ISIS ថាបានបាញ់យន្ដហោះរ៉ូស្សីធ្លាក់នៅអេហ្សីប ស្លាប់២២៤នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣១ តុលា ២០១៥
- កែប្រែចុងក្រោយ: November 01, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សចំនួន២២៤នាក់ រួមមានទាំងអ្នកដំណើរ អ្នកទេសចរណ៍ និងបុគ្គិលបម្រើការ នៅលើយន្ដហោះផង បានស្លាប់គ្មានសល់ម្នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០១៥នេះ នៅលើឧបទ្វីប ស៊ីណៃ ភាគខាងកើតនៃប្រទេសអេហ្សីប។ ការស៊ើបអង្កេតជំហ៊ានដំបូង បានឲ្យដឹងថា គ្រោះថ្នាក់នេះទំនងជាបណ្ដាល មកពីបញ្ហាបច្ចេកទេស តែក្រុមសមាជិកសាខា នៃរដ្ឋអ៊ីស្លាម (បារាំងហៅ EI និងអង់គ្លេសហៅ ISIS) បានអះអាងថា ពួកខ្លួនទើបនឹងបានបាញ់ទម្លាក់យន្ដហោះនេះ ដែលទើបនឹងហោះចេញ ពីព្រលានយន្ដហោះ ក្រុង«Charm el-Cheikh»។
យន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុន «Metrojet» ដែលបម្រើសេវាកម្មធូរថ្លៃ នៅក្នុងប្រទេសរ៉ូស្សី បានហោះងើបខ្លួនពីដី នៅព្រឹកវេលាម៉ោង៥និង៥១នាទី (ម៉ោងក្នុងស្រុក) ពីក្រុងទេសចរណ៍ «Charm el-Cheikh» ដែលស្ថិតនៅមាត់សមុទ្រក្រហម ដើម្បីហោះឆ្ពោះមកកាន់ក្រុង «Saint-Pétersbourg» របស់ប្រទេសរ៉ូស្ស៊ី។ បន្តិចក្រោយមក យន្ដហោះបានធ្លាក់នៅក្នុងតំបន់ «Hassana» ដែលសម្បូរទៅដោយភ្នំ ស្ថិតនៅភាគកណ្ដាលនៃឧបទ្វីប របស់ប្រទេសអេហ្សីប។ នេះបើតាមការសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្សីប។
ក្រុមរដ្ឋអ៊ីស្លាម ចេញមុខទទួលខុសត្រូវ...
តួនិងបំណែកយន្ដហោះ ដែលរាយប៉ាយនៅទីកន្លែងធ្លាក់នោះ ត្រូវបានរកឃើញ ដោយកងទ័ពអេហ្សីប នាវេលាថ្ងៃត្រង់។ អាជ្ញាធរអេហ្សីប បានឲ្យដឹងថា ពីក្នុងចំណោមមនុស្សទាំង២២៤នាក់ នៅលើយន្ដហោះ មាន២១៧នាក់ជាអ្នកដំណើរ ក្នុងនោះ២១៤នាក់ជាជនជាតិរ៉ូស្ស៊ី និង៣នាក់ជាជនជាតិអ៊ុយក្រែន។ ទាំងប្រទេសអេហ្សីប ទាំងប្រទេសរ៉ូស្ស៊ី សុទ្ធតែបានប្រកាសដូចគ្នា និងភ្លាមៗថា មិនមាននរណាម្នាក់ នៅរស់រានមានជីវិត បន្ទាប់ពីគ្រោះថ្នាក់យន្ដហោះនេះទេ។
ផ្នែកសាខាមួយ ប្រចាំនៅប្រទេសអេហ្សីប របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងនៅលើបណ្ដាញសង្គម ទ្វីសធើរ ទទួលខុសត្រូវពីការធ្លាក់យន្ដហោះនេះ ដោយបានបញ្ជាក់មូលហេតុថា ដើម្បីជាការឆ្លើយតប ទៅនឹងអន្តរាគមន៍យោធា របស់កងទ័ពរ៉ូស្ស៊ី នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូនរ៉ូស្ស៊ី លោក «Maxime Sokolov» បានវាយតម្លៃការទទួលខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាម ថាមិនអាចចាត់ទុក ជាការពិតបានឡើយ។
អ្នកបើកបរយន្ដហោះ បានសុំដូរផ្លូវ...
