របបរបស់ ហ៊ុន សែន ផ្ដាច់ការដូច កាដាហ្វី និងអាល់-អាសាធ?
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣១ ឧសភា ២០១៦
- កែប្រែចុងក្រោយ: June 01, 2016
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រៀបធៀប ពីសន្តិភាពរបស់ប្រទេសកម្ពុជា ទៅនឹងប្រទេសលីប៊ី និងប្រទេសស៊ីរី ដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា និងទីបំផុត ដោយវីដេអូ«ឃោសនា»មួយ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឲ្យគេលើកជាសំនួរថា តើរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន មានទិដ្ឋភាព«ផ្ដាច់ការ»ដូចរបបគ្រប់គ្រង របស់លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) និងលោក បាឆារ អាល់-អាសាធ (Bachar al-Assad) ឬយ៉ាងណា? ហេតុអ្វីក៏មន្ត្រីរដ្ឋាភិបាលកម្ពុជា រាប់ទាំងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងវីដេអូ«ឃោសនា»នោះផង មិនលើកយកប្រទេសផ្សេងទៀត មកធ្វើការប្រៀបធៀប? បើសិនជារដ្ឋាភិបាលកម្ពុជា លើកឡើងរបៀបនេះ តើវាបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់របបផ្ដាច់ការទាំងនោះឬ?
ខាងក្រោយនេះ ជាការពន្យល់តបទៅនឹងសំនួរខាងលើ ដោយលើកយកឯកសារមួយចំនួន (មានខ្សែរភ្ជាប់) មកបញ្ជាក់ បូករួមនឹងការបកស្រាយ ពីលោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជាផង។ ប៉ុន្តែមុននឹងចាប់ផ្ដើម ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូសូមអញ្ជើញប្រិយមិត្ត ទស្សនាសេចក្ដីរាយការណ៍មួយ របស់វិទ្យុអាស៊ីសេរី ស្ដីពីវីដេអូ«ឃោសនា» របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (សេនាធិការមួយរបស់រដ្ឋាភិបាល) ដូចតទៅ៖
មិនដូចគ្នាទេ! នេះជាការឧទ្ទានឡើងយ៉ាងខ្លី របស់លោក ព្រហ្ម គិត ទៅនឹងសំនួរខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជម្រាបសួរលោក នៅថ្ងៃនេះ។ លោកបានបន្តថា មេដឹកនាំផ្ដាច់ការ លោក មូអាម៉ា កាដាហ្វី នៅប្រទេសលីប៊ី កាន់អំណាចបានជាង៤១ឆ្នាំ និងមេដឹកនាំផ្ដាច់ការ របស់ប្រទេសស៊ីរី លោក បាឆារ អាល់-អាសាធ កាន់អំណាចបានជាង ១៥ឆ្នាំ តែលោក ហ៊ុន សែន មេដឹកនាំរបស់កម្ពុជា កាន់អំណាចបានជាង៣១ឆ្នាំ។
