រវាង កែម ឡី - ទិត សុធា និងអ្នកវិភាគកង្កែបក្នុងអណ្ដូង
បើសូម្បីពាក្យជេរប្រទេច «អាគុក» មួយម៉ាត់ ត្រូវបានបណ្ដាជនកម្ពុជា ក្នុងសម័យនេះ យកទៅបកស្រាយខុសគ្នា ទៅតាមទំនោររៀងៗខ្លួន ទោះជាធម្មជាតិ ឬឬសគល់ នៃពាក្យ«អាគុក» ត្រូវបានគេស្គាល់គ្រប់គ្នា ថាជាពាក្យអសុរសនោះក៏ដោយ។ ចុះទម្រាំការប្ដូរឈ្មោះ នៃឆ្នេរសមុទ្រខ្មែរមួយទាំងមូល ទៅជាឆ្នេរ«សម្ដេចតេជោសែន» តើវានឹងមានការបកស្រាយ ច្រើនយ៉ាងណាទៅ? ជាពិសេសការបកស្រាយ ដ៏ប្រទាំងប្រទើសរវាងអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី និងមន្ត្រីរដ្ឋាភិបាល លោក ទិត សុធា និងរហូតដល់ការបង្កើតងារថ្មីមួយ ឲ្យលោក កែម ឡី ហៅថា អ្នកវិភាគកង្កែបក្នុងអណ្ដូង។
ជាការរំលឹកឡើងវិញ ហេតុការណ៍នៃការប្ដូរឈ្មោះ ឆ្នេរសមុទ្រអូឈើទាលខ្មែរ ទៅជាឆ្នេរ«សម្ដេចតេជោសែន» (និងក្រោយមក គម្រោងប្ដូរឈ្មោះនេះ ត្រូវបានលប់ចោលទៅវិញ) ត្រូវបានលោក កែម ឡី យកមកធ្វើការប្រៀបធៀប ថាមានចរិកស្មើរនឹង «ចោរប្លន់ប្រវត្តិសាស្ត្រ» និងបានហៅអ្នកយកលុយ ឬធនធានរដ្ឋ [...]