ភេវរកម្មប្រឆាំងអ៊ីស្រ្តាអែល នៅប៊ុលហ្គារី៖ ការស៊ើបអង្កេត កំពុងដំណើរការ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 24, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសដែលបានសំលាប់ មនុស្ស៦នាក់ នៅប៊ុលហ្គារី ត្រូវបានអាជ្ញាធររកឃើញថា បុរសនោះ ទំនងមិនមែនជាជនជាតិ ប៊ុលហ្គារីទេ តែអាចជាជនជាតិអារ៉ាប់ ...
ដោយសារមានជំនួយ ពីខាងភ្នាក់ងារសំងាត់ សេអ៊ីអា (CIA) អេហ្វប៊ីអាយ (FBI) និង អាំងទែប៉ូល (Interpol) នោះផងមក ក្រុមភ្នាក់ងារស៊ើបអង្កេតរបស់ ប្រទេសប៊ុលហ្គារី បានធ្វើដំណើរការទៅមុខបន្ដិចម្ដងៗ ក្នុងការកំណត់អត្តសញ្ញាណរបស់ ភេវរជន ដែលបានធ្វើ អំពើភេវរកម្មអត្ថឃាតមួយ ប្រឆាំង អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី ១៨កក្កដាកន្លងមក។
រថយន្ដក្រុង ដែលត្រូវបានបំផ្ទុះ ហើយបានសម្លាប់ជនជាតិអ៊ីស្រ្តាអែល ៥នាក់ និងជនជាតិប៊ុលហ្គារី១នាក់។
អ៊ីស្ត្រាអែល ចោទ អ៊ៀរ៉ង់
កាលពីថ្ងៃសុក្រទី ២០កក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tsvetan Tsvetanov បានលើកឡើងពី វត្ថុផ្សំនៃគ្រឿងជាតិផ្ទុះ ដែល មានទំងន់៣គីឡូក្រាម ផលិតពីជាតិ TNT សំរាប់ប្រើប្រាស់ នៅក្នុងវិស័យយោធា។ អំពើភេវរកម្ម នៅមាត់សមុទ្រខ្មៅនេះ បានសំលាប់អ្នកទេសចរណ៍ ជនជាតិអ៊ីស្ត្រាអែល ចំនួន៥នាក់ និងម្នាក់ទៀតជាជនជាតិប៊ុលហ្គារី ខណៈដែលគាត់បានបើក រថយន្ដក្រុង មកទទួលជនជាតិអ៊ីស្រ្តាអែលទាំងនេះ នៅព្រលានយន្ដហោះ។ តាមបណ្ដាញវីដេអូត្រួតពិនិត្យ នៅព្រលាន យន្ដហោះ គេបានដឹងថា អត្តភេវរជន ដែលមានអាយុប្រហែល ជា៣៦ឆ្នាំ បានស្លាប់ក្នុងពេលជាមួយគ្នានោះដែរ។
អ៊ីស្រ្តាអែល បានចង្អុលទៅអ៊ៀរ៉ង់ ថាជាអ្នកបញ្ជា នៅពីក្រោយភេវរកម្មនេះ ហើយគឺក្រុម ហែសប៊ូឡា (Hezbollah) ជាអ្នក អនុវត្តផ្ទាល់។ ការចោទនេះ ត្រូវបានទីក្រុង តែអ៊ៀរ៉ង់ ប្រកែកយ៉ាងដាច់អហង្កា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែម ថា ជនសង្ស័យមិនមែនជាជនជាតិប៊ុលហ្គារីទេ ហើយលោកក៏មិនបដិសេធ ថាអាចមានអ្នកឃុមឃិត នោះដែរ។ លោកបាន អោយដឹងថា បុរសនេះ ប្រហែលជាបានមកស្នាក់នៅក្នុងប្រទេសប៊ុលហ្ការី យ៉ាងហោចណាស់ ចំនួន៤ថ្ងៃរួចមកហើយ។
