ចាក​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​ត្រូវ ហ៊ុន សែន ហៅ​ថា​ជា​«មេចោរ»

ប្រធានគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ដល់​ទៅ​រយៈពេល​១០ថ្ងៃ បន្ទាប់​ពី​បាន​ត្រឡប់​​មក​ប្រទេស​កម្ពុជា ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ ការចាកចេញរបស់លោក សម រង្ស៊ី នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង ក្នុងខណៈពេល ដែលកំដៅនយោបាយ នៅតែមិនទាន់​ថមថយ​សោះ​ឡើយ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានចាកចេញ​ពី​ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល១០ថ្ងៃ។ គេមិនដឹងឲ្យច្បាស់ថា តើប្រធាន​គណបក្ស​ប្រឆាំងរូបនេះ ចាកចេញទៅកាន់ទីនោះ មានមូលហេតុអ្វីទេ ប៉ុន្តែវាជាការចាកចេញមួយ ដែលធ្វើ​ឡើង​​ខណៈ​ក្រុម​មន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងការជាប់ឃុំ ក្នុងពន្ធនាគារ ហើយ​ការ​បោះ​ដៃ​របស់​លោក ទៅ​រក​រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរឿងទាំងនេះ ទំនងជាបានជួបបរាជ័យ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្ក្រោះជាតិ បាននិយាយថា លោក សម រង្ស៊ី បានចាកចេញទៅនេះ ដើម្បីជួបជាមួយនឹងសកម្មជន នៅប្រទេសអូស្ត្រាលី និងជួបជាមួយអនុប្រធានរបស់លោក គឺលោក កឹម សុខា ដែលកំពុងស្ថិតទីនោះស្រាប់។ លោក កឹម សុខា ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តែប៉ុន្មានម៉ោង ក្រោយការត្រឡប់ មកប្រទេសវិញ របស់លោក សម រង្ស៊ី នៅក្នុងថ្ងៃដដែល​នោះ។

ប៉ុល ហំម ឡើងធ្វើប្រធានស្ដីទីគណបក្ស

លោក អេង ឆៃអៀង មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានសរសេរនៅលើបណ្ដាញសង្គមថា៖ «លោកតា ប៉ុល ហំម ជូនដំណើរលោកប្រធាន សម រង្សុី ទៅទស្សនកិច្ច នៅប្រទេសអូស្ត្រាលី រយៈពេលដប់ថ្ងៃ ហើយ​គាត់​ក្លាយជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ»។

ប៉ុន្តែការចាកចេញរបស់មេដឹកនាំទាំងពីររូប ទៅជួបជុំគ្នានៅលើកោះអូស្ត្រាលីនេះ បានបង្កចម្ងល់យ៉ាងច្រើន ដល់ក្រុមអ្នកគាំទ្រ និងអ្នកតាមដាននយោបាយ ដោយពួកគេសុទ្ធតែលើកជាចម្ងល់ឡើងថា តើនេះជា​យុទ្ធសាស្ត្រ​អ្វី ខណៈក្រុមមន្ត្រី និងសកម្មជនគណបក្ស កំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារនោះ? ជាពិសេស ជាការចាកចេញទៅក្រៅប្រទេសមួយ ដែលបានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានប្រតិកម្មតបទៅនឹង ការថ្លែងរបស់លោក សម រង្ស៊ី ដោយចាត់ទុកមេដឹកនាំ គណបក្សប្រឆាំងរូបនេះ ថាជា«មេចោរ»។

កាលពីថ្ងៃទី១៧ ខែសីហា លោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយ នៅចំពោះអ្នកសារព័ត៌មានថា លោកសង្ឃឹម​នឹងរកច្រកចេញ ពីភាពតានតឹងផ្នែកនយោបាយ ក្នុងពេលសព្វថ្ងៃ ដោយសារការ«ឈប់ចាក់ក្រឡេក» រវាង​គណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក ហ៊ុន សែន វាយតម្លៃថា ជាការសារភាពរបស់«មេចោរ»ម្នាក់ ដែលបានបង្កអស្ថិរភាព ចាក់ក្រោយខ្នងរដ្ឋាភិបាល។ លោក ហ៊ុន សែន បានផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានក្នុងស្រុកមួយថា «លោក សម រង្ស៊ី ខ្លួនឯងផ្ទាល់ ត្រូវកែគ្រប់ចំណុច ដែលខ្លួនបានធ្វើអំពើទុច្ចរិត (...) ទើបវប្បធម៌សន្ទនា អាចដើរទៅមុខបាន»។

សម្រាប់អ្នកឃ្លាំមើល ស្ថានការណ៍នយោបាយវិញ យល់ឃើញថា ក្នុងករណីទាំងអស់នេះ វាហាក់ដូចជាថ្មីៗ​ពេក ហើយគេគួរទុកឲ្យរឿង វាកន្លងទៅបន្ដិច។ លោក ព្រហ្ម គិត អតីតមន្ត្រីចាស់វស្សា នៅក្នុងប្រទេសកម្ពុជា ដែល​សព្វ​ថ្ងៃចូលនិវត្តន៍ នៅប្រទេសបារាំង បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោក ហ៊ុន សែន មិន​ចូល​ចិត្ត​លោក កឹម សុខា ទេ រីឯលោក សម រង្ស៊ី ក៏ទើបនឹងត្រូវលោក ហ៊ុន សែន ហៅថាជា«មេចោរ»ដែរ។ អញ្ចឹង អា​វប្បធម៌​សន្ទនា រវាងមេដឹកនាំធំៗទាំងពីរ លែងមានសារសំខាន់ អ្វីទៀតហើយ។ លោក ព្រហ្ម គិត បាន​ថ្លែង​ឡើង​ថា ដូច្នេះទុកឲ្យលោក ប៉ុល ហំម ម្ដងមើល ក្រែងលោជជែកទៅ មានសង្ឃឹមជាង។ ហើយ​ការ​ចាក​​ចេញ​ទៅ​ដ៏​យួរ​នេះ អាច​ជា​យុទ្ធសាស្ត្រ​រងចាំមើល តើលោក ហ៊ុន សែន ត្រូវការឲ្យគណបក្សសង្គ្រោះជាតិ ធ្វើ​អ្វី​ដែរ។

អតីតមន្ត្រីកម្ពុជា លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «មកដល់ដំណាក់កាលនេះ លោក សម រង្ស៊ី និងលោក កឹម សុខា មានតែរឿងមួយទេ គឺចាំមើលលោក ហ៊ុន សែន សិន ហើយអ្នកទាំងពីរត្រូវជួបគ្នា ដើម្បីសម្លឹងរក​ដំណោះស្រាយ ទៅមុខ។ ចង់ដើរឆ្ងាយ ត្រូវចេះសម្រាក។ សំដីនេះ ខ្ញុំនិយាយតាមលោក ហ៊ុន សែន ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...