អតីតរដ្ឋមន្ត្រីបារាំង រងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ
សាលក្រមនៃសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារទី ១៥ ខែឧសភានេះ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២ឆ្នាំ (និងពីរឆ្នាំទៀត ដោយព្យួរទោស) ប្រឆាំងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) អតីតរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថវិការជាតិ ជំនាន់ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បន្ទាប់ពីលោកត្រូវបានរកឃើញថា បានគេចវេសការបង់ពន្ធ ដោយលួចផ្ទេរប្រាក់ និងលួចបង្កើតគណនីធនាគារ នៅក្រៅប្រទេស។
កាលពីខែធ្នូ ឆ្នាំ២០១៦ លោកអតីតរដ្ឋមន្ត្រីត្រូវបានសាលាដំបូងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែលោក កាហ៊ុយហ្សាក់ បានប្ដឹងជំទាស់ នឹងសាលក្រមនេះ ឡើងទៅសាលាឧទ្ធរណ៍។
សាលក្រមថ្ងៃនេះ របស់សាលាឧទ្ធរណ៍ នៅបានបង្គាប់ឲ្យលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវបង់ប្រាក់ពិន័យចំនួន ៣០ម៉ឺនអ៊ឺរ៉ូ និងហាមឃាត់លោក មិនឲ្យឈរឈ្មោះជាតំណាងរាស្ត្រ ឬជាសមាជិកក្រុមប្រឹក្សាខេត្តក្រុង ឃុំសង្កាត់ ចំនួន៥ឆ្នាំថែមទៀត។ [...]