ប្រទេសលីប៊ី និងស៊ីរី ជាប្រទេសពីរ នៅក្នុងចំណោមប្រទេសជាច្រើន ដែលបានរងការធ្វើបដិវត្តន៍ផ្កាម្លឹះ ឬបដិវត្តន៍នៃរដូវផ្ការីកអារ៉ាប់ (Arab Spring) នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះពាក្យ«បដិវត្តន៍ពណ៌» ដែលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក តែងប្រើជាញឹកញាប់នោះ ទំនងជាចង់សំដៅទៅបដិវត្តន៍មួយបែបទៀត (Colour revolution) ដែលបានកើតឡើង នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងកើត ឬប្រទេសអាស៊ីខាងលិច ដោយមានការជួយគាំទ្រ ពីសំណាក់បស្ចឹមលោក។ ប៉ុន្តែបដិវត្តន៍ណាក៏ដោយ សុទ្ធតែមានលក្ខណៈជាការងើបឈរឡើង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការ កាន់អំណាចដុះស្លែ ដែលយកប្រទេសជាតិ ទឹកដី និងប្រជាជនទាំងមូល ជាទ្រព្យផ្ទាល់ខ្លួន ឬជារបស់គ្នីគ្នាបក្ខពួករបស់ខ្លួន។
យោងតាមនិយមន័យ នៃបដិវត្តទាំងប៉ុន្មានខាងលើ និងការលើកឡើងកន្លងមក របស់លោក ហ៊ុន សែន រួមនឹងមន្ត្រីក្រោមបង្គាប់របស់លោកផងនោះ តើលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ពិតជាទទួលស្គាល់ដោយខ្លួនឯងថា របបគ្រប់គ្រងកម្ពុជាសព្វថ្ងៃ ជារបបផ្ដាច់ការ ហើយកំពុងភ័យខ្លាចនឹងការផ្ដួលរំលំ ពីសំណាក់ពលរដ្ឋឬ? គួរកត់សម្គាល់ដែរថា ប្រទេសជាច្រើនផ្សេងទៀត ដែលមានសុខសន្តិភាព ការអភិវឌ្ឍន៍ និងដើរតាមគន្លងប្រជាធិបតេយ្យ ក្រោយបដិវត្តន៍ទាំងនេះនោះ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មិនខ្ចីលើកយកមកនិយាយឡើយ តែលើកយកមកនិយាយតែប្រទេស លីប៊ី និងស៊ីរី ទាំងពីរនេះប៉ុណ្ណោះ។ តើមកពីហេតុអ្វី?
បើពិនិត្យមើលទិដ្ឋភាពនេះតែមួយជ្រុង ឬដូចវីដេអូរបស់រដ្ឋាភិបាលកម្ពុជា លើកយកតែ«សម្បកក្រៅ»មកបង្ហាញនោះ វាហាក់ដូចជាមានលក្ខណៈដូចគ្នា។ ជាឧទាហរណ៍៖ បន្ទាប់ពីមរណៈភាពរបស់លោក មូអាម៉ា កាដាហ្វី ក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី តែងតែងលើកឡើងថា «កាដាហ្វី ចប់ហើយ។ ឥឡូវនេះ ដល់វេនលោក បាឆារ អាល់-អាសាធ ឯងម្ដង។»។ ភាសាស្រដៀងគ្នានេះ ក៏ត្រូវបានក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជា លើកយកមកប្រើ ដើម្បីប្រឆាំងនឹងលោក ហ៊ុន សែន ដែរ។ ប៉ុន្តែបើនិយាយពី របៀបរបបដឹកនាំ និងនយោបាយ នៃរបបទាំងបីនេះ មិនដូចគ្នាទេ។ តើមិនដូចគ្នាអ្វីខ្លះ? ទស្សនាវដ្ដីមនោរម្យ.អាងហ្វូ ក៏សូមលើកយកហេតុការណ៍សង្ខេបៗមួយចំនួន មកជម្រាបជូន។
