ស៊ីរី៖ ជន​ស៊ីវិល​​រាប់​​រយ​នាក់ ត្រូវ​​បាន​សម្លាប់? ​រ៉ូស្ស៊ី​​ថា​«គ្មាន​ទេ»

ក្រសួងការពារជាតិរ៉ូស្ស៊ី បានច្រានចោលកាលពីថ្ងៃពុធ នូវការចោទប្រកាន់ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបានសរសេរ នៅក្នុងរបាយការណ៍មួយថា ប្រទេសរ៉ូស្ស៊ីបានសម្លាប់ជនស៊ីរិល ជាច្រើនរយនាក់នៅក្នុងប្រទេសស៊ីរី ជាមួយនឹងយុទ្ធនាការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹង«ភេរវជន»។ ប្រទេសរ៉ូស្ស៊ី បានចាត់ទុករបាយការណ៍នោះ ថាជាការលើកឡើង ដោយមានលក្ខណៈខុស ពីការពិត និងគ្មានភស្ដុតាង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៣ ធ្នូ២០១៥
  • កែប្រែចុងក្រោយ: December 24, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងបានឃើញរបាយការណ៍នោះហើយ។ លើកនេះម្ដងទៀត វាគ្មានអ្វីច្បាស់លាស់ និងមិនមានអ្វីថ្មី នៅ​ក្នុង​របាយការណ៍នោះទេ៖ រូបភាពមានលក្ខណៈដដែលៗ និងមានលក្ខណៈជាព័ត៌មានមិនពិត ដែលយើង​ធ្លាប់​បដិសេធ ម្ដងហើយម្ដងទៀត។» នេះជាការលើកឡើង របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរ៉ូស្ស៊ី លោក អ៊ីហ្គ័រ កូណាឆិនកូវ (Igor Konachenkov) នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ តបទៅ​នឹង​របាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ ចោទប្រទេសរ៉ូស្ស៊ី ពីការ​សម្លាប់​រង្គាល នូវជនស៊ីវិលស៊ីរី នៅក្នុងយុទ្ធនាការវាយប្រហារ របស់ប្រទេសនេះ តាមផ្លូវអាកាសប្រឆាំង​ភេរវជន ឬ​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។

លោក កូណាឆិនកូវ បានលើកយកសេចក្ដីផ្ដើម នៃរបាយការណ៍នោះ មកបញ្ជាក់ថា អង្គការអន្តរជាតិ​បានទទួលព័ត៌មានទាំងនេះ ពីចម្ងាយ និងតាមទូរស័ព្ទ ពីក្រុមមនុស្សដែលលើកខ្លួន ជាសកម្មជនសិទ្ធមនុស្ស នៅ​ក្នុង​ប្រទេសស៊ីរី។ លោកបានចាត់ទុក ការសរសេររិះគន់ របស់អង្គការលើកលែងទោសអន្តរជាតិ ដែល​លើក​ឡើង​ជាញយដង នៅក្នុងរបាយការណ៍ ទាក់ទងនឹង«ការវាយប្រហាររបស់ប្រទេសរ៉ូស្ស៊ី» ឬ«ការរំលោភ​ច្បាប់​អន្តរជាតិ» ថាជាការអះអាង ដោយគ្មាន«ភស្ដុតាង»អ្វីទាល់តែសោះ។

អ្នកនាំពាក្យបានច្បិតយកឃ្លាមួយចំនួន ដូចជា«Amnesty International អះអាងថាចំណុច ដែលជា​ទិសដៅ​នៃការវាយប្រហារ ដោយប្រទេសរ៉ូស្ស៊ី មិនមានទាហាន ឬជនប្រដាប់អាវុធ» មកបកស្រាយថា៖ «គេ​មិន​អាច​ដឹង​ថា នៅទីនោះមានទាហាន ឬមានជនប្រដាប់អាវុធ ឬអត់នោះទេ។ គេមិនមានមធ្យោបាយអ្វី ដើម្បីអះអាង ពី​ការ​លើក​ឡើង​នេះ បានឡើយ។»

លោក កូណាឆិនកូវ បានបន្តបរិហារទៅលើរបាយការណ៍នោះ ថាជាការចោទប្រកាន់ដោយសេរី ទៅលើ​ប្រទេស​រ៉ូស្ស៊ីតែមួយ។ លោកបានថ្លែងទៀតថា៖ «ការវាយប្រហារ តាមផ្លូវអាកាស នៅក្នុងប្រទេសស៊ីរី ក៏ត្រូវ​បាន​ធ្វើ ដោយកងកម្លាំងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងដោយកងកម្លាំងស៊ីរីដែរ។ (...) ចុះ​ហេតុអ្វី ក៏អង្គការលើកលែងទោសអន្តរជាតិ លើកមកនិយាយតែយុទ្ធនាការ របស់ប្រទេសរ៉ូស្ស៊ី?»

នៅ​ក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការលើកលែងទោសអន្តរជាតិ បានចោទ​ប្រទេស​រ៉ូស្ស៊ី ថាបានសម្លាប់ជនស៊ីវិលស្លូតត្រង់ រាប់រយនាក់ ដោយរំលោភទៅលើច្បាប់អន្តរជាតិ។ អង្គការ​ដែល​មាន​ទីស្នាក់ការ​កណ្ដាល នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស ថែមទាំងអះអាងទៀតថា ប្រទេសរ៉ូស្ស៊ី​បាន​ប្រើ​ប្រាស់ នូវគ្រាប់បែកអង្កាម (Bombes à sous-munitions/Cluster munition) ដែលត្រូវ​បាន​ហាម​ឃាត់ ដោយច្បាប់អន្តរជាតិ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក កូណាឆិនកូវ បដិសេធ ដោយ​ពន្យល់​ថា៖ «យន្ដហោះរបស់រ៉ូស្ស៊ី មិនបានប្រើគ្រាប់បែកប្រភេទនេះទេ ហើយវាក៏គ្មាន នៅក្នុង​មូលដ្ឋាន​យោធា​របស់​យើង នៅស៊ីរីដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...