បក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ ខូចសណ្តាប់ធ្នាប់ ចុះបក្សប្រជាជនធ្វើរាល់ដង?
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលារាជធានីភ្នំពេញ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃ ពីប្រជាពលរដ្ឋនៅតាមផ្ទះពលរដ្ឋ និងតាមទីសាធារណៈ ដូចជានៅតាមផ្សារជាដើមនៅទូទាំងរាជធានី ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅរបស់ពលរដ្ឋ។ ជាមួយនឹងការអំពាវនាវនេះ មន្រ្តីរដ្ឋាភិបាលបានស្វាគមន៍ចំពោះសំណើនេះផងដែរ។ តែមន្រ្តីបក្សប្រឆាំង អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា គ្មានហេតុផលណាមួយ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។
រូបថតជំនួស- បង្ហាញពីមេដៃដែលផ្ដិតរួច។ (រូបថត MONOROOM.info)
រាជធានីភ្នំពេញ - «គ្រាន់តែប្រមូលស្នាមមេដៃពីពលរដ្ឋដែលគាំទ្រ ក៏ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈដែរ ពិតជាហួសចិត្តណាស់» ជាសម្តីរបស់លោក ហូ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។ ប្រតិកម្មរបស់លោក ហូ វ៉ាន់ ក្រោយការចេញផ្សាយលិខិតស្នើសុំ របស់សាលារាជធានីភ្នំពេញមួយ ដែលសុំឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិ បញ្ឈប់សកម្មភាពប្រមូលញត្តិនឹងស្នាមមេដៃ ពីប្រជាពលរដ្ឋនៅតាមទីសាធារណៈទាំងអស់ និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ ក្រោមលេសថា វាធ្វើឲ្យប៉ពាល់ដល់«សណ្តាប់ធ្នាប់»សាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ហូ វ៉ាន់ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ទៀតថា មិនមានហេតុផលណាមួយ ដែលសាលារាជធានីភ្នំពេញ ត្រូវស្នើឲ្យគណបក្សសង្រ្គោះជាតិ ឈប់ធ្វើសកម្មភាពនេះឡើយ ពីព្រោះការប្រមូលស្នាមមេដៃជាសិទ្ធិរបស់ពលរដ្ឋ គណបក្សសង្គ្រោះជាតិ មិនបានទៅបង្ខំប្រជាពលរដ្ឋឲ្យផ្តិតមេដៃនោះឡើយ គឺពលរដ្ឋជាអ្នកស្ម័គ្រចិត្តដោយខ្លួនឯង។ មន្រ្តីរូបនេះ បានបញ្ជាក់ទៀតថា ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ នៅបន្តធ្វើសកម្មភាពរបស់ខ្លួនដូចរាល់ដងដែរ ពោលគឺគណបក្សមួយនេះ ធ្វើយុទ្ធនាការបម្រមូលស្នាមមេដៃ ពីពលរដ្ឋនៅតាមទីសាធារណៈតទៀត។
សូមរម្លឹកថា កាលពីថ្ងៃអង្គារម្សិលមិញនេះ សាលារាជធានីភ្នំពេញបានផ្ញើរលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយអភិបាលរងរាជធានីភ្នំពេញ លោក ឃួន ស្រេង ជូនគណកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សសង្គ្រោះជាតិ បានដើរបម្រូលស្នាមមេដៃ ពីប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ។ ម្យ៉ាងទៀត គណបក្សនេះមិនបានសុំការអនុញ្ញាត ពីសាលារាជធានីភ្នំពេញនោះទេ។ នៅក្នុងលិខិតដដែរនោះ បានប្រាប់ឲ្យមន្រ្តីបក្សប្រឆាំង ឈប់ធ្វើសកម្មភាពបែបនេះទៀត ដោយឲ្យគណបក្សនេះ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ តែនៅទីស្នាក់ការរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ លោក កែម ឡី ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ វាជាសិទ្ធិគណបក្សនយោបាយ ហើយពលរដ្ឋដែលជាអ្នកផ្តិតមេដៃឲ្យគណបក្សនេះ វាជាសិទ្ធិរបស់ពលរដ្ឋចូលរួមក្នុងឆាកនយោបាយ។ ដូច្នេះប្រសិនបើពលរដ្ឋគាំទ្រចង់ផ្តិតមេដៃ ជូនគណបក្សសង្គ្រោះជាតិ វាជាសិទ្ធិរបស់គាត់ ហើយមិនអាចឲ្យនរណាមកហាមឃាត់បានឡើយ ទោះបីធ្វើឡើងនៅក្នុងទីសាធារណៈ ឬផ្ទះរបស់ពលរដ្ឋក៏ដោយ។ អ្នកវិភាគរូបនេះបានបន្តថា ការធ្វើបែបនេះ វាកាន់តែឆ្លុះបញ្ចាំងឲ្យឃើញពីភាពលម្អៀងរបស់អាជ្ញាធរ ដែលមិនមានភាពឯករាជ្យ និងបាត់បង់តម្លៃរបស់មន្ត្រីរដ្ឋាភិបាល។ លោកថា ប្រសិនបើខ្លាចប៉ះពាល់ដល់សណ្តាប់ធ្នាប់មែននោះ រដ្ឋាភិបាលគួរដាក់សមត្ថកិច្ចឲ្យជួយមើលការខុសត្រូវ ជួយការពារចំពោះសកម្មភាពនេះទៅ។ លោក កែម ឡី បានបន្តថា កន្លងមកមន្រ្តីគណបក្សប្រជាជនកម្ពុជា ក៏ធ្វើសកម្មភាព បែបនេះដែរ តែគ្មានអាជ្ញាធរឬស្ថាប័នណាថា ប៉ះពាល់សណ្តាប់ធ្នាប់នោះទេ។
ឆ្លើយតបនឹងបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបកស្រាយពីលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ នៅថ្ងៃនេះ។ តែលោក ទិត្យ សុធា មន្រ្តីទីស្ដីការគណរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា លោកស្វាគមន៍ចំពោះការស្នើរបស់សាលារាធានីភ្នំពេញ លោកថា គណបក្សសង្គ្រោះជាតិ គួរតែគោរពតាមការណែនាំនេះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់សាធារណៈ។ មន្រ្តីរូបនេះ បានបន្តថា «កុំដោយសារតែផលប្រយោជន៍របស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ពលរដ្ឋ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈ»។ លោក ទិត្យ សុធា បានប្រាប់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការពិចារណាឡើងវិញ ជៀសវាងធ្វើសកម្មភាពដែលប្រាសចាក ពីផលប្រយោជន៍ពលរដ្ឋ និងសង្គមជាតិ។
បើតាមគម្រោងគណបក្សសង្គ្រោះជាតិ នឹងធ្វើការប្រមូលញត្តិ ដែលមានស្នាមមេដៃពីប្រជាពលរដ្ឋឲ្យបាន ៣លាន ៣សែននាក់ នៅមុនថ្ងៃធ្វើមហាបាតុកម្មលើកទី៣ របស់ខ្លួនដើម្បីជំទាស់ទៅនឹងការប្រកាសលទ្ធផលបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម្យ៉ាងវិញទៀតញត្តិ និងស្នាមមេដៃទាំងនេះ នឹងត្រូវដង្ហែយកទៅដាក់នៅអង្គការសហប្រជាជាតិ តាមយៈឧត្តមស្នងការអង្គការនេះ ប្រចាំនៅកម្ពុជា និងយកទៅដាក់នៅប្រទេស ដែលជាហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ មានអាមេរិក បាំរាំង ជាដើម៕
--------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ០៩ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