របបដឹកនាំរបស់លោក មូអាម៉ា កាដាហ្វី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៩ បន្ទាប់ពីរដ្ឋប្រហារយោធា ដឹកនាំដោយលោក កាដាហ្វី ខ្លួនឯង ទម្លាក់ស្ដេច «Idris» ទីមួយ ពីរាជបល្ល័ង្គ មុននឹងរបប«សាធារណៈរដ្ឋ»មួយ ត្រូវបានប្រកាសឡើង ដោយក្រុមលោក កាដាហ្វី នោះខ្លួនឯង។ លោក កាដាហ្វី បានដឹកនាំប្រទេសស៊ីរី អស់រយៈពេលជិត៤២ឆ្នាំ មុននឹងលោកត្រូវបានទម្លាក់ចេញពីអំណាច (និងសម្លាប់) នៅឆ្នាំ២០១១ ដោយសារកម្លាំងបះបោររបស់ប្រជាជន និងការអន្តរាគមន៍យោធា ពីសំណាក់កងទ័ពរបស់ប្រទេសសម្ព័ន្ធមិត្ត នៃអង្គការអូតង់ (OTAN ឬ NATO = អង្គការនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង)។ តាំងពីពេលនោះមក ជាពិសេសចាប់ពីឆ្នាំ២០១៤មក ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងមានរដ្ឋាភិបាលដល់ទៅពីរ ដែលកំពុងទាមទារពីសិទ្ធិស្របច្បាប់របស់ខ្លួន។
ចំពោះរបបដឹកនាំរបស់លោក បាឆារ អាល់-អាសាធ វិញ បានបន្តមរតកនៃរបបដឹកនាំប្រទេស នៅឆ្នាំ២០០០ ពីឪពុករបស់លោក ឈ្មោះ ហាហ្វេស អែល-អាសាធ (Hafez el-Assad) ដែលបានធ្វើរដ្ឋប្រហារយោធា ទម្លាក់របបដឹកនាំមុន នៅឆ្នាំ១៩៧០ (ឪពុកលោក បាឆារ អាល់-អាសាធ បានដឹកនាំប្រទេសអស់រយៈពេល៣០ឆ្នាំ ជាមួយគណបក្សតែមួយ ឈ្មោះ «Baas»)។ ខុសពីឪពុកខ្លួន លោក បាឆារ អាល់-អាសាធ បានបើកឲ្យប្រជាជនស៊ីរីមានសិទ្ធិសេរីភាពខ្លះ នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ចាប់ពីបដិវត្តន៍ផ្កាម្លឹះ ឆ្នាំ២០១១មក ប្រទេសស៊ីរីបានធ្លាក់ខ្លួន ចូលទៅក្នុងសង្គ្រាមស៊ិវិល ដែលបង្កឲ្យមានមនុស្សស្លាប់ ច្រើនជាង២សែន៤ម៉ឺននាក់ (តួលេខផ្ដល់នៅខែសីហា ឆ្នាំ២០១៥) និងប្រជាជនច្រើនជាង ១១លាននាក់ រត់ភៀសខ្លួន។ ប៉ុន្តែលោក បាឆារ អាល់-អាសាធ នៅតែកាន់អំណាច ជាប្រធានាធិបតីនៃប្រទេសស៊ីរីដដែល។ បើនិយាយរហូតមកដល់ថ្ងែនេះ របបដឹកនាំរបស់ឪពុក-កូន អាល់-អាសាធ ទាំងពីរ បានគ្រប់គ្រងប្រទេសស៊ីរី អស់រយៈពេលជិត៤៦ឆ្នាំហើយ។