«បុរសនោះអាចជាជនជាតិអារ៉ាប់»
អ្នកស៊ើបអង្កេត នៅនឹងកន្លែង និងនៅតំបន់ជុំវិញ បានបង្ហើបពីមុខសញ្ញា ដែលបានស្គាល់ដោយ អ្នកជួលរថយន្ដម្នាក់ និង ប្រពន្ធរបស់គាត់ រួមជាមួយ នឹងអ្នកបើករថយន្ដឈ្នួល ចំនួនពីរនាក់ផ្សេងទៀត។ អ្នកជួលរថយន្ដបាន បដិសេធ មិនជួល រថយន្ដទៅអោយបុរសនេះទេ បើទោះជាបុរសនេះ បង្ហាញក្រដាសប្រាក់ សុទ្ធតែ ៥០០អ៊ឺរ៉ូ ក៏ដោយ ដោយហេតុថាពួកគាត់ បានសង្ស័យ នឹងប័ណ្ណបើកបរចេញដោយអាជ្ញាធរអាមេរិក របស់ជននោះ ថាអាចជាប័ណ្ណក្លែងក្លាយ។
តាមសាក្សីផ្សេងទៀត បញ្ជាក់ថា បុរសនេះ និយាយអង់គ្លេស ជាមួយសំនៀងរដឺនបន្ដិច ដូចទៅនឹងសំនៀង របស់ជនជាតិ អារ៉ាប់។ ស្រ្តីជាប្រពន្ធ របស់អ្នកជួលរថយន្ដ បានសរុបសេចក្ដីដូចគ្នាដែរ ថា ជននោះអាចជាជនជាតិអារ៉ាប់ម្នាក់។ ស្រ្តីនេះ បានពណ៌នាថា ជននេះមានក្បាលត្រងោលសឹងតែទាំងអស់។ តែបើតាមវីដេអូ ត្រួតពិនិត្យដែលចាប់បានរូបរបស់ ជននេះ គេបានឃើញថា ជននេះមានសក់យ៉ាងវែង។ រដ្ឋអាជ្ញានៅតំបន់នោះ គិតថា ជននេះអាចប្រើប្រាស់សក់ក្លែងក្លាយ។
ឯកសារដែលនៅជាប់ នឹងខ្លួនអត្តភេវរជន មានតែ ប័ណ្ណបើកបរក្លែងក្លាយ មួយសន្លឹកប៉ុណ្ណោះ ដែលចេញដោយអាជ្ញាធរ អាមេរិក ក្នុងរដ្ឋមិស៊ីហ្គែន (Michigan) ដោយមានឈ្មោះថា ហ្សាក់ ហ្វីលីប ម៉ាតាំង (Jacque Felipe Martin)។
នៅក្នុងចំណោម ប្រភពផ្សេងទៀត សំរាប់ការស៊ើបអង្កេត គេបាននិយាយដល់ពីបណ្ដាជន លីបង់ ដែលរស់នៅលើទឹកដី របស់ប្រទេសប៊ុលហ្គារី ព្រោះដោយសារតែគេបានដឹងថា អាចមានការទាក់ទងនឹងពួកក្រុម ហែសប៊ូឡា ដែលជាក្រុមមួយ បង្កើតឡើងនៅប្រទេសលីបង់ ក្នុងគោលបំណងប្រឆាំងនឹង ការឈ្លានពានរបស់ អ៊ីស្រ្តាអែល ចូលក្នុងប្រទេសលីបង់។ ចំណែកឯ ជនជាតិអ៊ីស្រ្តារអែល ទាំង៥នាក់ ដែលស្លាប់នោះ ត្រូវបានគេបញ្ជូនត្រឡប់ យកទៅបញ្ចុះនៅទីក្រុង តែលអាវីល (Tel-Aviv) វិញ រួចរាល់អស់ហើយដែរ៕
---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