នៅពេល សម រង្ស៊ី និយាយពីតម្លៃខ្លួនលោក...
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិនា ២០១៧
- កែប្រែចុងក្រោយ: March 07, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសម្ដែងការជឿជាក់ថា ការលាលែងរបស់លោក សម រង្ស៊ី ចេញពីតំណែង ជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ គ្រាន់តែជាឆាកល្ខោនមួយប៉ុណ្ណោះ។ ការយល់ឃើញរបៀបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច ធ្វើប្រតិកម្មភ្លាមៗ តាំងពីលោក សម រង្ស៊ី បានចេញលិខិតលាលែង នៅថ្ងៃទី១១ ខែកុម្ភៈកន្លងទៅម្លេះ។
តែប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា ខ្លួនជាគណបក្សឈ្នះឆ្នោតនោះ នៅបន្តធ្វើរហូតមកដល់សព្វថ្ងៃ ហើយត្រូវបានធ្វើ ដោយផ្ទាល់ថែមទៀត ពីសំណាក់នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស លោក ហ៊ុន សែន នោះតែម្ដង។ ប្រធានគណបក្សកាន់អំណាច បានប្រើតួនាទីរដ្ឋ ក្នុងការដើរសម្ពោធស្ពានថ្នល់ ឬការដើរចែកសញ្ញាប័ត្រ ដើម្បីធ្វើយុទ្ធនាការវាយប្រហារ ជាបន្តបន្ទាប់ ទៅលើអតីតមេដឹកនាំប្រឆាំង ដែលសព្វថ្ងៃកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង។
លោក ហ៊ុន សែន បានគម្រាមខ្លាំងៗ កាលពីម្សិលម៉ិញ ទាក់ទងនឹងរឿងរ៉ាវអាស្រូវ ចោទប្រកាន់សាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងអតីតមេទ័ពយួន រហូតបង្កើតបានលោក ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំវៀតណាម ឡេ ឌឹកថូ ចោទថា កូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំវៀតណាម ឡេ ឌឹកថូ អ្នក[នោះ នឹង]មិនរួចខ្លួនទេ មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង បើអ្នកឯង មិនធ្វើសកម្មភាពណាមួយ ឲ្យខ្ញុំពេញចិត្តនោះទេ»។
បន្ថែមពីលើនេះ បុរសខ្លាំងកម្ពុជា ដែលស្ថិតក្នុងតំណែង ជានាយករដ្ឋមន្ត្រី មិនរង្គើខ្លួន តាំងពីជាង៣ទសវត្សន៍មកនោះ បានរំលឹកពីរឿងមុនៗជាច្រើន មកថ្លែងឡើងវិញ ក្នុងនោះរួមទាំងរឿងរ៉ាវឪពុក របស់លោក សម រង្ស៊ី គឺលោក សម សារី ដែលលោក ហ៊ុន សែន ហៅថា ជា«ជនក្បត់ជាតិ»នោះផង។
នៅចំពោះសំនួរ របស់អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលសុំឲ្យអតីតប្រធានគណបក្សប្រឆាំង ប្រតិកម្មទៅនឹងការវាយប្រហារខាងលើនេះ លោក សម រង្ស៊ី ខ្លួនលោកបានសម្ដែងមោទនភាព ពីទីកន្លែងដែលលោកកំពុងរស់នៅថា នោះគឺដោយសារលោក ទទួលបាន«ឥទ្ធិពល» និង«តម្លៃ» ពីសំណាក់ប្រជារាស្ត្រកម្ពុជា ទៅលើអ្វីមួយ ដែលលោក សម រង្ស៊ី ហៅថា ជា«ភាពស្មោះត្រង់»ជាមួយជាតិ និងប្រជាជន ខណៈមេដឹកនាំនយោបាយ«ខ្លះទៀត» មិនមាន«ភាពស្មោះត្រង់»នេះ ដូចរូបលោកទេ។ មេដឹកនាំប្រឆាំងបានពន្យល់ថា៖ «តម្លៃនេះ មិនមែនស្ថិតនៅលើតំណែងទេ។ តម្លៃគឺស្ថិតនៅក្នុងចិត្តរបស់យើង ក្នុងឧត្ដមគតិរបស់យើង ភាពស្មោះត្រង់របស់យើង។»។
មានអ្នកខ្លះ...
អតីតប្រធានគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បានបន្តការពោលពាក្យបញ្ឆិតបញ្ឆៀង ទៅកាន់«អ្នកខ្លះ» ដែលលោកអះអាងថា មិនទាន់យល់ ពីអ្វីទៅ ដែលហៅថា ភាពស្មោះត្រង់នោះផងទេ។ លោក សម រង្ស៊ី បានពន្យល់ថា «អ្នកខ្លះ»នោះ ធ្លាប់តែឃើញពីអតីតកាល នូវអ្នកនយោបាយ អ្នកដឹកនាំប្រទេស ស្មោះត្រង់តែជាមួយ លាភសង្ការៈ មុខតំណែង ឬអំណាចប៉ុណ្ណោះ។ ជាពិសេស គឺអ្នកខ្លះណានោះ ស្មោះត្រង់តែជាមួយបរទេស ដែលគេលើកបន្តុបខ្លួន ដែលគេការពារខ្លួន ហើយបន្តក្រាញអំណាច។
លោក សម រង្ស៊ី បានបន្តថា៖ «តែចំពោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ទាំង កឹម សុខា ទាំង សម រង្ស៊ី ជាលើកដំបូងហើយ ដែលបង្ហាញភាពស្មោះត្រង់ចំពោះប្រជារាស្ត្រ (...) យើងស្មោះត្រង់ជាមួយជាតិ។ នេះជាលើកទីមួយហើយ ដែលធ្វើឲ្យលោក ហ៊ុន សែន វង្វេង។ គាត់មិនដែលឃើញកូនខ្មែរសឿង កូនខ្មែរថ្លៃថ្នូរ កូនខ្មែរស្មោះត្រង់ ស្មោះត្រង់ជាមួយរាស្ត្រ ជាមួយប្រទេសជាតិ។ ដូច្នេះ គាត់វិលក្បុងហើយ មិនដឹងធ្វើម៉េច ចេះតែចាក់រុក ចេះតែមូលបង្កាច់ ចេះតែលើកពីរឿងកំប៉ិចកំប៉ុក។»៕