការបំផ្ទុះមួយ នៅពីមុខអាគារពាណិជ្ជកម្ម នៃរដ្ឋធានី ចាការតា៖
នៅក្នុងរូបភាព ដែលផ្សាយតៗគ្នា នៅតាមបណ្ដាញសង្គម និងនៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញ ពីរូបរាងស្ដូកស្ដឹងរបស់ជនរងគ្រោះ នៅលើផ្លូវថ្នល់។ សម្លេងផ្ទុះ ចំនួន៦ដង ត្រូវបានឮ និងផ្ទុះឡើងជាបន្តបន្ទាប់គ្នា មុននឹងការផ្ទុះអាវុធជាច្រើនគ្រាប់ បានកើតឡើងតាមក្រោយ។ អ្នកនាំពាក្យនគរបាល លោក «Anton Charliyan» បានអះអាងថា៖ «នៅពេលនេះ ការផ្ទុះអាវុធបានបញ្ចប់ទៅហើយ។ យើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (...) តែយើងនៅសង្ស័យ ថានឹងអាចមានការផ្ទុះអាវុធជាថ្មីទៀត»។
អ្នកយកព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បាននិយាយថា ក្រុមកងកម្លាំងប្រដាប់ឲ្យអាវុធ បានប្រាប់ឲ្យបណ្ដាជនចេញឲ្យឆ្ងាយ និងបានជម្លៀសជនរងគ្រោះ ដែលស្ថិតនៅលើដងផ្លូវចេញ ហើយឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានហោះ ពីលើតំបន់ដែលកើតហេតុ។
នៅមិនទាន់ មានការប្រកាសទទួលស្គាល់...
រហូតមកដល់ម៉ោងនេះ នៅមិនទានមានការអះអាង ឬការប្រកាសទទួលស្គាល់ ពីការវាយប្រហារនេះ នៅឡើយ។ អាជ្ញាធរបានឲ្យដឹងថា នគរបាលឥណ្ឌូនេស៊ី ត្រូវបានប្រកាស ឲ្យស្ថិតក្នុងសភាពត្រៀមជើងការ នៅក្នុងបុណ្យឆ្លងឆ្នាំសកល កន្លងមកនេះ បន្ទាប់ពីបានបំបែក នូវគម្រោងធ្វើភេរវកម្មមួយ របស់ក្រុមអ៊ីស្លាមនិយជ្រុល ដែលត្រៀមវាយប្រហារ នៅរដ្ឋធានីចាការតា នៅចំថ្ងៃបុណ្យចូលឆ្នាំតែម្ដង។
កាលពីខែធ្នូកន្លងទៅ អាជ្ញាធរក៏បានឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាច្រើន នូវមនុស្សចំនួន៥នាក់ ដែលត្រូវបានសង្ស័យ ថាបានចូលរួមនៅក្នុងបណ្ដាញមួយ ដែលស្និតនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) និងជាប់ពាក់ព័ន្ធ នឹងបណ្ដាញអ៊ីស្លាមជ្រុលនិយម «Jemaah Islamiyah» ដែលជាបណ្ដាញ ធ្លាប់ធ្វើភេរវកម្មដ៏រង្គាល នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចហើយ នៅក្នុងយុទ្ធនាការ ប្រឆាំងនឹងភេរវកម្ម រាប់ចាប់តាំងពីភេរវកម្ម នៅលើកោះបាលី នាឆ្នាំ២០០២ ដែលបានសម្លាប់មនុស្ស២០២នាក់។ តាំងពីពេលនោះមក ប្រទេសនេះមិនបានស្គាល់ភេរវកម្ម អ្វីធំដុំទៀតឡើយ ក្រៅតែពីភេរវកម្មកាលពីឆ្នាំ២០០៩ ដែលធ្វើឡើងប្រឆាំង នឹងសណ្ឋាគារទំនើបមួយ នៅរដ្ឋធានីចាការតា បង្កឲ្យមានមនុស្សស្លាប់៩នាក់៕
---------
» តើការបំផ្ទុះគ្រាប់បែក នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កើតឡើងនៅទីណា នៃរដ្ឋធានីចាការតា?