ចៅសង្កាត់អូរចារ ថាស័ក្តិដែលពាក់លើស្មា ជាស័ក្តិពលរដ្ឋ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៩ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 09, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាស័ក្ដិ ដែលពាក់នៅលើស្មាទាំងគូ ជាឥស្សរិយាភរណៈថ្មីថ្មោង ដែលយុវតីស្រស់ស្រាយដូចជារូបនាង តែងស្រម៉ៃចង់បាន មកជាយូរនោះក៏ដោយ ក៏កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានយល់ថា នៅក្នុងរបបប្រជាធិបតេយ្យ ស័ក្ដិទាំងនេះ មិនមែនជាកម្មសិទ្ធិ របស់នរណាផ្សេង ក្រៅពីពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។
ចៅសង្កាត់ក្រមុំរូបស្រស់ អាយុ៣១ឆ្នាំ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង បានសរសេរអះអាងដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់នាងថា៖ «ស័ក្តិដែលខ្ញុំពាក់ នៅនឹងស្មា គឺជាស័ក្តិរបស់ពលរដ្ឋ។ ដូច្នេះស័ក្តិមួយនេះ មានគុណតម្លៃ នៅពេលយើងបំរើពលរដ្ឋ ដោយស្មោះត្រង់។»។
កញ្ញា ស៊ិន ចៅពៅរ៉ូហ្សេត ជាមន្ត្រីជាប់ឆ្នោតមួយរូប ក្នុងចំណោមមន្ត្រីទាំងឡាយ របស់គណបក្សសង្គ្រោះជាតិ ដែលរហូតមកទល់ពេលនេះ បានបដិសេធមិនលុះ តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ស្ត្រីចៅសង្កាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទោះបីយើងគ្មានការងារធ្វើ ទោះបីយើងទៅលក់ដូរសាមញ្ញធម្មតា ក៏យើងមានសេចក្ដីសុខ ជាជាងយើងយកកិត្តិយស ដែលពលរដ្ឋបានផ្ដល់ឲ្យយើង ទៅលក់ឲ្យគណបក្សដទៃ ដែលគាត់មិនបានបោះឆ្នោតឲ្យនោះទេ។ ទោះបីធ្វើការមានបានផ្ទះធំយ៉ាងណាក៏ដោយ ក៏មិនស្មើនឹងកិត្តិយស ដែលពលរដ្ឋបានផ្ដល់ឲ្យយើងដែរ»។
ចំពោះមន្ត្រីមួយចំនួន ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច ហើយហាក់មិនទទួលបានការរាប់អាន ពីសំណាក់ពលរដ្ឋ ដូចពេលមុននោះ កញ្ញាចៅសង្កាត់ បានថ្លែងឡើងថា៖ «ការពិតម្ចាស់ឆ្នោត លោកយល់តម្លៃសន្លឹកឆ្នោត របស់គាត់ណាស់ ដូច្នេះសូមកុំយកសន្លឹកឆ្នោតរបស់គាត់ ទៅធ្វើអ្វីផ្តេសផ្តាសអោយសោះ»។
កញ្ញានៅបានឆ្លើយតប ទៅនឹងពាក្យចចាមអារាមទាំងឡាយ ដែលបានអះអាងហើយអះអាងទៀត ជុំវិញការចុះចូលរបស់កញ្ញា ជាមួយគណបក្សប្រជាជនរួចជាស្រេចនោះ យ៉ាងដូច្នេះថា៖ «យុទ្ធនាការរបស់គេ គឺប្រឹងនិយាយមិនពិត»។
យ៉ាងណា ក៏កញ្ញាមិនទាន់មានទម្លាប់ ក្នុងការយកស័ក្ដិថ្មីថ្មោងទាំងសងខាង មកពាក់នៅលើស្មាខ្លួន ឲ្យបានត្រឹមត្រូវនោះ នៅឡើយ។ កញ្ញាបានសរសេរទទួលស្គាល់ថា៖ «អត់ចេះពាក់ស័ក្តិទេខ្ញុំ ឆោតនោះឆោត! (...) ពាក់ស័ក្តិបញ្ច្រាសរហូត ខ្មាស់គេណាស់ខ្ញុំ តែសំណាងណាស់ ខ្ញុំមានអ៊ុំដេតនៅជិត [គាត់]ជួយពាក់ឲ្យសារថ្មី។ អ៊ុំដេត ហៅឆ្មាខ្មៅ គឺជាអ្នកតស៊ូដំបូង នៅសង្កាត់អូរចារជាមួយខ្ញុំ។»៕