ភេរវកម្មនៅប៉ារីស៖ អ្នកស៊ើបអង្កេតរកឃើញភេរវជន«បីក្រុម»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 15, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើទៅមុខទៀត ទាក់ទងនឹងការវាយប្រហារភេរវកម្ម ប្រដាប់ដោយអាវុធ និងគ្រាប់បែក កាលពីយប់ថ្ងៃសុក្រ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំនៅរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស៊័ ម៉ូឡាំង បានចូលខ្លួន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីអ្វីដែលលោក និងក្រុមអ្នកស៊ើបអង្កេត បានរកឃើញ រួមជាមួយនឹងតួលេខផ្លូវការមួយចំនួន។
តុល្យភាពផ្លូវការ ស្លាប់១២៩នាក់... ប៉ុន្តែអាចកើនទៀត!
តុល្យភាពផ្លូវការ តែមានលក្ខណៈជាបណ្ដោះអាសន្ន និងអាចកើនឡើងទៀត ដែលចេញពីការវាយប្រហារ កាលពីយប់ថ្ងៃសុក្រនេះ បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មានចំនួន១២៩នាក់ និងជនរងគ្រោះដោយរបួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះជាការថ្លែងប្រកាស របស់លោករដ្ឋអាជ្ញា។ រីឯភេរវជនវិញ មានចំនួន៧នាក់ និងបានស្លាប់ទាំងអស់ នៅក្នុងសកម្មភាពឧក្រិដ្ឋរបស់ពួកគេ។ លោក ម៉ូឡាំង បានថ្លែងឲ្យដឹងទៀតថា ភេរវជនចំនួន៦នាក់ បានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាត។
ភេរវជនចំនួន៣ក្រុម ត្រូវបានស្គាល់ពីអត្តសញ្ញាណ
«វាដូចជាមានភាពប្រាកដណាស់ ថាភេរវជនចំនួន៣ក្រុម ត្រូវបានស្គាល់ ដែលជាអ្នកបង្ក ឲ្យមានអំពើយង់ឃ្នងនេះ» លោករដ្ឋអាជ្ញាបានបញ្ជាក់ថា៖ «នៅសឹងគ្រប់ចំណុច នៃការវាយប្រហារ គ្រឿងឧបករណ៍បំផ្ទុះ (ឬគ្រាប់បែក) ដែលយកមកប្រើ និងដែលត្រូវបានរកឃើញនោះ មានលក្ខណៈដូចគ្នាទាំងស្រុង»។
ភេរវជនធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជី«S»
លោក ម៉ូឡាំង បានបន្តទៀតថា៖ «នៅខណៈនេះ ភេរវជនម្នាក់ដែលចាប់មនុស្សជាច្រើន ធ្វើជាចំណាប់ខ្មាំង នៅក្នុងរោងល្ខោន បាតាក្លង់ (Bataclan) ត្រូវបានកំណត់ ពីអត្តសញ្ញាណ ដោយសារស្នាមក្រយ៉ៅម្រាមដៃ នៅនឹងកន្លែងកើតហេតុ។ ជននេះ កើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨៥ ក្នុងក្រុង "Courcouronnes" នៃតំបន់ "Essonne (ជាយក្រុងប៉ារីស)" ហើយធ្លាប់បានប្រព្រឹត្តិ បទល្មើសមួយចំនួន និងត្រូវបានកត់ចូល ក្នុងបញ្ជី «S» នៃក្រុមអ៊ីស្លាមនិយមតឹង នៅក្នុងប្រទេសបារាំង ប៉ុន្តែមិនដែលធ្លាប់ចូល ជាសមាជិក ឬមានជាប់ទាក់ទង នឹងបណ្ដាញភេរវកម្មឡើយ។»
រកឃើញលិខិតឆ្លងដែន នៃប្រទេសស៊ីរី នៅក្បែរនឹងភេរវជនម្នាក់ ដែលបានបំផ្ទុះគ្រាប់បែក ដាក់ជាប់នឹងខ្លួន នៅក្បែ «Stade de France» ពហុកីឡាដ្ឋានធំ របស់ប្រទេសបារាំង។ ដោយសារលិខិតឆ្លងដែននោះ គេបានដឹងថា ជននោះកើតនៅខែកញ្ញា ឆ្នាំ១៩៩០ ក្នុងប្រទេសស៊ីរី ប៉ន្តែជននេះ មិនត្រូវអាជ្ញាធរស្គាល់ពីមុនមកទេ៕