ប៉ុន្តែលោក ហ៊ុន សែន និងរបបរបស់លោក មិនបានធ្វើរដ្ឋប្រហារទម្លាក់នរណាទេ ដើម្បីលោកបានឡើងកាន់អំណាចនោះ។ នេះ បើគេនិយាយចាប់ពីឆ្នាំ១៩៨៥មក ដែលកាលនោះ លោក ហ៊ុន សែន ចាប់ផ្ដើមកាន់អំណាច ក្នុងរបប«សាធារណៈរដ្ឋប្រជាមានិតកម្ពុជា» ដែលត្រូវបានប្រទេសវៀតណាមលើកបន្តុបឡើង បន្ទាប់ពីប្រទេសកុម្មុយនីសមួយនេះ បានប្រើពាក្យ«រំដោះ» ចូលលុកលុយឈ្លានពានប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ប៉ុន្តែលោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារម្ដង នៅខែកក្កដា ឆ្នាំ១៩៩៧ ដើម្បីកំចាត់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ពីអំណាច«សហនាយករដ្ឋមន្ត្រី» មុននឹងលោក ហ៊ុន សែន បានបន្តកាន់អំណាច ជានាយករដ្ឋមន្ត្រីតែម្នាក់ឯង រហូតមកទល់សព្វថ្ងៃ។
បើរាប់ពីឆ្នាំ១៩៨៥នោះមក របបលោក ហ៊ុន សែន បានគ្រប់គ្រងប្រទេសកម្ពុជា បានប្រមាណជា៣១ឆ្នាំប៉ុណ្ណោះ មិនច្រើនដូចរបបដឹកនាំ របស់លោក កាដាហ្វី និងលោក អាល់-អាសាធ (ទាំងឪពុកកូន) នោះទេ។ ផ្ទុយទៅវិញ របបលោក ហ៊ុន សែន នៅក្នុងព្រះរាជាណាចក្រទីពីរនេះ បានបន្តដឹកនាំប្រទេស ចេញពីការបោះឆ្នោត ដែលប្រព្រឹត្តិទៅ៥ឆ្នាំម្ដង បើទោះជាមតិមួយផ្នែកបាននិយាយថា ការបោះឆ្នោតនោះ គ្រាន់តែជាឈុតឆាកប្រជាធិបតេយ្យ ដើម្បីបន្តជូនអំណាច ឲ្យលោក ហ៊ុន សែន នោះក៏ដោយ។ រីឯការដឹកនាំប្រទេស ប្រកបដោយភាពក្រីក្រ អំពើពុករលួយ និងបក្ខពួកនិយមនោះ ក៏មានកម្រិតមិនដូចគ្នាដែរ។ នៅឆ្នាំ២០១០ មុនបដិវត្តន៍ផ្កាម្លឹះ អង្គការតម្លាភាពអន្តរជាតិ (Transparency Internationnal) បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅលេខរៀងទី១៥៤ ទាបជាងប្រទេសស៊ីរី (ជាប់លេខ១២៧) និងប្រទេសលីប៊ី (ជាប់លេខ១៤៦)។ ប៉ុន្តែនៅឆ្នាំ២០១៥ ពីក្នុងបញ្ជីប្រទេសទាំង ១៦៧ របស់អង្គការតម្លាភាពអន្តរជាតិដដែល ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ ១៥០ ខ្ពស់ជាងប្រទេសទាំងពីរ (ស៊ីរី លេខ ១៥៤ ខណៈ លីប៊ី លេខ ១៦១) ដែលកំពុងរងក្នុងសង្គ្រាមស៊ីវិល។
នយោបាយ និងរចនាសម្ព័ន្ធពង្រឹកអំណាច
