បំផ្ទុះគ្រាប់បែកស្វាគមន៍ខួបបីឆ្នាំ នៃរដ្ឋប្រហារនៅថៃ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 24, 2017
- ប្រធានបទ: នយោបាយថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី២២ ខែឧសភា នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកកង ប្រទេសថៃ បានធ្វើឲ្យមនុស្ស២៥នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ។ មេបញ្ជាការកងទ័ពថៃ លោក «Chalermchai Sitthisat» បានថ្លែងតាមសារព័ត៌មាន «Bangkok Post» ថា៖ «បើទោះជា នៅក្នុងពេលសង្គ្រាមក៏ដោយ ក៏បណ្ដាមន្ទីរពេទ្យ មិនត្រូវបានយកជាទិសដៅ នៃការវាយប្រហារនោះទេ»។
សារព័ត៌មានដដែល បានសរសេរបន្តថា៖ «ការសង្ស័យពី ហេតុផលនយោបាយ ឬជាប្រតិបត្តិការ នៃក្រុមនិយមបំបែកទឹកដី នៅផ្នែកខាងត្បូង នៃប្រទេសថៃ គឺជាការសង្ស័យដ៏ខ្លាំងជាងគេ របស់ក្រុមអាជ្ញាធរ»។
ការវាយប្រហារនេះ បានធ្វើឡើង ចំថ្ងៃខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាន ដើម្បីទម្លាក់រដ្ឋាភិបាលថៃ ដែលកើតចេញពីការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៤។ ចាប់ពីពេលនោះមក ក្រុមយោធាបានកាន់អំណាចនៅថៃ បានប្ដូររដ្ឋធម្មនុញ្ញ ហើយបានសន្យា ពីការបោះឆ្នោតជាសាកលមួយ នៅឆ្នាំខាងមុខ។
បើតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក ទំនងជាមានជាប់ទាក់ទង នឹងភេរវកម្មថ្ងៃទី១៥ ខែឧសភា និងថ្ងៃទី៥ ខែមេសាកន្លងមក។ ពួកគេបានរកឃើញថា សម្ភារៈសម្រាប់ធ្វើការបំផ្ទុះទាំងនោះ ជាសម្ភារៈតែមួយ ឬដូចគ្នាទាំងស្រុង។ ដែកគោលជាច្រើន ត្រូវបានដាក់ជាមួយ នឹងគ្រាប់បែកនោះ ដើម្បីបង្កឲ្យមានជនរងគ្រោះច្រើនបំផុត។ លោក «Chalermchai Sitthisat» បានថ្លែងឲ្យដឹងទៀតថា ការវាយប្រហារ មានទិសដៅចង់ឲ្យរដ្ឋាភិបាល[យោធា]ថៃ មានភាពរង្គោះរង្គើ។
ក្រុមប្រឆាំងទល់នឹងក្រុមយោធាថៃ ដែលមានឈ្មោះ «រណសិរ្យរួបរួម ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្ដាច់ការ» បានច្រានចោលរាល់ការជាប់ទាក់ទង នៅក្នុងការវាយប្រហារ។ អ្នកនាំពាក្យរបស់ចលនានេះ បានថ្លែងប្រាប់សារព័ត៌មានដដែលថា៖ «ការបំផ្ទុះគ្រាប់បែកនេះ មានលក្ខណៈសាហាវយង់ឃ្នងណាស់។ យើងមិនមានជាប់ទាក់ទងអ្វី ជាមួយការបំផ្ទុះគ្រាប់នេះឡើយ។»។
អ្នកនាំពាក្យក្រុមប្រឆាំង បានបញ្ជាក់ទៀតថា អំពើភេរវកម្មណាក៏ដោយ នឹងបង្កឲ្យមានរូបភាពអាក្រក់ សម្រាប់ប្រទេសថៃ ហើយលោកបានទាមទារ ឲ្យចាប់ខ្លួនអ្នកទទួលខុសត្រូវ ក្នុងការវាយប្រហារនេះ និងយកពួកគេ ទៅកាត់ទោសតាមច្បាប់៕