អតីតរដ្ឋមន្ត្រីការពារជាតិ ក្លាយជារដ្ឋមន្ត្រីការបរទេសបារាំងថ្មី
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៧ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 17, 2017
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិតហើយថា ករណីរបស់លោក ហ្សង់-អ៊ីវ ឡឺឌ្រឺយ៉ង់ (Jean-Yves Le Drian) មានលក្ខណៈពិសេសខុសគេបន្តិច បើប្រៀបធៀបទៅនឹងសមាជិករដ្ឋាភិបាលថ្មី ដែលទើបនឹងប្រកាសឲ្យដឹង នៅរសៀលថ្ងៃពុធ បន្ទាប់ពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលកាន់តំណែង បាន៣ថ្ងៃ។
នៅក្នុងអំឡុងពេល នៃយុទ្ធនាការបោះឆ្នោត លោក ម៉ាក្រុង ធ្លាប់បានប្រកាសថា លោកមានបំណងចង់ទុកអ្នកជិតដិត របស់អតីតប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដើម្បីធ្វើជាសមាជិក នៅក្នុងរដ្ឋាភិបាលថ្មីរបស់លោក។ ខណៈលោក ឡឺឌ្រឺយ៉ង់ វិញ ក៏ធ្លាប់ទម្លាយឲ្យដឹងដែរថា លោកមានបំណង ចង់ធ្វើការជាបន្តទៅទៀត ក្នុងរដ្ឋាភិបាលថ្មី ប៉ុន្តែលោកថា លោកមិននៅក្នុងតំណែងថ្មីនោះ រហូតដល់រយៈពេល៥ឆ្នាំ នៃអាណត្តិប្រធានាធិបតីនោះទេ។
ហើយ«អាប៉ោង ទើបនឹងបើកគ្រប» នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ បង្កឲ្យមានការភ្ញាក់ផ្អើល មិនតិចឡើយ។ លោក ឡឺឌ្រឺយ៉ង់ ពិតជាមានវត្តមាន នៅក្នុងរដ្ឋាភិបាលថ្មី តែមិននៅកាន់តំណែង ជាប្រមុខកងទ័ពបារាំង ដើម្បីការពារជាតិ និងពលរដ្ឋបារាំងទៀតទេ។ ក្រសួងថ្មីរបស់លោក គឺក្រសួងការបរទេស។
បន្តការប្រយុទ្ធ នៅក្នុងក្រសួងថ្មី
សម្រាប់លោក តំណែងណាក៏ដោយ ក៏នៅតែជាការទទួលខុសត្រូវ ក្នុងការពារជាតិ និងពលរដ្ឋបារាំងដដែលដែរ។ ដូចក្នុងការថ្លែងរបស់លោក ឡឺឌ្រឺយ៉ង់ នៅក្នុងពិធីផ្ទេរតំណែង ពីអតីតរដ្ឋមន្ត្រីការបរទេស លោក ហ្សង់-ម៉ាក អៃរ៉ូល្ស៍ (Jean-Marc Ayrault) ក្នុងរសៀលថ្ងៃពុធ យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងបន្តការប្រយុទ្ធ តាមរបៀបមួយទៀត ដើម្បីសន្ដិសុខរបស់ប្រជាជាតិបារាំង»។
» ការផ្ទេរតំណែង រវាងលោក ហ្សង់-ម៉ាក់ អៃរ៉ូល្ស័ និងលោក ហ្សង់-អ៊ីវ ឡឺឌ្រឺយ៉ង់៖
លោក ហ្សង់-អ៊ីវ ឡឺឌ្រឺយ៉ង់ ត្រូវបានគេស្គាល់ នៅក្នុងអន្តរាគមន៍យោធាបារាំង ដើម្បីប្រយុទ្ធប្រឆាំង ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) និងដើម្បីជួយសង្គ្រោះ ប្រទេសមួយចំនួន ក្នុងទ្វីបអាហ្វ្រិក ពីឥទ្ធិពលអ៊ីស្លាមនិយមជ្រុល។ ក្នុងពេលកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិ លោក ឡឺឌ្រឺយ៉ង់ ក៏ត្រូវបានអតីតប្រធានាធិបតី ហូឡង់ ផ្ដល់ឈ្មោះឲ្យលោក ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ នៅក្នុងទ្វីបអាហ្វ្រិកទាំងមូលនោះដែរ។
ឈ្មោះរបស់លោក ត្រូវបានប្រទេស នៅក្នុងទ្វីបដទៃទៀត ទទួលស្គាល់ដែរ ជាពិសេសប្រទេសអូស្ត្រាលី ដែលប្រទេសបារាំង បានលក់ទៅឲ្យប្រទេសនេះ នូវនាវាមុជទឹកច្រើនគ្រឿង និងបណ្ដាប្រទេសមួយចំនួនទៀត នៅក្នុងឈូងសមុទ្រពែរ្យ៍ ដែលប្រទេសបារាំងបានលក់ ទៅឲ្យប្រទេសទាំងនោះ នូវយន្ដហោះចម្បាំង និងយន្ដហោះប្រដេញ ជាច្រើនសិបគ្រឿង។
គ្មានទេ មនុស្សម្នាក់ កាន់តំណែងច្រើន!
ប៉ុន្តែតំណែងថ្មីរបស់លោក បានបង្កការខកចិត្តមិនតិចទេ ទៅដល់ពលរដ្ឋបារាំង នៅក្នុងតំបន់ប្រឺតាញ (Bretagne - ភាគខាងលិច នៃប្រទេសបារាំង)។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងថ្មី បានកំណត់លក្ខខណ្ឌរួចហើយ សម្រាប់សមាជិករដ្ឋាភិបាលរបស់លោក ថាមិនត្រូវកាន់តំណែងពីរ ក្នុងពេលតែមួយទេ។ ហើយដើម្បីស្របតាមលក្ខខណ្ឌនេះ លោក ហ្សង់-អ៊ីវ ឡឺឌ្រឺយ៉ង់ ចាំបាច់ត្រូវលាលែង ចេញពីតំណែង ជាប្រធានក្រុមប្រឹក្សាតំបន់ (តំបន់ប្រឺតាញ) ប្រសិនជាក្លាយជាជារដ្ឋមន្ត្រីការបរទេសបារាំង នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ាក្រុង។
ដូច្នេះ ចាប់ពីពេលនេះតទៅ លោក ហ្សង់-អ៊ីវ ឡឺឌ្រឺយ៉ង់ នឹងក្លាយជាប្រមុខការទូតបារាំង ដែលត្រូវធ្វើការ ជាមួយគ្រប់ប្រទេស នៅលើផែនដី រួមទាំងប្រទេសកម្ពុជាផង៕