និយាយមួយម៉ាត់ឲ្យខ្លី គឺរបបដឹកនាំទាំងបី រងឥទ្ធិពល និងមានភូមិសាស្ត្រនយោបាយ ខុសគ្នាសឹងតែទាំងស្រុង ខណៈនយោបាយ និងរចនាសម្ព័ន្ធពង្រឹកអំណាច នៅប្រទេសលីប៊ី និងស៊ីរី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កឲ្យមានសង្គ្រាមស៊ីវិល នៅក្នុងប្រទេសទាំងនោះ។
ប្រទេសលីប៊ី ក្រោមការគ្រប់គ្រងរបស់លោក មូអាម៉ា កាដាហ្វី បានបង្កើតចលនានយោបាយជាច្រើនដង ដើម្បីអនុញ្ញាតឲ្យរូបលោក បាននៅកាន់អំណាចយ៉ាងយូរ រហូតដល់ជាងបួនទសវត្សន៍។ ពីឆ្នាំ១៩៦៩ ក្រោយរដ្ឋប្រហារ លោកបានប្រកាសដាក់ប្រទេសលីប៊ី ឲ្យក្លាយជាសាធារណរដ្ឋ ហើយមានរបៀបដឹកនាំបែបសង្គមនិយម និងបែប«Panarabisme (ចលនាបង្រួបបង្រួមរដ្ឋអារ៉ាប់ នៅក្នុងតំបន់)»។ ប៉ុន្តែដោយចលនានយោបាយនេះ មិនទទួលបានជោគជ័យនោះ ទើបលោក កាដាហ្វី បានបង្កើតចលនាមួយទៀត ដែលធ្វើប្រទេសលីប៊ី ឲ្យមានលក្ខណៈជា «Jamahiriya (ភាសាអារ៉ាប់ មានន័យប្រហាក់ប្រហែលនឹង"សហព័ន្ធ")» ដោយប្រគល់អំណាច និងសិទ្ធិសម្រេចទៅតាមតំបន់ ឬកុលសម្ព័ន្ធនីមួយៗ។ ក្រុមអ្នកសង្កេតការណ៍ បានយល់ថា ចលនានយោបាយនេះ មានទិដ្ឋភាពបង្កភាពងាយស្រួល ដល់នរណាក៏ដោយ ដែលប៉ុនប៉ងចង់ផ្ដាច់ខ្លួន ឬចង់ធ្វើការបះបោរ។
តែចំពោះលោក កាដាហ្វី វិញ បានកាន់អំណាចកណ្ដាល និងបានតម្លើងខ្លួនជា «មគ្គុទេសនៃបដិវត្តន៍» ដែលជាតំណែងមួយគ្មាននៅក្នុង (ឬនៅពីលើ) រដ្ឋធម្មនុញ្ញ។ គ្រួសាររបស់លោក មានតួនាទីនយោបាយយ៉ាងសំខាន់ និងចេះតែខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយទទួលបានផលប្រយោជន៍ដ៏មហាសាល ពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរដ្ឋ នៃប្រទេសលីប៊ី។ ចំពោះនយោបាយក្នុងតំបន់ និងនៅលើឆាកអន្តរជាតិវិញ លោក កាដាហ្វី បាន«គាំទ្រ» ចលនាប្រដាប់អាវុធមួយចំនួន ដែលត្រូវបានចាត់ទុកជាអង្គការភេរវជន និងមិនសូវត្រូវគ្នាប៉ុន្មានឡើយ ជាមួយប្រទេសជាច្រើន ជាពិសេសប្រទេសនៅបស្ចឹមលោក។ ប្រទេសជាច្រើនដែលនៅជុំវិញប្រទេសលីប៊ី បានរងគ្រោះនឹងអស្ថិរភាពនយោបាយ ដោយសារការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសទាំងនោះ ពីសំណាក់រដ្ឋាភិបាលលោក កាដាហ្វី។
