ភេវរកម្មនៅប៉ារីសឆ្លងទៅអាល្លឺម៉ង់៖ ការិយាល័យកាសែតមួយត្រូវបានដុតឆេះ
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១១ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ៊ីស្លាមនិយមតឹង ទំនងជាកំពុងពង្រីកសកម្មភាពរបស់ខ្លួន នៅពាសពេញទ្វីបអ៊ឺរ៉ុបខាងលិច។ បន្ទាប់ពីភេវរកម្មប្រឆាំងទស្សនាវដ្ដីបារាំង ដែលបានកើតឡើងពីថ្ងៃពុធទី៧ ខែមករាមក នៅព្រឹកថ្ងៃអាទិត្យទី១១នេះ អគ្គិភ័យដោយចេតនាមួយ បានដុតការិយាល័យសារព័ត៌មានតំបន់មួយ ដែលចេញផ្សាយប្រចាំថ្ងៃ ឈ្មោះ ហែមប៊័រ (Hamburg) ដែលស្ថិតក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ នេះបើតាមនគរបាលអាល្លឺម៉ង់ ដែលបានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ នៅមុននេះបន្តិច ប៉ុន្តែមិនបានបញ្ជាក់ថា មានមនុស្សរងគ្រោះដល់អាយុជីវិត ឬមានរបួសស្នាមឡើយ។
សារព័ត៌មាន ហែមប៊័រ ទើបនឹងបានចុះផ្សាយរូបភាពត្លុកកំប្លែងចំនួនបី របស់ទស្សនាវដ្ដីបារាំង ឆារលីអេបដូ ស្ដីពីមហាមេដ ដែលជាសាវ័ករបស់ព្រះអាឡាហ៍ ជាមួយនឹងចំណងជើងថា «សេរីភាពដ៏ធំធេង ត្រូវតែជារឿងចាំបាច់»។ ហើយហេតុការណ៍នេះ បានបង្កើតឲ្យមានជាភាគបន្ដនៃព្រឹត្តិការណ៍ភេវរកម្ម ដែលប្រទេសបារាំងជាពិសេសពលរដ្ឋបារាំង ដែលរស់នៅក្នុងរដ្ឋធានីប៉ារីស និងនៅតំបន់ជុំវិញ បានជួបតាំងពីបួនថ្ងៃមកហើយ និងបណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ ព្រមទាំងរបួសជាច្រើននាក់។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ (AFP) អ្នកនាំពាក្យរបស់នគរបាលអាល្លឺម៉ង់ បានបញ្ជាក់ឲ្យដឹង ថា៖ «ដុំថ្ម និងដុំភ្លើងជាច្រើន ត្រូវបានគ្រវាត់ចោលចូលទៅក្នុងការិយាល័យសារព័ត៌មាន ហែមប៊័ហ្គ័រ ម័ជេន ប៉ុស្ដ៍ (Hamburger Morgenpost) តាមបង្អួចបង្កឲ្យមានជាអគ្គិភ័យឆាបឆេះឡើយ»។
អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា៖ «បន្ទប់ពីររបស់អាគារ និងសម្ភារៈនៅក្នុងបន្ទប់ ត្រូវបានឆេះកម្ទេច ប៉ុន្តែអគ្គិភ័យត្រូវបានពន្លត់ភ្លាមៗ នៅពេលបន្ទាប់មក»។ បើតាមសារព័ត៌មានអាល្លឺម៉ង់ ចេញផ្សាយភ្លាមៗនៅព្រឹកថ្ងៃអាទិត្យដដែលនេះ បានឲ្យរាយការណ៍ថា ជនសង្ស័យចំនួនពីរនាក់ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ឃាត់ខ្លួន ហើយការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ។ អ្នកនាំពាក្យដដែល បាននិយាយទៀតថា៖ «វាជារឿងដែលរហ័សពេក ក្នុងការធ្វើសេចក្ដីសន្និដ្ឋានថា អគ្គិភ័យនេះមានជាប់ទាក់ទងនឹងការចុះផ្សាយរូបត្លុកកំប្លែង»។ ប៉ុន្តែករណីនេះ អាចជាការសង្ស័យដ៏ធំបំផុត។ នេះ បើតាមអ្នកនាំពាក្យនគរបាលរូបនោះ។
សារព័ត៌មានអាល្លឺម៉ង់មួយទៀតឈ្មោះ Bild am Sonntag បានដកស្រង់ប្រភពមួយ មិនបញ្ចេញអត្តសញ្ញាណ របស់ទីភ្នាក់ងារព័ត៌មានសំងាត់របស់អាមេរិក ហៅកាត់ថា NSA មករាយការណ៍ថា ប្រតិបត្តិការបាញ់សម្លាប់យ៉ាងសាហាវ នៅក្នុងការិយាល័យឆារលីអេបដូ អាចជាជំហានដំបូងមួយ ដែលឈានទៅធ្វើការវាយប្រហារភេវរកម្ម ពេញទាំងទ្វីបអ៊ឺរ៉ូបតែម្ដង ដោយបណ្ដាញភេវរនិយម ជីហាដ (djihad - កងស្ម័គ្រប្រយុទ្ធរបស់ព្រះអាឡាហ៍)។ សារព័ត៌មានដដែលបានបញ្ជាក់ទៀតថា ទីភ្នាក់ងារព័ត៌មានសំងាត់របស់អាមេរិក បានស្ទាក់ទទួលបាននូវសារទាក់ទងគ្នា រវាងមេដឹកនាំនៃរដ្ឋអ៊ីស្លាមនិយមតឹង ដែលបានបញ្ជាក់ឲ្យដឹង ពីគម្រោងវាយប្រហារថ្មីៗថែមទៀត៕