យន្ដហោះរបស់ក្រុមហ៊ុន «Metrojet» បានបាត់ការទាក់ទង មកការិយាល័យត្រួតពិនិត្យការហោះហើរ ដែលស្ថិតនៅលើដី នៅប្រមាណជា២៣នាទី ក្រោយការហោះចេញ ពីព្រលានយន្ដហោះ នៅក្រុង «Charm el-Cheikh»។ នៅវេលានោះ យន្ដហោះបានហោះ នៅកំពស់ប្រមាណជាង ៩ពាន់ម៉ែត្រពីដី។ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉ូស្ស៊ី «RIA» បានឲ្យដឹងថា អ្នកបើកបរយន្ដហោះ បានទាក់ទងមកអ្នកគ្រប់គ្រងផ្លូវហោះហើរនៅលើដី ដើម្បីនិយាយប្រាប់ពីបញ្ហាបច្ចេកទេស ដែលយន្ដហោះខ្លួនមាន ហើយបានស្នើសុំដូរផ្លូវហោះហើរ ទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះនៃរដ្ឋធានី គែរ ប្រទេសអេហ្សីប។ បន្ទាប់ពីនោះមក ការទាក់ទងបានបាត់ដំណឹង សូន្យឈឹងតែម្ដង។
ប្រភពមួយ ស្និតនឹងការិយាល័យសុវត្ថិភាពផ្លូវអាកាស របស់ប្រទេសអេហ្សីប បានឲ្យដឹងថា ការពិនិត្យមើល តួនិងបំណែកយន្ដហោះ នៅនឹងកន្លែងធ្លាក់ បានបង្ហាញថា បញ្ហាបច្ចេកទេស គឺជាមូលហេតុនៃការធ្លាក់នេះ។ រហូតមកដល់ពេលនេះ គេមិនបានរកឃើញថា យន្ដហោះត្រូវបានបាញ់ទម្លាក់ ឬមានស្លាកស្នាមបំផ្ទុះ នៅលើអាកាសនោះឡើយ។ ប្រអប់«ខ្មៅ»មួយ ពីក្នុងចំណោមប្រអប់ខ្មៅទាំងពីរ របស់យន្ដហោះ ត្រូវបានរកឃើញភ្លាមៗ ខណៈកងកម្លាំងរបស់អាជ្ញាធរអេហ្សីប បានប្រមូលសាកសព របស់ជនរងគ្រោះ បាន១២០នាក់ ដែលនៅមានសភាពល្អ ដើម្បីទុកធ្វើកោសលវិច្ឆ័យ។
ថ្ងៃអាទិត្យនេះ ជាថ្ងៃកាន់ទុក្ខរបស់ប្រទេសរ៉ូស្ស៊ី...
ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានចេញបញ្ជាភ្លាមៗ ឲ្យបញ្ជូនក្រុមជួយសង្គ្រោះ និងរដ្ឋមន្ត្រីដឹកជញ្ជូនរបស់លោក ទៅកាន់តំបន់ដែលយន្ដហោះធ្លាក់។ លោក ពូទីន បានចូលរួមសម្ដែងមរណៈទុក្ខ ជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងបានកំណត់យកថ្ងៃអាទិត្យនេះ ជាថ្ងៃកាន់ទុក្ខរបស់ប្រទេសរ៉ូស្ស៊ីទាំងមូល។ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់វិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានជួបជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតី នៃប្រទេសអេហ្សីប លោក អាបដែល ហ្វាតា អាល់ ស៊ីស៊ី (Abdel Fattah al-Sissi) និងទទួលបានការសន្យា ពីប្រទេសអេហ្សីប ថានឹងបង្កនូវលក្ខខណ្ឌដ៏ប្រសើរ សម្រាប់ការចូលរួម ពីសំណាក់អ្នកជំនាញ របស់ប្រទេសរ៉ូស្ស៊ី ដើម្បីការស៊ើបអង្កេត រកពីមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ៕