ប៉ារីស រងការវាយប្រហារច្រើនកន្លែង យ៉ាងហោច១៨នាក់ស្លាប់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 13, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លែងទាំងបី ដែលរងការវាយប្រហារនោះ ស្ថិតក្នុងផ្លូវ ប៊ីឆារ (Bichat) ផ្លូវ ឆាររ៉ូន (Charonne) និងកន្លែងមួយទៀត នៅនឹងរោងល្ខោន បាតាក្លង់ (Bataclan) នៃសង្កាត់ទី១០ និងទី១១ កណ្ដាលរដ្ឋធានីប៉ារីស។ មនុស្សជាច្រើននៅក្នុងរោងល្ខោន បាតាក្លង់ កំពុងត្រូវបានចាប់ ជាចំណាប់ខ្មាំងនៅឡើយ ក្នុងពេលអត្ថបទនេះកំពុងសរសេរ។
ស្នូរគ្រាប់បែកចំនួនបីគ្រាប់ ត្រូវបានផ្ទុះឮឡើង នៅក្បែរពហុកីឡាដ្ឋានធំ របស់ប្រទេស (Stade de France) ដែលមានការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈមិត្តភាព រវាងក្រុមជម្រើសជាតិបារាំង និងអាល្លឺម៉ង់ ក្នុងយប់ទី១៣ ខែវិច្ឆិកានេះ។ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានវត្តមាន នៅក្នុងការប្រកួតកីឡាមិត្តភាពនេះ ត្រូវបានជម្លៀសខ្លួនចេញ ដោយលាក់កំបាំង ដើម្បីបញ្ជៀសការភ្ញាក់ផ្អើល។ នេះ បើតាមការផ្សាយ របស់ទូរទស្សន៍បារាំង iTélé ដែលផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។
មនុស្សស្លាប់អាចច្រើនជាង ៦០នាក់...
ស្នងការនគរបាល នៃរដ្ឋធានីប៉ារីស បានប្រកាសឲ្យដឹងថា មានមនុស្សយ៉ាងតិច ១៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ១៥នាក់ នៅរោងល្ខោន បាតាក្លង់ និងបីនាក់ នៅក្បែរពហុកីឡាដ្ឋានធំបារាំង។ ប៉ុន្តែប្រភពព័ត៌មាន របស់ទូរទស្សន៍បារាំង BFMTV បានឲ្យដឹងថា មនុស្សស្លាប់មានមិនតិចជាង ៦០នាក់ ហើយចំនួននេះអាចនឹងកើតឡើង នៅក្នុងម៉ោងខាងមុខនេះ។
ភោជនីយដ្ឋានម្ហូបខ្មែរ...
ការវាយប្រហារ នៅផ្លូវ ប៊ីឆារ ត្រូវបានធ្វើឡើង នៅខាងមុខភោជនីយដ្ឋានមួយ ឈ្មោះ ប៉ឺទីកម្ពុជា (Petit Cambodge) ដែលជាភោជនីយដ្ឋានម្ហូបខ្មែរ នៅក្នុងសង្កាត់ទី១១ នៃរដ្ឋធានីប៉ារីស។ បុគ្គលិកបម្រើការម្នាក់ នៅក្នុងភោជនីយដ្ឋាននេះ បានថ្លែងប្រាប់ទូរទស្សន៍ iTélé ថាការវាយប្រហារ បានធ្វើឲ្យមនុស្សម្នាក់រងរបួស។
អ្នកសារព័ត៌មានមួយរូប របស់សារព័ត៌មានបារាំង «Le Monde» លោក «Daniel Pseny» បានរងរបួសត្រង់ដៃ ដោយគ្រាប់កាំភ្លើង នៅក្នុងការវាយប្រហារ នារោងល្ខោន បាតាក្លង់ ហើយបានរាយការណ៍ប្រាប់ថា មនុស្សជាច្រើននាក់ ត្រូវបានបាញ់តម្រង់ ហើយបានដួលដេកនៅនឹងដី ជាបន្តបន្ទាប់។ អ្នកសារព័ត៌មានរូបនោះ បាននិយាយថា ជនខ្មាន់កាំភ្លើង មិនត្រូវបាននគរបាលឃាត់ខ្លួនបានទេ ហើយយ៉ាងហោច ជនខ្មាន់កាំភ្លើងម្នាក់ បានគេចខ្លួន៕