សម រង្ស៊ី៖ សកម្មជនសង្គ្រោះជាតិនឹងរួចខ្លួន បើរដ្ឋាភិបាលមាន«ស្មារតីបង្រួបបង្រួមជាតិ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៧ សីហា២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្ដែងសុទិដ្ឋិនិយមថា ស្ថានភាពតានតឹង ផ្នែកនយោបាយលើក«ទីបី»នេះ អាចនឹងមានច្រកសម្រាប់ទម្លាយ បន្ទាប់ពីស្ថានការតានតឹង នៃនយោបាយ ក្នុងឆ្នាំ២០១៤ ទាំង«ពីរ» ត្រូវបានទម្លាយដោយស្របច្បាប់ និងដោយជោគជ័យ ក្រោមកិច្ចអន្តរាគមន៍ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួប និងសួរសុខទុកសកម្មជន ទាំង១១រូប នៅមុខមន្ទីរអប់រំកែប្រែទី១ ព្រៃស ដោយលោក បានអះអាងទៀតថា លោកនឹងព្យាយាមចរចា ជាមួយលោក ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ទៅតាមស្ថានភាព និងស្ថានការជាក់ស្តែង។។
លោកបន្តថា ទាំងរូបលោកផ្ទាល់ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគោលដៅ និងគំនិតតែមួយដូចគ្នា ក្នុងការបង្រួបបង្រួមជាតិ និងប្រមូលអ្នកមានចំណេះដឹង ដើម្បីការពារបូរណភាពទឹកដី តែមួយដូចគ្នា។
ប៉ុន្តែលោក សម រង្ស៊ី ហាក់បានទម្លាក់ការទទួលខុសត្រូវ ទៅកាន់មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជាទៅវិញ។ លោក បានថ្លែងឡើងថា៖ «បើមានស្មារតីបង្រួបបង្រួមជាតិ យើងច្បាស់ជាចេះអនុគ្រោះ ឲ្យគ្នាទៅវិញទៅមក។ (...) យើងរួមគ្នា ដើម្បីការពារផលប្រយោជន៍ ប្រទេសជាតិ ពិសេសបូរណៈភាពទឹកដី នៃប្រទេសកម្ពុជា របស់យើងទាំងងស់គ្នា។ មិនអាចគណបក្សណាតែមួយ ធ្វើអ្វីបានសម្រេចទេ។ មានគណបក្សពីរធំជាងគេ នៅប្រទេសកម្ពុជា ហើយគណបក្សនីមួយៗ តំណាងឲ្យ (ប្រជាពលរដ្ឋ) ពាក់កណ្តាលនគរ។ មិនអាចគ្រាន់តែតំណាង ពាក់កណ្តាលនគរ អាចធ្វើអ្វីបានតាមចិត្តនោះទេ។ ទាល់តែតំណាងពាក់កណ្តាលពីរដង តំណាងប្រទេសជាតិ របស់យើងទាំងអស់គ្នា រួមគ្នាបាន យើងអាចធ្វើការអ្វីមានប្រសិទ្ធិភាព។»
លោកថា ធ្វើជាមនុស្ស តែងតែមានកំហុសឆ្គង មិនដែលមានមនុស្សណា ដែលគ្មានកំហុសសឆ្គងនោះឡើយ។ សំខាន់មនុស្សធ្វើខុស ចេះទទួលកំហុស និងការអត់អោនឲ្យគ្នា ទៅវិញទៅមក ធ្វើការរួមគ្នា រួមកម្លាំងគ្នា ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ តែមួយដូចគ្នា ប្រកបដោយភាពជោគជ័យ។ ការដោះស្រាយបញ្ហានេះ អាចនឹងធ្វើការដោះស្រាយបាន ដោយរលូន តាមរូបមន្តថ្មី និងស្របតាមនីតិវិធីច្បាប់ទៀត។
