មន្ត្រីស័ក្តិ៣ បើកបុករបងភូមិគ្រឹះ ធ្លាយដល់រថយន្ត ២គ្រឿងទៀត
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង៤ និង៣០ នាទី ព្រឹកព្រហាម ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយមន្រ្តីយោធាពាក់ស័ក្ត ៣ មួយរូប ដែលបានបើករថយន្ត ម៉ាក Luxus RX 350 ពណ៍ខ្មៅ ស្លាកលេខ 2AD 8482 របស់ខ្លួន ទៅបុកភូមិគ្រឹះមួយ បណ្តាលឲ្យខូចខាតរបង និងរថយន្តចំនួន ២ គ្រឿង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តរងការខូចខាតទី១ ម៉ាក Luxus LS 450L ស្លាកលេខភ្នំពេញ 2AQ-7778 បែកកញ្ចក់ខាងឆ្វេង និងរបកថ្នាំផ្នែកខាងក្រោយ។ ចំណែករថយន្តមួយទៀត មិនស្គាល់ម៉ាក ស្លាកលេខ រដ្ឋ 09 2.0050 ខូចខាតផ្នែកខាងមុខ។
ប្រភពនៅនឹងកន្លែង បានឲ្យដឹងថា រថយន្ដបង្កដែលបើកបរ ដោយមន្ត្រីយោធាស្រវឹងម្នាក់នេះ បានធ្វើដំណើរពីស្ពានអាកាសក្បាលថ្នល់ លុះដល់រង្វង់មូលវិមានឯករាជ្យ ទើបបានរេចង្កួត ទៅបុករបងដែក នៃភូមិគ្រឹះនោះតែម្ដង។ ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទេ ហើយព្យាយាមបើកគេច តាមបណ្តោយផ្លូវ ២៨២ បានចំងាយជាង ១ គីឡូម៉ែត ទើបកម្លាំងនគរបាល ជិះដេញចាប់បាន ទាំងអ្នកបើកបរ និងរថយន្តបញ្ជូន ទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីចរចារឿងសំណង ជាមួយម្ចាស់រថយន្តខូចខាត។
តាមសំដីកូនស្រីម្ចាស់ភូមិគ្រឹះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បើរថយន្តបង្កនេះមិនបើករត់គេចទេ ភាគីនាងគ្រាន់តែឲ្យជុសជួល រថយន្តខូចខាតតែប៉ុណ្ណោះ ។ ប៉ុន្តែករណីបើកគេចនេះ នាងនឹងមិនឲ្យ ជួសជុលរថយន្តសងទេ គឺឲ្យទិញរថយន្តថ្មីសងតែម្តង ព្រោះរថយន្តស៊េរីថ្មីនេះ មិនមានលក់នៅកម្ពុជាទេ តែជាការបញ្ជាទិញមកពីក្រៅ។
លោក សុខ សំអ៊ុត នាយប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លែងរបស់លោក មិនបានដោះស្រាយករណីនេះទេ តែបានបញ្ជូន ទៅផ្នែកចរាចរណ៍រាជធានី ដើម្បីដោះស្រាយវិញ៕