រីឯនៅក្នុងប្រទេសស៊ីរីឯណេះ ការកាន់អំណាចដ៏យូរ ពីសំណាក់ឪពុក-កូន ត្រកូល អាល់-អាសាធ បានប្រព្រឹត្តិទៅបាន ដោយសារមានការគាំទ្រ ពីសំណាក់សហគមន៍សាសនាតូចៗជាច្រើន និងបណ្ដាជនស៊ីរីនៅតាមស្រុកស្រែចំការ នៃប្រទេស។ ការពង្រីកក្បាលម៉ាស៊ីនដឹកនាំរដ្ឋ និងរដ្ឋបាលសាធារណៈនានា ក៏បានជួយឲ្យរបបដឹកនាំ ឪពុក-កូនទាំងពីរ នៅឈរជើងបានយ៉ាងយូរដូច្នេះដែរ។ ប៉ុន្តែអំណាចដ៏មានឥទ្ធិពល របស់ឪពុក-កូន អាល់-អាសាធ ដែលកាន់អំណាច តាមរយៈប្រជាមតិ (មិនមែនការបោះឆ្នោត) នោះ ទទួលបានពីកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសស៊ីរីនោះទៅវិញទេ។ ជាពិសេស ដើម្បីបាននៅកាន់អំណាចបានរាប់សិបឆ្នាំដូច្នេះ គេត្រូវរាប់បញ្ចូលដូចគ្នា នឹងការចេះប្រើប្រាស់«នយោបាយជាតិនិយម» របស់ត្រកូល អាល់-អាសាធ នៅចំពោះជម្លោះរវាងប្រទេសស៊ីរី និងសហរដ្ឋអាមេរិក អ៊ីស្ត្រាអែល និងប្រទេសអៀរ៉ាក់ ដែលកាលនោះដឹកនាំដោយលោក សាដាម ហ៊ូសេន (Saddam Hussein)។
នៅពេលចូលមកកាន់តំណែង ជាលើកដំបូងរបស់លោក បាឆារ អាល់-អាសាធ ដោយប្រជាមតិក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ ពលរដ្ឋនិងក្រុមប្រឆាំងស៊ីរី បានសង្ឃឹមថា នឹងទទួលបាននូវសេរីភាពច្រើនជាងមុន នៅក្នុងប្រទេស និងបានបង្កើតឲ្យមាន ជាចលនាជជែកវែកញែកនយោបាយមួយឡើង។ ចលនានោះ មានឈ្មោះ «រដូវផ្ការីក នៅដាម៉ាស (Damas រដ្ឋធានីនៃប្រទេសស៊ីរី)» និងមានអាយុបានតែជាង ៦ខែប៉ុណ្ណោះ។ អាជ្ញាធរស៊ីរីបានបិតរាល់ការជជែកវែកញែកទាំងនោះ ហើយបានដាក់បណ្ដឹង និងបានចាប់ខ្លួន ប្រឆាំងនឹងអ្នកទទួលខុសត្រូវជាច្រើននាក់។
ប្រទេសស៊ីរីបានធ្លាក់ខ្លួនខ្លាំង រហូតលុងក្នុងសង្គ្រាមស៊ីវិល ព្រោះឥទ្ធិពលសាសនា និងភូមិសាស្ត្រនយោបាយក្នុងតំបន់ មានការប្រែប្រួល។ របបរបស់លោក បាឆារ អាល់-អាសាធ ខ្លួនលោក ក៏ទទួលស្គាល់ដែរ។ ការយកចិត្តយកថ្លើម សហគមន៍សាសានាតូចៗ ពីមុន ក្រោមរបបគ្រប់គ្រងនៃឪពុករបស់លោក អាសាធ បានបង្កគ្រោះឲ្យមានការប្រទាញប្រទង់ប្រទេសស៊ិរី មកទល់នឹងសព្វថ្ងៃ។ មួយផ្នែកធំ នៃប្រទេសស៊ីរី ក្នុងឆ្នាំ២០១៥ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដណ្ដើមកាន់កាប់បាន។
ចុះរបបគ្រប់គ្រង របស់លោក ហ៊ុន សែន វិញ?