លោកបានរំលឹកថា ភាពតានតឹងនយោបាយ កាលពីលើកទី១ គឺការប៉ះទង្គិចគ្នានៅស្ពានកាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលនាំឲ្យមានការចាប់ខ្លួនតំណាងរាស្រ្តចំនួន៧នាក់។ និងលើកទីពីរកាលពីខែវិច្ចិកា ឆ្នាំ២០១៤ដដែល ក៏មានការចាប់ឃុំឃាំងសកម្មជន ក៏ដូចជាមន្រ្តីគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងប្រាំខែ ហើយត្រូវបានដោះលែង ឲ្យមានសេរីភាព មុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៥។
«អញ្ចឹងពីរដងហើយ បានរកដំណោះស្រាយ។ ឥឡូវគឺលើកទីបី ទើបតែចាប់ផ្តើមមួយខែចុងក្រោយ ហើយ (លោក) ហុង សុខហួរ ទើបតែចាប់ផ្តើមប៉ុន្មានថ្ងៃមុននេះ។ អញ្ចឹងលើកទីបី នៅខែសីហា ឆ្នាំ២០១៥នេះ ខ្ញុំជឿជាក់ថា នឹងមានដំណោះស្រាយដូចគ្នាអញ្ចឹង។ ពីព្រោះបញ្ហាហ្នឹង វាបញ្ហាប្រហាក់ប្រហែលគ្នា ដំណោះស្រាយ គឺច្បាស់ជាមានដំណោះស្រាយ ប្រហាក់ប្រហែលនឹងគ្នាអញ្ចឹងដែរ។ ខ្ញុំមានសុទិដ្ឋិនិយម ខ្ញុំមានសេចក្តីសង្ឃឹម ខ្ញុំមានជំនឿថា បើយើងប្រកាន់សារតីហ្នឹង រក្សាស្មារតីហ្នឹង ដូចលើកទី១ ដូចលើកទី២ យើងនឹងរកដំណោះស្រាយបាន ចំពោះលើកទី៣ នេះ។»
លោក សម រង្ស៊ី បានថ្លែងទៀតថា៖ «បើយើងដឹងថា គេរសើប យើងកុំចាក់ក្រឡេចគេទៅ! យើងរកមធ្យោបាយនិយាយគ្នាទៅ ដឹងថាគេរសើប គឺយើងត្រូវចេះប្រុងប្រយ័ត្នថ្នាក់ថ្នមគេ»។ (...) សំខាន់ គឺលទ្ធផល ហើយលទ្ធផល គឺសម្រាប់ជាតិ មិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជា មិនមែនសម្រាប់គណបក្សសង្គ្រោះជាតិនោះទេ។»
លោក សម រង្ស៊ី សារភាព... បើតាមមន្ត្រីរដ្ឋាភិបាល
ប៉ុន្តែការលើកឡើង របស់លោក សម រង្ស៊ី មិនទំនងជាទទួលបានការស្វាគមន៍ ពីរដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីបានសរសេរ ទៅបណ្ដាញសង្គមថា៖ «ការឈប់ចាក់ក្រឡេក រាជរដ្ឋាភិបាល ឬ CPP ដែលជាពាក្យរបស់ ឯ.ឧ សម សង្ស៊ី ផ្តល់ដល់អ្នកសារព័ត៌មាន គឺជាការសារភាព របស់ថ្នាក់ដឹកនាំរូបនេះ ក្នុងយុទ្ធនាការនិយាយល្អផង និងសកម្មភាពផ្ទុយ គឺញុះញ៉ង់ បំផុសបំផុល ប្រឌិត និងវាយប្រហារ បង្កើតឲ្យមានកំហឹង ឬចលនាប្រឆាំងនិងស្ថាប័ន ឬនីតិរដ្ឋ។ នីតិរដ្ឋដាច់ខាត មិនអនុញ្ញាតឲ្យយករឿងប្រទេសជាតិ មកជាការចំអកឡកឡើយនោះទេ។»
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបន្តទៀតថា៖ «តើមានជនប៉ុន្មាននាក់ ដែលរងគ្រោះ ពីនយោបាយដ៏ស្មោគគ្រោកនេះ ទាំងនៅក្នុងគុក ទាំងរត់ចោលស្រុក? រាជរដ្ឋាភិបាល និង CPP មិនគ្រាន់តែជាមូលដ្ឋាន នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋ និងប្រជាជាតិតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសណ្តាប់ធ្នាប់នយោបាយ សន្តិភាព និងការអភិឌ្ឍន៍ ស្ថិតនៅក្នុងចីរភាព គឺជាកាតព្វកិច្ចរបស់យើង។»៕