អតីតមន្ត្រីច្បាប់ លោក ព្រហ្ម គិត បានពន្យល់ថា លោក ហ៊ុន សែន ខុសពីលោក កាដាហ្វី តែលោក ហ៊ុន សែន បានដឹកនាំប្រទេសស្រដៀងគ្នាបន្តិច ទៅនឹងឪពុកកូន អាល់-អាសាធ។ លោក ហ៊ុន សែន បានគ្រប់គ្រងប្រទេសដោយខ្លួនលោកផ្ទាល់ មិនមានចៅហ្វាយបរទេសណា បញ្ជាពីលើលោកទេ ហើយលោកមិនបានរងឥទ្ធិពលពីសាសនា និងនយោបាយភូមិសាស្ត្រ នៅក្នុងតំបន់ ដូចនៅប្រទេសទាំងពីរខាងលើនោះដែរ។
លោក ហ៊ុន សែន ខុសពីលោក កាដាហ្វី ច្រើនយ៉ាង។ លោក ហ៊ុន សែន មិនបានបង្កើតនយោបាយផ្ដល់អំណាច ទៅឲ្យតំបន់ណាមួយទេ បើទោះជាមានកំណែទម្រង់ ក្នុងការធ្វើវិមជ្ឈការអំណាច ទៅឲ្យភូមិឃុំខ្លះៗក៏ដោយ។ «ខ្មែរក្រហម» ចលនាប្រដាប់អាវុធក្រៅច្បាប់តែមួយគត់ នៅកម្ពុជា ត្រូវបានលោក ហ៊ុន សែន រំលាយរូបរាងជាស្ថាពរហើយ។ លោក ហ៊ុន សែន ធ្លាប់ជា«ជនកុម្មុយនីស» ឬជា«បក្ខជន» ទាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទាំងនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោមការលើកបន្តុប ដោយប្រទេសវៀតណាម)។ តែនៅពេលនេះ លោកមានតួនាទី ត្រឹមជានាយករដ្ឋមន្ត្រី និងមានគោរមងារ ជា«សម្ដេចអគ្គមហាសេនាធិបតីតេជោ» ប្រទានដោយព្រះមហាក្សត្រ ហើយមិនបានប្រកាសខ្លួន ជា«មគ្គុទេសនៃបដិវត្តន៍» ដូចលោក កាដាហ្វី នោះទេ។ លោក ហ៊ុន សែន ធ្លាប់ធ្វើបដិវត្តន៍ទម្លាក់អ្នកផ្សេង តែលោកមិនចង់ធ្វើបដិវត្តន៍ទៀតទេ និងថែមទាំងស្អប់ ពាក្យ«បដិវត្តន៍»នោះទៀតផង។ លោក ហ៊ុន សែន មិនបានគាំទ្រចលនាប្រដាប់អាវុធណាមួយ និងរិតតែមិនដែលទៅលូកដៃលូកជើង ចូលកិច្ចការផ្ទៃក្នុង នៃប្រទេសណាមួយ នៅក្នុងតំបន់ដែរ។
ចំពោះបញ្ហាសាសនាវិញ ប្រជាជនកម្ពុជាជាង៩៥ភាគរយ ជាអ្នកកាន់សាសនាព្រះពុទ្ធ ដែលជាសាសនាស្ងប់ស្ងៀម នឹងនរនៅក្នុងចិត្ត។ ប៉ុន្តែប្រទេសកម្ពុជា មិនមានសហគមន៍សាសនាផ្សេងទៀត ដែលអាចបង្កឲ្យមានជម្លោះសាសនាគួរឲ្យបារម្ភ និងគួរឲ្យលោកក ហ៊ុន សែន ចាំបាច់ត្រូវប្ដូរនយោបាយ ឬមកយកចិត្តយកថ្លើម ដូចនៅក្នុងប្រទេសស៊ីរី ក្រោមការគ្រប់គ្រងរបស់ឪពុក-កូន អាល់-អាសាធ ឡើយ។ ហើយលោក ហ៊ុន សែន ក៏រិតតែមិនត្រូវបារម្ភ ពីឥទ្ធិពលសាសនា ដែលមកពីក្រៅប្រទេស ឬមកពីតំបន់ជុំវិញនោះដែរ ព្រោះប្រជាជនកម្ពុជា នឹងមិនងាយប្ដូរទម្លាប់ ដើម្បីជឿ ឬអនុវត្តតាមជំនឿសាសនាណាផ្សេង ដែលផ្ទុយពីអ្វីដែលខ្លួនធ្លាប់មាននោះទេ។
តែផ្ទុយទៅវិញ ប្រទេសកម្ពុជាក្រោមរបបគ្របគ្រងរបស់លោក ហ៊ុន សែន មានក្បាលម៉ាស៊ីនដឹកនាំធំ និងរចនាសម្ព័ន្ធសាធារណៈដ៏សម្បើម (គណៈរដ្ឋមន្ត្រី ក្រសួង មន្ទីរ រាជធានីខេត្តក្រុង ខណ្ឌ សង្កាត់ ឃុំភូមិ ក្រុម...) ដើម្បីទាក់ទាញការគាំទ្រ ពីមន្ត្រីបម្រើការដែលមានចំនួនដ៏ច្រើនទាំងនោះ ប្រហាក់ប្រហែលនឹងនយោបាយពង្រឹកអំណាច របស់ត្រកូល អាល់-អាសាធ ក្នុងប្រទេសស៊ីរី។ លោក ហ៊ុន សែន ធ្លាប់បានប្រើនយោបាយ «ជាតិនិយម» មកទាក់ទាញពលរដ្ឋកម្ពុជា ឲ្យបាក់ចិត្តមកលើលោកយ៉ាងសម្បើម នៅក្នុងសំនុំរឿង«ប្រាសាទព្រះវិហារ»។ នៅពេលនោះ បើសូម្បីគណបក្សប្រឆាំង ក៏បានប្រកាសគាំទ្រលោក ហ៊ុន សែន ដែរ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរជាចាប់បង្ខំឲ្យគេឯងស្ងាត់មាត់ នៅចំពោះនយោបាយ«ព្រំដែន» របស់លោកទៅវិញ។
បើអញ្ចឹង ថាតើប្រទេសកម្ពុជា អាចធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ដូចប្រទេសលីប៊ី និងប្រទេសស៊ីរី យ៉ាងដូចម្ដេច?
លោក ព្រហ្ម គិត បានបញ្ជាក់ថា កម្ពុជានឹងមិនធ្លាក់ចូលទៅក្នុងសង្គ្រាម ដូចប្រទេសទាំងពីរខាងលើឡើយ បើយោងទៅលើភាពខុសគ្នា នៃរបបដឹកនាំដែលបានពន្យល់រួច និងការរងឥទ្ធិពលខុសគ្នា ពីសាសនា និងភូមិសាស្ត្រនយោបាយតំបន់ នៅក្នុងពេលនេះ។ ប្រជាជនកម្ពុជា ដែលឆ្អែតឆ្អន់នឹងសង្គ្រាមរាប់សិបឆ្នាំកន្លងមក នឹងមិនមានចិត្ត ឬមានកម្លាំងត្រឡប់ទៅធ្វើសង្គ្រាមវិញនោះទេ។
យ៉ាងណា អតីតមន្ត្រីរូបនេះ បានបន្ថែមថា កម្ពុជាអាចនឹងមានសង្គ្រាម «មួយចំអិនកំពិស» នៅក្នុងលក្ខខណ្ឌតែមួយប៉ុណ្ណោះ ហើយគេមិនត្រូវមើលស្រាលលើករណីនេះទេ ព្រោះលោក ហ៊ុន សែន ធ្លាប់ធ្វើបានសម្រេចហើយ កាលពីក្នុងរដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧។ នោះ គឺកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលសុទ្ធតែត្រូវលោក ហ៊ុន សែន ដាក់ឲ្យនៅក្រោមការគ្រប់គ្រង របស់កូនក្មួយញាតិមិត្តរបស់លោក និងកងកម្លាំងពិសេសដែលលោក ហ៊ុន សែន បង្កើតឡើងខ្លួនលោកនោះ ត្រូវបានលោក ហ៊ុន សែន បញ្ជាឲ្យតាមលោកតែម្នាក់ប៉ុណ្ណោះ។ ការបង្កើត និងការដាក់កងកម្លាំង ទាហាន នគរបាល ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់កូនក្មួយញាតិមិត្តរបស់លោក ហ៊ុន សែន នេះ មានលក្ខណៈដូចគ្នាបេះបិទ ទៅនឹងរបបគ្រប់គ្រងរបស់លោក មូអាម៉ា កាដាហ្វី និងលោក បាឆារ អាល់-អាសាធ៕